លោក ផៃ ស៊ីផាន ឈប់​​ឱ្យ​អ្នក​កាសែត​​សួរ​រឿង​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ឈប់​ឱ្យ​អ្នក​ការសែត​សួរ​រឿង​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​អឺរ៉ុប​ដោយ​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ការ​នេះ​រួច​រាល់​ហើយ​ ខណៈ​បើនៅ​តែ​​ចង់​ដឹង​លោក​ជំរុញ​ឱ្យ​អ្នក​កាសែត​ជិះ​យន្ត​ហោះ​ទៅ​សួរ​អឺរ៉ុប​ខ្លួន​ឯង​។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ទៅនឹងសំណួរ​របស់​អ្នក​ការសែតដែល​បាន​សួរ​ពាក់ព័ន្ធ​​នឹង​​វិធាន​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដែលអឺរ៉ុប​​កំពុង​ដំណើរ​ការដែល​អាច​ឈាន​ដល់​ការ​ដក​ហូត​ពី​កម្ពុជា​ ដោយ​​​ជំរុញ​ឱ្យ​អ្នក​ការសែត​ជិះ​យន្ត​ហោះ​ទៅ​សួរ​អឺរ៉ុ​ប​ដោយ​ខ្លួន​ពី​វិធាន​ការ​នេះ។

លោក​ថា៖ «ជំហរ​របស់​រាជរដ្ឋាភិបាល​នៅ​ដដែល ហើយ​បើ​ចង់​ដឹង​ច្បាស់​ជិះ​កប៉ាល់​ហោះ​ទៅ​សួរ​គេ​! រាជ​រដ្ឋាភិបាល​កំពុង​និយាយ​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​ ហើយ​បើ​ចង់​យក​យើង​ជា ​Slave (ទាសករ) ជា​បាវ​បម្រើ​របស់​គោល​ការណ៍​ EBA យើង​អត់ធ្វើ​។ ហើយ​ឈប់​សួរ​រឿង​ EBA យើង​កំពុង​ចរចា ការ​សម្រេច​លើ​គេ​ទេ។ ក៏​ប៉ុន្ដែ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ដោះស្រាយ​សម្រាប់​ការងារ​របស់​កម្មករ និង​ភាព​ចំណេញ​របស់​កម្ពុជា»

ចាប់ពីខែកុម្ភៈមក សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស បានដំណើរការនិតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ​តាមលក្ខខណ្ឌរបស់ខ្លួន។

សហភាព​អឺរ៉ុប​ បាន​ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស ឲ្យអតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះ​លែង​លោក កឹម សុខា ជាដើម ប៉ុន្តែ រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ ជា​បន្ទាត់​ក្រហម​មិន​អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ជាអ​ធិបតេយ្យ​ជាតិ។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ​រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹក​ប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ