គ.ប.ម.ថា ការ​ស្ដារ​​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ គឺ​ជា​គន្លឹះ​ដើម្បី​រក្សា EBA

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែរក្បួនឃោសនាបក្ស ថ្ងៃទី ២២ កក្កដា ២០១៨

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន(គ.ប.ម.) បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្ដារ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ ដោយ​ថា ជា​គន្លឹះ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA) ដែល​ត្រូវ​បាន​ផ្ដល់​មក​​ឱ្យ​កម្ពុជា​​សម្រាប់​នាំ​ចេញ​ទំនិញ​គ្រប់​ប្រភេទ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​សហភាព​អឺរ៉ុប ដែល​អាច​ឈាន​ទៅ​រក​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នៅ​ឆ្នាំ​ក្រោយ។

នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា បញ្ហា EBA នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នាំ​យក​ទៅ​ជជែក​​​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឆែក ហុងគ្រី និង​ប៊ុលហ្ការី ជាទី​ដែល​លោក​បាន​ស្នើ​ទៅ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ៣​នេះ ឱ្យ​​ជួយ​បន្ត​គាំ​ទ្រ​ដល់​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មក​ដល់​កម្ពុជា​បន្ត​ទៀត​។

ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​លើក​ឡើង​នូវ​គន្លឹះ ៣ ដែល​គណបក្ស​មួយ​នេះ ចាត់​ទុក​ជា​ដំណោះ​ស្រាយ​សម្រាប់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប។

គន្លឹះ​ទាំង ៣​ដែល​លើក​ឡើង​ដោយ គ.ប.ម. មាន​ការ​ដោះ​លែង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ការ​បើក​លំហ​សេរីភាព​ដល់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ធានា​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី​នា​ពេល​ខាង​មុខ។

គ.ប.ម. បាន​លើក​ឡើង​ក្នុង​ថ្លែងការណ៍​ថា​៖ «គ.ប.ម. យល់​ថា ការ​កែ​លម្អ​ស្ថានភាព​តាម​រយៈ​វិធានការ​សំខាន់ៗ​ទាំង ៣​ដូច​ខាង​លើ​នេះ ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​គ្នា​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប និង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា»

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ត្រូវ​បាន​សហភាព​អឺរ៉ុប​ផ្ដល់​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​នោះ បាន​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ​ទំនិញ​នានារបស់​កម្ពុជា​ចូល​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ​ដែល​មាន​តម្លៃយ៉ាង​ហោច​ណាស់ ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

សហភាព​អឺរ៉ុប បាន​ចាប់​ផ្ដើម​នីតិ​វិធី​ដែល​អាច​ឈាន​ទៅ​រក​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ចាប់​តាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១៩​នេះ ហើយ​សេចក្ដី​សម្រេច​លើ​បញ្ហា EBA សម្រាប់​ប្រទេស​កម្ពុជា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ​ដើម​ឆ្នាំ​ក្រោយ​នេះ។

តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ​ជាង ៥​.៣៦​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​ ក្នុង​នោះ​ផលិត​ផល​កាត់​ដេរ​មាន​ចំណែក​ដល់​ទៅជិត ៩០​ភាគរយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ