អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌឫស្សីកែវ បណ្តាលឱ្យកុមារាម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

រូបភាពចេះផ្ទះពលរដ្ឋនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ កញ្ញា ២០១៩ (រូបភាពពីហ្វេសប៊ុក)

កុមារាម្នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋ ​នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅថ្ងៃនេះ ហើយបុរសម្នាក់ជាឪពុកត្រូវបានបញ្ជូនទៅសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានឱ្យវី.អូ.ឌី ដឹងនៅរសៀល​នេះថា គ្រោះអគ្គិភ័យនោះ​សមត្ថកិច្ចជំនាញបានអន្តរាគមន៍ជួយពន្លត់បានទាំងស្រុង ក្រោយពេលកើតហេតុបានប្រមាណ១ម៉ោង។ លោកបន្តថា អាជ្ញាធរនៅមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបាននៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថាមានកុមារាម្នាក់បានស្លាប់ និងមានបុរសម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លោក ឲ្យដឹងទៀតថា​បុរសនោះក៏បានដឹងខ្លួនហើយដែរ។

អភិបាលខណ្ឌរូបនេះឱ្យដឹងទៀតថា អាជ្ញាធរនៅមិនទាន់អាចសន្និដ្ឋានបានអំពីមូលហេតុឆេះនោះបាននៅឡើយទេ ដោយកំពុងស្រាវជ្រាវ។ លោកថាគ្រោះអគ្គិភ័យនេះបណ្តាលឱ្យផ្ទះឈើ១៣ខ្នងរងផលប៉ះពាល់ ដោយក្នុងនោះ៩ខ្នងឆេះទាំងស្រុង ហើយ៤ខ្នងផ្ទះផ្សេងទៀត គ្រាន់តែឆេះរោលៗប៉ុណ្ណោះ។

លោក បន្តថា ៖«ការខិតខំរបស់អាជ្ញាធរមានសមត្ថកិច្ច គឺបានខិតខំខ្វែងដៃខ្វែងជើងណាស់។ មិញហ្នឹងឡានទឹកប្រហែលជា២០ ដង្ហែរគ្នាដាក់ទៅ ប៉ុន្តែដោយសារច្រកចូលចង្អៀត ទើបយើងចូលបានតែ១ឡានទេអូន។ រ៉ូយ៉ែចូលមួយទៅ ហើយបន្តទឹកដាក់គ្នាទៅ ហើយយើងបានបាញ់ចេញពីម៉ូទ័របូម​ពីកាណូតចេញពីមាត់ទន្លេដោយបានបាញ់ចេញលឿន និងរហ័ស»។

លោក ជា ពិសី ឱ្យដឹងថា ក្រោយកើតហេតុអាជ្ញាធររាជធានីភ្នំពេញ និងខាងសាខាកាកបាទក្រហមកម្ពុជាក្រុង ព្រមទាំងខណ្ឌបានយកជំនួយបឋមមួយចំនួនជួយដល់គ្រួសារជនរងគ្រោះនិងអ្នកបាត់បង់ជីវិតផងដែរ។ ជាមួយគ្នានេះ លោកអំពាវនាវឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះបញ្ហាគ្រោះអគ្គិភ័យនេះ។ 

​អគ្គស្នងការនគរបាលជាតិកាលពីខែធ្នូ ឆ្នាំមុន បានឱ្យដឹងថា រយៈពេល១១ខែ កាលពីឆ្នាំ២០១៨ ​ គ្រោះអគ្គិភ័យកើតឡើង៤៣៣លើក ​បណ្តាលឱ្យមនុស្សស្លាប់ចំនួន២១នាក់ និងរងរបួស​៧៥នាក់ ព្រមទាំងឆេះផ្ទះ៤០៥ខ្នង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ