លោកជិន ម៉ាលីនសង្ស័យការផ្សព្វផ្សាយករណីវាយមន្ត្រីបក្សប្រឆាំងជាការរៀបចំទម្លាក់កំហុសលើរដ្ឋាភិបាល

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកការពិត ជុំវិញករណីប្រើហិង្សាទៅលើអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ដោយលោកសង្ស័យថា មានការរៀបចំជាប្រព័ន្ធផ្សព្វផ្សាយរឿងនេះដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល។​

ការលើកឡើងនេះ បន្ទាប់ពីអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិនៅសង្កាត់កោះដាច់ និង អតីតប្រធានអង្គរក្សលោក សម រង្ស៊ី រងការវាយដំឱ្យរបួសធ្ងន់ធ្ងរជាបន្តបន្ទាប់នៅក្នុងខែកញ្ញានេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន លើកឡើងថា រូបភាពផ្សព្វផ្សាយ​ករណីហិង្សាលើអតីតមន្ត្រីបក្សប្រឆាំង ហាក់ធ្វើឡើងជាប្រព័ន្ធដើម្បីចោទប្រកាន់ទៅលើសមត្ថកិច្ច និងរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា៖ «អីចឹងទេ ក្នុងករណីនេះ សមត្ថកិច្ចត្រូវតែវែកមុខរកឱ្យឃើញ ថានរណាជាជនដៃដល់ ហើយនរណាជាអ្នករៀបចំនូវព្រឹត្តិការណ៍ទាំងអស់នេះឡើង។ យើងមិនធ្វើការចោទប្រកាន់យ៉ាងណាទេ ប៉ុន្តែវាហាក់បីដូចជាមានការរៀបចំឡើងជាប្រព័ន្ធមួយ ក្នុងការបង្កផ្សព្វផ្សាយព័ត៌មានថា មានការធ្វើបាបបក្សប្រឆាំងជាប្រព័ន្ធ។ អានេះជាអ្វីដែលយើងសង្កេតមើលក្នុងពេលថ្មីៗនេះ។ អីចឹងអ្វីដែលត្រូវធ្វើសមត្ថកិច្ចត្រូវរកឱ្យឃើញ ថានរណាជាជនដៃដល់ ហើយមានអ្វីកើតឡើង ហើយនរណានៅពីក្រោយព្រឹត្តិការណ៍ទាំងអស់នេះ»។

​យ៉ាងនេះក្តី កូនស្រីអតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ​ការលួចវាយប្រហាមកលើសកម្មជនគណបក្សសង្រ្គោះជាតិ ​ ជាការវាយប្រហារជាប្រព័ន្ធ ហើយជាអំពើព្រៃផ្សៃនិងកំសាកបំផុត។

អតីតចៅសង្កាត់កោះដាច់គណបក្សសង្រ្គោះជាតិ លោក ស៊ិន បូណា ដែលត្រូវបានជនមិនស្គាល់មុខវាយប្រហារបណ្តាលឱ្យបាក់ដៃឆ្វេងបីកំណាត់ និងវាយដំធ្ងន់ធ្ងរមួយចំហៀងខ្លួនកាលពីថ្ងៃមិ្សលមិញលើកឡើងថា ការវាយប្រហាររូបលោក គឺជារឿងនយោបាយតែម្តង ហើយលោកក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចហើយដែរ។

ការអះអាងថា ដោយលោកថា គាត់មិនដែលមានគំនុំជាមួយនរណាពីមុនមកទេ ហើយមុនកើតហេតុមានជនមិនស្គាល់មុខបានមកថតស្លាកលេខឡាន ម៉ូតូ និងរូបលោក។ លើសពីនេះក៏មានអ្នកលបប្រាប់លោកមិនឱ្យចេញពីផ្ទះទៀតផង ដោយថានឹងមានគេធ្វើទុក្ខបុកម្នេញមិនខាន។

លោកបន្តថា៖ «អីចឹងសុំឱ្យអាជ្ញាធរមេត្តាបញ្ឈប់ទៅ ការប្រើអំពើហិង្សាមកលើសកម្មជនគណបក្សប្រឆាំង ។ អីចឹងខ្ញុំចង់និយាយថា គណបក្សនេះក៏ជាខ្មែរដូចគ្នាដែរទេ មិនមែនជាបរទេសទេ»។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថាករណីហិង្សាលើអតីតមន្ត្រីបក្សប្រឆាំងបន្តបន្ទាប់នេះ អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ដោយមិនគួរបណ្តែតបណ្តោយឡើយ ត្បិតករណីទាំងនេះលោកថា ជាការបង្ហាញទៅសហគមន៍អន្តរជាតិអំពីការធ្វើទុក្ខបុកម្នេញទៅក្រុមប្រឆាំងកាន់តែធ្ងន់ធ្ងរ។ 

អតីតមន្ត្រីបក្សប្រឆាំងរូបនេះ មើលឃើញថា ការផ្សព្វផ្សាយករណីប្រើហិង្សាលើអតីតមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ ពុំមែនជាការរៀបចំជាប្រព័ន្ធ ដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាលឡើយ។

លោកបន្តថា ៖«មិនអាចអីចឹងទេ។ នរណាគេសុខចិត្តទៅបែកក្បាល ទៅបាក់ដៃអីរបៀបហ្នឹងដើម្បីទៅផ្សព្វផ្សាយនោះវាមិនមានទេ។ ហើយខ្ញុំជឿថាអ្វីទាំងអស់ សុទ្ធតែស្ថិតនៅក្រោមក្រសែភ្នែក ប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹង។ អីចឹងធ្វើអ្វីក៏ដោយក៏គេមើលឃើញដែរ មិនបាច់ទៅលាក់បាំងអី ទៅចោទប្រកាន់ថាជាការលាបពណ៌ទៅលើរដ្ឋាភិបាលអី វាមិនអាចទេ»។

ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក នី សុខា ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធស្វែងរកជនប្រព្រឹត្តយកមកអនុវត្តទោសឱ្យបាន បើពុំនេះទេមហាជននៅតែសង្ស័យករណីហិង្សានេះរហូត ​និងធ្វើឱ្យ​បាត់បង់ជំនឿលើសមត្ថកិច្ច ​ជាដើម។

លោកបន្តថា៖ «ព្រោះអ្នកដែលត្រូវបានគេវ៉ៃហ្នឹង ជាទូទៅគាត់សុទ្ធតែជាអ្នកសកម្ម នៃអតីតសកម្មជនគណបក្សសង្គ្រោះជាតិហ្នឹងតែម្តង។ អីចឹងហើយបើសមត្ថកិច្ចមិនអាចវែកមុខជនប្រព្រឹត្តឃើញទេ អាហ្នឹងវាធ្វើឱ្យ ​មានមន្ទិលសង្ស័យពីមហាជនច្រើន»។

កាលពីថ្ងៃទី ១០កញ្ញា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសអង្គការអន្តរជាតិមួយនេះ ដែលទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណាស្មីត ​លើកឡើងថាក្នុងរយៈពេលជាង១ឆ្នាំ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨  ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រងការគាបសង្កត់​​សិទ្ធិនយោបាយយ៉ាងធ្ងន់ធ្ងរ។

​មន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិអះអាងថា មានអតីតសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងជិត៣០នាក់ហើយត្រូវបានចាប់និងឃុំខ្លួន ខណៈជាង១៥០នាក់ទៀត ត្រូវបានសមត្ថកិច្ច និងតុលាការកោះហៅសាកសួរពាក់ព័ន្ធបញ្ហានយោបាយ ព្រមទាំងមានជាច្រើនាក់ទៀតត្រូវបានជនមិនស្គាល់មុខវាយដំជាបន្តបន្ទាប់នៅក្នុងខែកញ្ញានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ