ទំហំ​ទុន​វិនិយោគ​ចិន​ក្នុង​ខេត្ត​មាត់​សមុទ្រ​ចំនួន​៣​កើន​ដល់​ជិត​៣ពាន់លានដុល្លារ

លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងសន្នីសិទ្ធសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១០ តុលា ឆ្នាំ២០១៩ (រូបភាព៖ Royal government spokesperson unit)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​ជាង២ឆ្នាំចុង​ក្រោយ​នេះ ទំហំ​ទុន​វិនិយោគ​របស់​ជនជាតិ​​ចិន​មក​វិនិយោគ​ក្នុង​ខេត្ត​មាត់​សមុទ្រ​ចំនួន​៣​នៅ​កម្ពុជាមាន​ទំហំ​ជិត​៣ពាន់លានដុល្លារ ស្មើ​នឹង​១១,៥ភាគរយ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប។

ថ្លែង​ក្នុង​សន្នីសិទ្ធ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ម្សិល​មិញ ​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ជា វុទ្ធី មាន​ប្រសាសន៍ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ដល់​ខែ​សីហា​ឆ្នាំ​២០១៩ ជនជាតិ​ចិន​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ខេត្ត​កំពត កោះកុង និង​ព្រះសីហនុ​មាន​តម្លៃ​ប្រមាណ​២,៦ពាន់លាន​ដុល្លារ ក្នុង​នោះ​ខេត្ត​ព្រះ​សីហនុ​ជាង​២ពាន់​លានដុល្លារ ខេត្តកោះកុង​មាន​ជាង​៤៧០លានដុល្លារ និង​ខេត្ត​កំពត​មាន​ជាង​១០០លានដុល្លារ​។

លោក​បន្ថែម​ថាការ​បង្កើន​ទុន​វិនិយោគ​ដ៏​ច្រើន​របស់​ប្រទេស​ចិន ក៏​ដូច​ជា​អ្នក​វិនិយោគ​ប្រទេស​ដទៃ​មក​កម្ពុជា​នេះ​ ដែល​បាន​ជំរុញ​ដល់​កម្ពុជា​មានកំណើន​​សេដ្ឋកិច្ច​ជាង​៧ភាគរយ​ជារៀង​រាល់​ឆ្នាំ និង​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ជាង​១៥​ម៉ឺននាក់​ជា​រៀង​រាល់​ឆ្នាំ។

លោកថា៖ « ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​វិនិយោគ​បរទេស​ក៏ដូច​ជា​អ្នក​វិនិយោគ​ក្នុង​ប្រទេស​យើង​ដែល​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ដែល​ទទួល​បាន​អត្រា​ខ្ពស់​គឺ​ជាមធ្យម​៧,៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ក៏​ផ្ដល់​លទ្ធភាព​បង្កើត​ការងារ​ជូន​បង​ប្អូន​​កម្មករ​យើង​ដែល​មាន​ចំនួន​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង​១៥​ម៉ឺននាក់ »

ក្នុង​របាយការណ៍​ការ​វិនិយោគដោយ​ផ្ទាល់​ពី​បរទេស​ចូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​ដោយ​អគ្គលេខាធិការ​អាស៊ាន កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ពី​បរទេស​ចំនួន​២ ៧៣២​លានដុល្លារ កើន​ឡើង​ជាង​៥រយលានដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ទំហំ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ប្រមាណ​៣៥ភាគរយ​ជា​ប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ