លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅកម្លាំងកងទ័ពនៅថ្ងៃនេះ ឱ្យបង្ក្រាបទៅលើក្រុមអ្នកគាំទ្រដំណើរវិលត្រឡប់មកវិញរបស់អតីតមេដឹកនាំបក្សប្រឆាំង ដែលបានប្រកាសអំពីគម្រោងវិលត្រឡប់មកវិញនៅខែក្រោយនេះ។
លោក ហ៊ុន សែន បានថ្លែងឱ្យដឹងពីបទបញ្ជារបស់លោកនៅអំឡុងពិធីជួបសំណេះសំណាលជាមួយក្រុមសិស្សប្រឡងជាប់និទ្ទេស A នៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឃើញត្រង់ណាវ៉ៃត្រង់ហ្នឹង ខ្ញុំផ្ដល់សិទ្ធិឱ្យកងទ័ពចេញធ្វើសកម្មភាព ពង្រាយទ័ព ប្រើអាហ្នឹងឃើញត្រង់ណាវ៉ៃត្រង់ហ្នឹង មិនចាំបាច់មានដីកាចាប់ខ្លួនទេ មិនចាប់ខ្លួនទេ អានេះឃើញត្រង់ណាវ៉ៃត្រង់ហ្នឹងតែម្តង។ ផ្ដល់ឱកាសឱ្យកម្លាំងប្រដាប់អាវុធ រួមទាំងកងទ័ពចេញធ្វើសកម្មភាពទៅ កងទ័ពត្រូវដឹងតួនាទីនៅពេលសភាពការធម្មតាទ័ពអត់ចេញទេ។ ចេញតែប៉ូលីស និងកងរាជអាវុធហត្ថទេ ហើយនគរបាលយុត្តិធម៌ តែបើប្រកាសទ័ពបែបនេះហើយបានន័យថាទ័ពត្រូវពង្រាយហើយ ហើយប្រើអាវុធគ្រប់ធុន ព្រោះអានេះមិនមែនជាបាតុកម្មទាមទារឯណា អានេះចូលដល់ប្រដាប់អាវុធ។ ហើយអ្នកគាំទ្រទាំងប៉ុន្មានអត់ចាំបាច់និយាយទេ ឃើញចាប់ៗ ខ្ញុំមិនចាំបាច់និយាយទេព្រោះអានេះភារកិច្ចបានប្រគល់ដោយច្បាប់រួចទៅហើយ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បានចេញបញ្ជាជាសាធារណៈបែបនេះ ចំពេលដែលអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន និងកំពុងធ្វើយុទ្ធនាការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដែលត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ ចំទិវាឯករាជ្យជាតិ និងចំថ្ងៃប្រារព្ធពិធីបុណ្យអុំទូក។
លោកស្រី មូ សុខហួរ៖ « គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ជាថ្មីម្ដងទៀតថាគណបក្សអត់មានប្រដាប់អាវុធទេ ហើយមិនដែលមានប្រដាប់អាវុធទេ ហើយបំណងមាតុភូមិនិវត្តន៍របស់យើងគឺដោយអហិង្សា » ។
អ្នកតាមដាននយោបាយកម្ពុជាលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ការចាត់ទុកក្រុមលោក សម រង្ស៊ី ជាក្រុមឧទ្ទាមគឺជាការចាត់ទុកដោយរដ្ឋាភិបាលកម្ពុជាតែម្ខាងប៉ុណ្ណោះខណៈអន្តរជាតិនៅមិនទាន់មានប្រទេសណាវាយតម្លៃបែបនេះនោះទេ ហើយការបង្ក្រាបដោយយោធាលើក្រុមនេះទៀតសោតវានឹងធ្វើឱ្យប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្ងន់ធ្ងរ។
លោកថា៖ « យើងមិនទាន់ដឹងថាយ៉ាងមិចទេ តែប្រសិនជាមានរូបភាពហ្នឹងកើតឡើងមែនគឺគេប្រើបានតែក្នុងលក្ខខន្ដប្រទេសមានគ្រោះអាសន្នគឺការប្រើច្បាប់អាជ្ញាសឹក ហើយបើរូបភាពហ្នឹងកើតឡើងការប្រើច្បាប់អាជ្ញាសឹកបែបហ្នឹង បានន័យថាការអនុវត្តច្បាប់បែបលិទ្ធិប្រជាធិបតេយ្យនីតិរដ្ឋហ្នឹងវាលែងមានហើយ។ វាឃើញរូបភាពមួយគឺកម្ពុជានៅក្នុងគ្រាមានអាសន្នទៅវិញទេ ហើយវាមិនអំណោយផលសម្រាប់រូបភាពប្រជាធិបតេយ្យនៅកម្ពុជាទេ » ។
ចាប់តាំងពីប្រកាសជាសាធារណៈអំពីគម្រោងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះមក លោក សម រង្ស៊ី អំពាវនាវជាបន្តបន្ទាប់ទៅកងកម្លាំងប្រដាប់អាវុធ អ្នកគាំទ្ររបស់លោក និងប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមទទួលស្វាគមន៍ដំណើរវិលត្រឡប់មកវិញរបស់លោក។
ប៉ុន្តែ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកដំណើរវិលត្រឡប់មកវិញរបស់អតីតមេបក្សប្រឆាំងថា មានគោលដៅ «ផ្ដួលរំលំរដ្ឋាភិបាល»។
គិតត្រឹមថ្ងៃ០៧ ខែតុលានេះ អតីតសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ៣៨នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធទៅនឹងការបង្ហាញជំហរគាំទ្រដំណើរវិលត្រឡប់របស់លោក សម រង្ស៊ីមកកម្ពុជាវិញ៕