កីឡាករ វង្ស វិឆ័យ រំពឹងមានទីផ្សារ ក្រោយដណ្ដើមបានមេដាយមាស និងខ្សែក្រវាត់អន្តរជាតិ

កីឡាករ វង្ស វិឆ័យ ដណ្ដើមបានមេដាយមាស និងខ្សែក្រវាត់អន្តរជាតិ ព្រមទាំង ទទួលបានតំណែងជាម្ចាស់ពានជើងឯក

កីឡាករ វង្ស វិឆ័យ សង្ឃឹមមានទីផ្សារល្អ និងមានតម្លៃខ្លួនខ្ពស់ក្នុងការប្រកួត ក្រោយរូបគេក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់អន្តរជាតិ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។

ក្រោយមានឈ្មោះជាម្ចាស់ជើងឯកនៅក្នុងការប្រកួតជើងឯកនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៩  កីឡាករ វង្ស វិឆ័យ ដណ្ដើមបានមេដាយមាស និងខ្សែក្រវាត់អន្តរជាតិ អមដោយទឹកប្រាក់៥ពាន់ដុល្លារ។ លោករំពឹងយ៉ាងខ្លាំងថា នឹងមានទីផ្សារឈានឡើង ខណៈដែលលោកបានសារភាពថា ខ្លួនមិនមានជីវភាពធូរធារនោះទេ គឺត្រូវការទីផ្សារឡើងរេញឲ្យបានច្រើននោះ។

កីឡាករ វង្ស វិឆ័យ បាននិយាយថា  ក្រោយទទួលបានតំណែងជាម្ចាស់ពានជើងឯក លោកមានក្ដីស្រម៉ៃខ្ពស់ច្រើន ថាខ្លួននឹងមានទីផ្សារ ហើយមិនស្ងាត់ដូចពេលកន្លងមក ខណៈដែលលោកក៏ត្រូវមានតម្លៃខ្លួនមួយខ្ពស់ដើម្បីជីវភាព។ លោកថា ក្នុងពេលកំពុងប្រកួត លោកត្រឹមតែលួចស្រម៉ៃតែមិនហ៊ានសង្ឃឹមនោះទេ ដោយសារតែក្នុងពេលនោះ កីឡាករដែលមានឈ្មោះចូលប្រកួតខាងកម្ពុជា៨នាក់ និងបរទេស៨នាក់ ដែលកម្មវិធីតម្រូវអោយចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ គឺសុទ្ធតែល្អ។ 

កីឡាករ វង្ស វិឆ័យ និយាយថា៖ «បានក្លាយជាម្ចាស់ជើងឯកចឹង ខ្ញុំសុំតែបានឡើងប្រកួតឲ្យបានញឹក និង ឲ្យបានតម្លៃខ្លួនខ្ពស់ទេ ដោយសារខ្ញុំរាល់ថ្ងៃ នៅដេកហ្វឹកហាត់នៅក្លិប៩១១។ ខ្ញុំអត់មានលុយកាក់អីទេ គឺថ្ងៃខ្លះអត់មានលុយក៏មានដែរ ព្រោះអត់មានការងារផ្សេង»

លោកថាថវិកា ដែលខ្លួនទទួលបានពីការឈ្នះជើងឯក លោកមិនមានគម្រោងយកទៅបើកអាជីពនោះទេ ដោយលោកនឹងយកទៅជួយក្នុងគ្រួសាររបស់លោក។

លោក​បានបន្តថា ការប្រកួតកន្លងមក មួយលើកៗបើទូទាត់លាត់សើយ និងបូករួមជូនអ្នកអោយទឹករួចរាល់ គឺសល់តែរង្វង់ប៉ុន្មានម៉ឺនប៉ុណ្ណោះ ដែលតម្លៃទទួលបាននេះ មិនស្មើនឹងការលះបង់ការងារខាងក្រៅ ហើយសម្ងំតែការហ្វឹកហាត់ដើម្បីត្រៀមខ្លួនមួយលើកៗនោះផង។ ប៉ុន្តែលោកសប្បាយចិត្តក្នុងការតស៊ូ។

លោកថាជីវិតជាកីឡាករ បានត្រឹមល្អមើលពេលនៅលើរេញប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយការប្រកួត គឺរូបលោកគ្រាន់តែជាកម្មករស៊ីឈ្នួលរកប្រាក់ ដូចជាការលីសែងដើម្បីដូរប្រាក់បន្ថែមៗប៉ុណ្ណោះ។ លោកថាខ្លួនស្រឡាញ់ការប្រដាល់ គឺដោយសារតែចង់ល្បីឈ្មោះ និងសំខាន់គឺបានរកប្រាក់ ដែលលោកយល់ថាទោះជាត្រូវគេវាយបែកមុខបែកមាត់ក៏ល្អជាងទៅធ្វើការនៅថៃ និងស៊ីឈ្នួលគេ។

កីឡាករ វង្ស វិឆ័យ បានបន្ថែមថា៖​«ប្រដាល់មិនស្រួលទេ ប៉ុន្តែបើឲ្យទៅលីសែងស៊ីឈ្នួលគេ ក៏រឹតតែទៅមិនរួចដោយសារខ្ញុំធ្លាប់ពិបាកអស់ហើយ កន្លងមក»។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករ វង្ស វិឆ័យ នឹងត្រូវរៀបចំអោយឡើងប្រកួតជាលក្ខណៈអន្តរជាតិមិត្តភាពក្នុងស្រុកជាមួយកីឡាករបរទេសញឹកញាប់ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបញ្ជាក់ថា វង្ស វិឆ័យ គឺជាម្ចាស់ជើងឯក បើគង់តែរៀបចំដាក់អោយប្រដាល់ ក៏ត្រូវតែដាក់ឲ្យសមរម្យបន្តិចដែរ។

លោកញាណ សុធី និយាយថា៖ «ជាគោលការណ៍យើងអត់បិទសិទ្ធិគាត់ឡើងប្រកួតប៉ុស្តិ៍ផ្សេងទេ ហើយយើងក៏នឹងដាក់ឲ្យប្រកួតញឹកដែរ ចឹងចង់មិនចង់គាត់ត្រូវតែមានទីផ្សារ»

យ៉ាងណាមិញលោកទាមទារឲ្យម្ចាស់ជើងឯករូបនេះ ត្រូវពង្រឹងសមត្ថភាពឲ្យបានខ្លាំងយូរអង្វែងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ