លោក សុខ ទូច ថាផែនការចូលស្រុករបស់លោក សម រង្ស៊ី ​គឺជាការ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ផែនការវិលត្រឡប់មកកម្ពុជាវិញរបស់ លោក សម រង្ស៊ី» នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ សាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា (ប្រភព៖ វីដេអូហ្វេសប៊ុក រាជបណ្ឌិត្យសភាកម្ពុជា)

ប្រធានរាជបណ្ឌិតសភាកម្ពុជា និង​អ្នកជំនាញប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ បានលើកឡើងថា​ផែនការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ​របស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅពេលខាងមុខជាការផែនការបង្កភាពអាណាធិបតេយ្យ មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ។

ការថ្លែងនេះ ធ្វើឡើង​ក្រោយពេលលោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សប្រឆាំងមួយនេះបានប្រកាសម្តងហើយម្តងទៀត អំពីផែនការវិលត្រឡប់ចូលប្រទេសកម្ពុជាឱ្យខាងតែបាននៅថ្ងៃទី៩វិច្ឆិកាដោយថាដើម្បីមករំដោះប្រទេសជាតិជូនរាស្ត្រ ហើយបណ្តេញលោកហ៊ុន សែន ចេញពីអំណាច។

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច មានប្រសាសន៍ថា លោកមើលមិនឃើញផ្លូវណាមួយ​ដែលលោក សម រង្ស៊ី អាចចូលមកប្រទេសកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ​នោះទេ។

តែយ៉ាងណា លោកថា ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី មានទិដ្ឋភាពមួយចំនួនបង្កភាពចលាចលដល់កម្ពុជា ដែលរដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់។ ​

លោក បន្តថា៖ «វេទិកាដណ្តើមអំណាចមាន៥ឆ្នាំម្តង ប៉ុន្តែបើអ្នកឯងមករបៀបនេះ គឺមានទិដ្ឋភាព៤។ ទី១រដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ ទីពីរ បដិវត្តន៍ ទី៣ បដិវត្តន៍ពណ៌ ដោយប្រើប្រាស់កម្លាំងដើម្បីមកដោះដូរ អំណាច។ ទី៤ គឺជាភេរវកម្ម ប្រសិនបើបដិវត្តន៍មិនបានសម្រេច វាក្លាយទៅជាភេរវកម្ម។ ទី៥ តើបរទេសណាក្នុងសមាគមអាស៊ាន ​ផ្តល់ទឹកដីបែបនេះ ដល់ក្រុមម្ខាងទៀត ដែលគ្មានច្បាប់»។

ដោយឡែក សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងជាវាគ្មិនមួយរូបទៀតក្នុងវេទិកាតុមូលនោះ ​​លោក ដៀប សុផល បានលើកឡើងថា ​ការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅពេលខាងមុខ ពុំមែនដើម្បីលទ្ធិប្រជាធិបតេយ្យឬ ការគោរពសិទ្ធិមនុស្សនោះឡើយ ប៉ុន្តែជាការបង្កឱ្យមានភាពអណាធិបតេយ្យតែប៉ុណ្ណោះ។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែគិតថា រាល់ផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី គ្រាន់តែជាវិធានការមួយ កកូរសង្គម។ កកូរសង្គមឱ្យលេចឡើង នូវភាពអណាធិបតេយ្យ ប៉ុន្តែសេចក្តីសប្បាយនិងសន្តិភាព និងការរកស៊ីមានបានរបស់ប្រជាជន ការកកូរនេះ ប្រហែលជាមិនមានលទ្ធផលទេ»។

យ៉ាងនេះក្តីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ មិនយល់ឃើញដូចការលើកឡើងរបស់ប្រធានរាជបណ្ឌិតសភាកម្ពុជា និងអ្នកប្រវត្តិសាស្ត្ររូបនេះឡើយ។

អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ​អ្នកស្រី មូរ សុខហួរ អះអាងថាដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះនៅថ្ងៃ៩ វិច្ឆិកា ពុំមានអ្វីប្រែប្រួលឡើយ។

អ្នកស្រីបញ្ជាក់ថា ​ ការវិលត្រឡប់របស់លោក សម រង្ស៊ី ​នៅថ្ងៃខាងមុខនោះ ជាការស្តារលទ្ធិប្រជាធិបតេយ្យ ការជំរុញឱ្យមានការដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ព្រមទាំងបញ្ចៀសមិនឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាពីសំណាក់សហគមន៍អន្តរជាតិជាដើម។

អ្នកស្រី បន្តថា៖ «គោលបំណងនៃការមាតុភូមិនិវត្តន៍នៃលោកប្រធានស្តីទីនៃយើងខ្ញុំ គឺដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ។ ហើយឱ្យច្បាស់ជាងនេះទៀតគឺ ដើម្បីឱ្យមានការដោះលែងលោកប្រធាន កឹម សុខា ដើម្បីរក្សាEBA និងដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធសេរីភាព នៅក្នុងការរស់នៅដោយគ្មានការភ័យខ្លាច ដោយមានយុត្តិធម៌ និងដោយមានសេរីភាព»។

ថ្ងៃកំណត់ធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺ នៅតែសល់ជាង៤០ថ្ងៃទៀតប៉ុណ្ណោះ ស្របពេលការកំណត់ថ្ងៃនេះធ្វើឱ្យមានអតីតមន្ត្រីនិងសកម្មជនប្រឆាំងជាច្រើននាក់ត្រូវបានចាប់និង ខ្លួនជាបន្តបន្ទាប់ ​ បន្ទាប់ពីពួកគេបង្ហោះសារគាំទ្រការវិលត្រឡប់ និងក្រោមការចោទប្រកាន់ថាបានទទួលផែនការពីលោក សម រង្ស៊ី ​ជាដើម។

អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ​មាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី នៅថ្ងៃ៩ វិច្ឆិកា គឺទាល់តែលោកឃើញវត្តមានអតីតមេបក្សប្រឆាំងរូបនេះនៅក្នុងស្រុកខ្មែរតែម្តងទើបលោកជឿ។ លោកបន្តថា លទ្ធភាពអ្នកនយោបាយខ្មែរអាចចរចាគ្នាបាន ប្រសិនបើគ្មានការគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះ។ ​

លោក បន្តថា៖ «ប្រសិនបើគ្មានការលោភអំណាច និងលោភទ្រព្យសម្បត្តិទេ ដោយយកអំណាចទៅការពារទ្រព្យសម្បត្តិ ហើយយកទ្រព្យសម្បត្តិទៅពង្រឹងអំណាចរបស់ខ្លួនទេ ទាំងអស់គ្នាហ្នឹង គឺ អាចចរចាគ្នាបានតា »។

គិតមកដល់ចុងខែកញ្ញានេះ មានអតីត​សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​ប្រមាណ២៨នាក់ហើយ ត្រូវបានរដ្ឋាភិបាលចាប់និងឃុំខ្លួនដាក់ពន្ធនាគារ ខណៈដែលសង្គមស៊ីវិលរកឃើញថាមានអតីតសកម្មជនបក្សប្រឆាំងជាង១៥០នាក់ត្រូវបានតុលាការនិងសមត្ថកិច្ចកោះហៅទៅសួរនាំពាក់ព័ន្ធបញ្ហានយោបាយ។

នៅក្នុងខែកញ្ញានេះ សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ជាវីដេអូចំនួន២លើករួចមកហើយ ដោយជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម​ សុខា និងអ្នកជាប់ឃុំផ្សេងទៀត ដោយអាមេរិកហៅថាជាការចាប់ឃុំខ្លួនតាមទំនើងចិត្ត។

សហរដ្ឋអាមេរិកបានហៅការចាប់ និងឃុំខ្លួនលោក កឹម សុខា រំលាយគណបក្សសង្រ្គោះជាតិ ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាង១រយនាក់ ព្រមទាំងការដកតំណែងតំណាងបក្សសង្រ្គោះជាតិជាង៥ ០០០​នាក់ គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ