ជនជាតិចិនជា១០០នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)។ នេះបើតាមគេហទំព័រនគរបាលជាតិ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានរាយការណ៍ថា ជនជាតិចិន ១០៥នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួននៅក្នុងអគារពាណិជ្ជកម្ម SUN TOWN ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ស្ថិតក្នុងខណ្ឌសែនសុខ។
នាយកការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ទទួលបន្ទុកការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជា ចិត្រា ត្រូវបានដកស្រង់សម្ដី ដែលបានប្រាប់ថា ជនជាតិចិនទាំងនោះ បានស្នាក់នៅដោយខុសច្បាប់ ហើយត្រូវបានសង្ស័យថា បានធ្វើសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)ផងដែរ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក អាត់ បូនី មានប្រសាសន៍ថា ជនជាតិចិនទាំងនោះ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃតាំងពីថ្ងៃម្សិលមិញ ក្រោយឃាត់ខ្លួនរួច។
លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងស្ថិតក្នុងការសង្ស័យនៅឡើយ ដោយមិនទាន់ដឹងប្រាកដថា ជារឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ឬយ៉ាងណានោះទេ ប៉ុន្តែ លោកបញ្ជាក់ថា មន្ត្រីជំនាញកំពុងបន្តនីតិវិធីករណីនេះ។
លោក អាត់ បូនី ប្រាប់ថា៖ «ហ្នឹងហើយ ឥឡូវហ្នឹង ជនជាតិចិនទាំងអស់ហ្នឹង គេបានបញ្ជូនទៅកន្លែងអន្តោប្រវេសន៍ ប៉ុន្តែ ពួកគេទាំងអស់ហ្នឹង គ្រាន់តែសង្ស័យទេ មិនមែនថា អ្នកទាំងអស់ហ្នឹងសុទ្ធតែប្រព្រឹត្តិ VOIP ហ្នឹងទេណា។ អីចឹង ដើម្បីសាកសួរ ដើម្បីធ្វើឯកសារឡើងវិញទាំងអស់។ ដូច្នេះ នីតិវិធីកំពុងដំណើរការ»។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា វត្ថុតាងដកហូតហូតរួមមាន ទូរស័ព្ទដៃចំនួន ១៩១គ្រឿង។ កុំព្យូទ័រយួរដៃ(laptop)ចំនួន ០៤គ្រឿង ឧបករណ៍អាយភេត(Ipaid)០២គ្រឿង កាមេរ៉ាចំនួន ០២គ្រឿង លិខិតឆ្លងដែនចំនួន ៤៧ក្បាល, រថយន្ត ០១គ្រឿង។ លើសពីនេះ មាន MONITER ចំនួន ៩៥គ្រឿង និងCASE ចំនួន ៨០គ្រឿង។
កាលពីថ្ងៃទី ១៤ សីហា សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចចិនចាប់ខ្លួនជនជាតិចិនជាង ១២៧នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត(VOIP)។ ក្រោយកសាងសំណុំរឿងចប់ សមត្ថកិច្ចកម្ពុជា សម្រេចបណ្តេញពួកគេទាំងនោះចេញពីកម្ពុជាទៅកាន់ប្រទេសដើមវិញ។
ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមិនទាន់បង្ហាញតួលេខបូកសរុបការចាប់បញ្ជូនជនជាតិចិនចេញពីកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០១៩នេះនៅឡើយទេ។
ចាប់តាំងពីឆ្នាំ ២០១៤ ដល់ខែមករា ឆ្នាំ២០១៩ ជនបរទេស ១៤,៩០៩នាក់មកពី ៩៣ប្រទេសផ្សេងៗគ្នា ត្រូវបានសមត្ថកិច្ចកម្ពូជាចាប់បញ្ចូនចេញពីប្រទេសកម្ពុជា ក្នុងចំណោមនោះ ជនជាតិចិនមានចំនួនដល់ទៅ ១,៦៤៩នាក់ ជាប់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ៕