អង្គការមួយ​​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​សារ​វិជ្ជមាន​ពី​ស្ដ្រីឱ្យ​បាន​ច្រើនដើម្បី​ឱ្យ​ពួកគាត់​​ក្លាហាន​​បង្ហាញ​​ពីសមត្ថភាព​ខ្លួន​

LOGO Plan International

អង្គការ​ Plan International ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​វិជ្ជមាន​ពី​ស្ដ្រី​វិញ​ឱ្យបានច្រើន ព្រោះថា​អង្គការនេះ​​រក​ឃើញ​ថា​ឥទ្ធិពល​នៃ​​សារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ទំនុក​ចិត្ត និង​ក្ដី​សុបិន្ត​របស់​ក្មេង​ស្រី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ និងអាជីព​របស់​ពួកគាត់​​នាថ្ងៃ​អនាគត​​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២០ កញ្ញា ប្រធាន​ស្ដីទី​អង្គការ​ Plan ប្រចាំ​កម្ពុជា​លោក យី គីម​ថាន​ បាន​លើក​ឡើង​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ភាគ​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ​មិន​សូវ​ផ្ដោត​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ពីស្ដ្រី និង​ក្មេង​ស្រី​បែប​វិជ្ជមាន​ដូច​ជា​ភាព​ជា​អ្នកដឹកនាំ ភាពជោគជ័យ ឬ​សមិទ្ធិផល​ការងារ​ដែល​ស្ត្រី​បាន​ធ្វើ​ឱ្យ​បាន​ផុល​ផុស​នោះ​ទេ។

លោក​ថា៖ « ជាក់ស្ដែង​ ប្រសិន​បើ​យើង​អាន​ព័ត៌មាន​ ឬ​មើលទូរទស្សន៍​មួយ​ចំនួន​ យើង​នៅ​តែ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពី​ក្មេងស្រី​ និង​ស្រី​ក្នុង​លក្ខណៈ​មួយ​ដែល​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ និង​បន្ទាប​តម្លៃ​របស់​ពួកគាត់ »

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​នេះ​លោក យី គឹមថាន បាន​បញ្ជាក់​ថា​សារវិជ្ជមានដែល​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ធ្វើ​បាន​ នោះ​គឺ​ជា​ការ​ផ្សព្វផ្សាយ ​ពី​ជោគជ័យ​របស់​ស្ដ្រី​ក្នុង​ការ​ប្រើចំណេះ​ដឹង​របស់​ខ្លួន ឬភាព​ជោគជ័យ​ក្នុង​កិច្ច​ការ​របស់​ស្រ្តី​ ជាជាង​បង្ហាញ​រូបសម្ផស្ស​របស់​មនុស្ស​ស្រី​។

លោក មានប្រសាសន៍​ថា៖ « ជួន​កាល​យើង​ផ្ដោត​តែ​លើ​ព័ត៌មាន​ពី​ភាព​សិចស៊ី​របស់​ស្រ្តី ​យើង​ថត​ទាក់ទង​តែ​រូប​សម្ផស្ស​របស់​មនុស្ស​ស្រី​ដែលយក​ចុះ​ផ្សាយ​ ដែល​​នេះ​មាន​ច្រើន​នៅ​ក្នុង​សារព័ត៌មាន​ ឬក៏​ទស្សនាវដ្ដី​ ដែល​ផ្ដោត​​សំខាន់​ទៅ​លើ​រូប​រាង​លើ​សម្ផស្ស​របស់​គាត់ ជាជាង​កត្ដា​ជោគជ័យ​មនុស្ស​ស្រី​ ឬក៏​ក្មេង​ស្រី​នោះ » ។ ​

បើ​តាម​លោក យី គឹមថាន កត្ដា​បែប​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្មេង​ស្រី​បាត់បង់ទំនុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីព​របស់​ពួកគេនៅ​ថ្ងៃ​អនាគតផង​ដែរ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​លោក ថេ ឈុនហាក់ ទទួល​ស្គាល់​ពី​បញ្ហា​នេះ​ ខណៈ​លោក​ជំរុញ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ និង​ប្រជាពលរដ្ឋ​ឱ្យ​កែប្រែ​ផ្នត់គំនិត​មិន​ល្អ​ពី​ស្ដ្រី​ចេញ​ផង​ដែរ។

លោក​ថា៖ « យើង​ត្រូវ​បង្ហាញ​ពី​ភាព​គំរូ​ឱ្យ​ច្រើន​នៅតាម​សហគមន៍ ឬ​បណ្ដាញ​សង្គមយើង ​ដើម្បី​ឱ្យ​គាត់​ចាប់​ផ្ដើម​មើលឃើញ​ថា​ ស្រី​ខ្លួន​ឯង​គាត់​មាន​សុបិន្ត​ធំ សុបិន្ត​ដែល​គាត់​គិត​ថា​គាត់​អាច​ធ្វើ​អ្វីៗបាន​ »

បើ​តាម​លោក ថេ ឈុនហាក់ បច្ចុប្បន្ន​ការ​ចូលរួម​របស់​ស្រ្តី​មាន​ច្រើន​ត្រឹម​ថ្នាក់​ឃុំ​ប៉ុណ្ណោះ ខណៈ​ស្ត្រី​ដែល​ធ្វើ​ការក្នុង​ជួរ​ដឹក​នាំ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ។

តួលេខជំរឿន​ប្រជាជន​ក្នុង​ឆ្នាំ​២០១៩​​​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រមាណ​ ១៥លាននាក់​ ក្នុង​នោះ​ស្រ្តី​មាន​ជិត​៨លាន​នាក់ ទោះ​ជា​យ៉ាង​ណា​ចំនួន​ស្រ្តី​ក្នុង​ការងារ​ធំ​ៗ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

ក្នុង​តំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី៦នេះ ​មានស្ត្រីតែ១៩រូបប៉ុណ្ណោះ ក្នុងចំណោមតំណាងរាស្ត្រសរុប ១២៥ក្នុងសភា។ ចំណែកតំណែងឧបនាយករដ្ឋមន្ត្រីមាន៩ រូប មានស្រ្តីតែ១ រូប រីឯថ្នាក់រដ្ឋមន្ត្រីវិញ២៩ មា​នស្ត្រី​ជារដ្ឋ​មន្ត្រី៣រូប។ ​

ដោយឡែកសមាសភាពថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ២៥ រាជធានីខេត្ត មានអ​ភិបា​លខេ​ត្តជាស្ត្រីតែ ១រូបប៉ុណ្ណោះ គឺ​អ​ភិបាលខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ