រដ្ឋាភិបាល​គ្រោង​ឈប់​ប្រើ​​ក្រដាស​ស្នាម​ជាឯកសារធ្វើ​ពាណិជ្ជកម្មឆ្លង​ព្រំដែន​​

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង (កណ្តាល) នៅក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា នៅថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ (ប្រភពរូប៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការឈប់​ប្រើ​ក្រដាសស្នាម​សម្រាប់​បំពេញ​បែបបទ​​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ទៀត​ហើយ​ ខណៈ​នៅ​តែ​រង់ចាំរដ្ឋសភាជាតិធ្វើការអនុម័តប៉ុណ្ណោះ។

យោង​តាម​ហ្វេសបុក​ក្រសួងពាណិជ្ជកម្ម​នៅថ្ងៃ​ទី ៦ កញ្ញា ​ឱ្យ​ដឹងថា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី តឹក រ៉េកំរង បាន​បញ្ជាក់​ក្នុង​សិក្ខា​សាលា​មួយ​ដែល​ធ្វើ​នៅ​ភ្នំពេញ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ផ្លាស់​ប្ដួរ​ពី​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ដោយ​ប្រើ​ក្រដាស​ស្នាម ​ទៅ​ជា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូវ​និកជំនួស​វិញ ដោយ​នៅ​តែ​រង់ចាំ​ការ​អនុម័ត​ច្បាប់​ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក​​ពី​សភាប៉ុណ្ណោះ។

ក្រសួង​ពាណិជ្ជកម្ម​សរសេរ​ថា៖ « កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​អនុវត្តកិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិន​បាច់​ប្រើក្រដាសស្នាម តាមរយៈការចូលជាសមាជិកសន្ធិសញ្ញាអង្គការ​សហប្រជាជាតិ​ ស្តីពី​ប្រតិបត្តិការ​នេះ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ការបង្កើតគណៈកម្មាធិការបញ្ជរតែមួយជាតិ និងការប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលបច្ចុប្បន្នកំពុងរង់ចាំរដ្ឋសភាជាតិធ្វើការអនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ »

អ្នក​នាំពាក្យ​សភាជាតិ​លោក ឡេង ប៉េងឡុង​ បាន​ឱ្យ​VOD ដឹង​ថា​ច្បាប់​ពាណិជ្ជកម្ម​អេឡិច​ត្រូវនិក បាន​ដាក់​ចូល​សភា​រូច​ហើយ​ ខណៈ​គណៈកម្មការ​ទី​៩​ ​កំពុង​ត្រួត​ពិនិត្យ និង​រាយការណ៍​ទៅ​គណៈកម្មាធិការ​អចិន្ត្រយ៍ ដោយ​សង្ឃឹម​ថា​ច្បាប់​នេះ​អាច​នឹង​ត្រូវ​ប្រជុំ​អនុម័ត​នា​ខែ​តុលា​ខាង​មុខ។

លោក​ថា៖ « គណៈកម្មការ​ជំនាញ​គេ​សិក្សា​រួច​ហើយ តែ​គាត់​មិន​ទាន់​បាន​រាយការណ៍​ជូន​គណៈកម្មការ​អចិន្ត្រៃយ៍​ផង​។ គាត់​នឹង​ធ្វើ​របាយការណ៍​គណៈ​កម្មការ​អចិន្ត្រៃយ៍​មួយ​ទៀត តែរឿង​ផ្សេង​ខ្ញុំ​ក៏​អត់​បាន​ដឹង​ដែរ »

ក្នុង​សៀវភៅ​ស ដែល​ចេញ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ ក្រុម​ពាណិជ្ជករ​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ពី​​បញ្ហា​ជា​មួយនីតិវិធី​ដ៏​ស្មុគស្មាញ​នៃ​ការ​ផ្ដល់​ឯកសារ​ជា​ក្រដាសទៅ​ឲ្យ​មន្ត្រី​គយ​នៅ​ពេល​ដែល​ទំនិញ​មក​ដល់​កម្ពុជា ហើយ​ការបង់​ថ្លៃ​សេវា​​គយ​នៅ​កម្ពុជា​មិន​មាន​ប្រព័ន្ធ​​ណា​មួយ​ដែល​អាច​ធ្វើ​ការ​បង់តាម​ប្រព័ន្ធ​អេឡិចត្រូនិចនៅ​ឡើយ​ទេ ដោយ​ពួកគេ​ជំរុញ​ដល់​រដ្ឋាភិបាល​ផ្លាស់​ប្ដួរ​នីតិវិធី​ទាំង​នេះ​ឱ្យ​ទៅ​ជា​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និចវិញ ដើម្បីរក្សា និង​បង្កើន​ពាណិជ្ជករឱ្យ​កាន់​តែ​ច្រើន​មក​កម្ពុជា​។

នាយក​ប្រតិបត្តិសម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម សន ជ័យ ​គាំទ្រ​ចំពោះ​ការផ្លាស់​ប្ដូរ​នេះ​ ដោយ​ថាវា​នឹង​ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​​ផ្នែក​ពាណិជ្ជកម្ម​ ហើយ​ក៏​រួម​ចំណែក​ទប់​ស្កាត់​អំពើរ​ពុល​រលួយ​ផង​ដែរ។

លោក សន ជ័យ៖ « ការ​ដែល​អ្នក​ផ្ដល់​សេវា អ្នក​ទទួល​សេវា មិន​បាន​ជួប​មុខ​គ្នា​ វា​ជា​ឱកាស​នៃ​ការ​កាត់បន្ថយ​ក្នុង​កំរិតខ្ពស់​នៃ​អំពើ​ពុក​រលួយ​ ដែល​ខ្ញុំ​យល់​ថា​នេះ​គឺ​ជា​យន្តការ​ល្អ »

រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល២ឆ្នាំហើយ បន្ទាប់​ពីកម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​បាច់​ប្រើ​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​បំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ​ធានា​ដល់​​ប្រសិទ្ធិភាព និងតម្លាភាព ពាណិជ្ជកម្ម ព្រមទាំង​ការគោរពបទដ្ឋានគតិយុត្ត ដែលនឹងផ្តល់​អត្ថប្រយោជន៍​រយៈពេល​​វែងដល់កម្ពុជានិង​ប្រទេស​​ក្នុង​តំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ