​អ្នក​កាសែត​កម្ពុជា​ស្នើ​តុលាការ​ពន្លឿន​ការ​​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​សារព័ត៌មាន​ RFA

អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន (ខាងឆ្វេង) និង លោក យាង សុធារិន្ទ (ខាងស្តាំ)

ក្រុម​អ្នក​កាសែត​កម្ពុជា បាន​អំពាវ​នាវ​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ឱ្យ​ពន្លឿន​ការ​ប្រកាស​សាល​ក្រម​​​សំណុំ​រឿង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ២​រូប​ ឱ្យ​បាន​ឆាប់។ នេះ​បើ​តាម​លិខិត​ចំហ​មួយ​ចេញ​នៅ​ថ្ងៃ​នេះ។

សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លើក​យក​ទៅ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​មក។

រហូត​មក​ដល់​ថ្ងៃ​នេះ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​មិនទាន់​ប្រកាស​សាល​ក្រម​​នៃ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ បន្ទាប់​ពី​គម្រោង​នៃ​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ខែ​សីហា​កន្លង​មក ត្រូវ​បាន​លើក​ពេល​ដោយ​មិន​កំណត់​កាល​បរិច្ឆេទ​ថ្មី​នៅ​ឡើយ។

ក្នុង​លិខិត​ចំហ​នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន ២៣​រូប មក​ពី​ស្ថាប័ន​ប្រពន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា ស្នើ​ទៅ​តុលាការ​ឱ្យ​ពន្លឿន​ការ​ប្រកាស​សាល​ក្រម ព្រម​ទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង ២​រូប​នេះ​ផង​ដែរ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» ឬ​ជា​ការ​ចោទ​ប្រកាន់​ថា ពួកគេ​បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស។

អ្នក​កាសែត​ទាំង​ពីរ​​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ខែ​សីហា​ក្នុង​ឆ្នាំ​២០១៨ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ចាប់​​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រុម​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​ក្នុង​លិខិត​ចំហ​នោះ​ថា ពួកគេ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាន់​ដ៏​​«ធ្ងន់​ធ្ងរ» និង​«គ្មាន​មូលដ្ឋាន»ប្រឆាំង​លើ​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ។

ក្រៅ​ពី​លើក​ឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​សារព័ត៌មាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ប្រជា​ពលរដ្ឋ​ហើយ​នោះ ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដទៃ​ទៀត និង​ធ្វើ​ឱ្យ​កម្រិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ