អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Right Watch ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ និង​បាន​​ជំរុញ​ដល់​អ​ន្តរជាតិ​ឱ្យ​មាន​វិធាន​ការ​ខ្លាំង​ក្លា​លើ​រឿង​នេះ​ផង​ដែរ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​២០ តុលា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Right Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវយ៉ក​ សហរដ្ឋអាមេរិក​ បាន​លើក​ឡើងថា​គិត​ត្រឹម​ថ្ងៃ​២០​ តុលា មាន​សមាជិក​អតីត​បក្ស ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជិត​៦០​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ក្រោយ​ពេល​ពួកគេហ៊ាន​បរិយាយ​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្នុង​​បណ្ដាញ​សង្គម និងជួប​ជុំ​គ្នាជា​ដើម។

Human Right Watch លើក​ឡើង​ថា៖ « ការ​សើរើ​ច្បាប់​គាប់​សង្កត់ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​បាន​ផ្ដល់​ឱ្យ​អាជ្ញាធរ​នូវ​ឧបករណ៍​ច្បាប់​ក្នុង​ការ​ចាប់​ និង​ឃុំ​ខ្លួន​បុគ្គល​ម្នាក់​ៗ​តាម​ទំនើង​ចិត្ត ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ពួកគេទាំងសាធារណៈ និង​អ៊ិនធើណិត ការ​ទាក់ទង​ជា​មួយ​អ្នក​ទៃ​ទាំង​នៅ​ក្នុង​ក្រុម ឬ​ការ​ប្រជុំ​ជា​សាធារណៈ​ដោយសន្ដិវិធី​ក្ដី​ » ។ 

Human Right Watch ចាត់​ទុក​សកម្មភាព​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ជំរុញ​ដល់​រដ្ឋាភិបាល ឲ្យបញ្ឈប់​​សកម្មភាព​ទាំង​នេះ និង​ដោះលែង​អ្នក​ទាំង​នោះ​ផង​ដែរ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Right Watch ​លោក Phil Robertson ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​​ម្ចាស់​ជំនួយ​ឱ្យពិនិត្យ​មើល​ពី​បញ្ហា​នេះ​នឹង​មាន​វិធាន​ការ​ផង​ដែរ។

លោក Phil Robertson៖ « រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​បរទេស​គួរតែ​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​នេះ ហើយ​ជំរុញ​ឱ្យ​កម្ពុជា​ដោះ​លែង​អ្នក​ទាំង​អស់​ដែល​ត្រូវ​បាន​ឃុំឃាំង​ទាំង​អស់​នេះ​ដោយគ្មានលក្ខខណ្ឌ » ។ 

ឆ្លើយ​តប​ទៅនឹង​សំណួររបស់​VOD តាម​សារអេឡិច​ត្រូ​និកTelegram អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្សលោក កត្តា អ៊ន ឱ្យ​ដឹង​ថា​ ការ​លើក​ឡើង​របស់​Human Right Watch គឺ​ជា​ការ​លើក​ឡើង​ ដោយ​មិន​បាន​ពិចារណា​អំពី​អង្គហេតុ អង្គច្បាប់ ឬ​សក្ខីកម្ម​នានា​នៃ​ស្ថានភាពសិទ្ធិ​មនុស្ស​នោះ​ទេ។ ​លោក​ចាត់​ទុក​ថានេះជាការបរិយាយ​​តាំង​នាម​ឱ្យ​ក្រុម​ប្រឆាំង​ផ្កាប់​មុខមួយ​​ប៉ុណ្ណោះ ហើយ​​ចេត​នា​នេះ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ដល់​​របស់​ប្រទេស​ម្ចាស់​ជំនួយ​នោះ​ទេ។

លោក​សរសេរ​ថា៖ « មនុស្ស៦០ នាក់ដែលបានឃាត់ខ្លួន មិនមែនសំដែងមតិ ឬប្រមូលផ្តុំដោយសន្តិវិធីទេ ពួកគាត់មានពាក់ព័ន្ធនៃអំពើល្មើសច្បាប់ ហើយក្នុងចំណោមនោះពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដែលរដ្ឋត្រូវអនុវត្តច្បាប់ជាតិរបស់ខ្លួន ដើម្បីប្រយោជន៍ជាតិរបស់ខ្លួន។ ករណីនេះ មិនខុសពីអង្គការ human rights watch ទេ ក្នុងករណីមន្រ្តីណាមួយរបស់ខ្លួនធ្វើខុស ក៍អង្គការនេះអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែរ។ ជាគោលការណ៍ច្បាប់ និង សិទ្ធិមនុស្ស ការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និងប្រមូលផ្តុំត្រូវគោរពច្បាប់ និង សិទ្ធិ កត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ បើមិនអញ្ចឹងទេគឺល្មើសច្បាប់ហើយ ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ »  

លោក​ សម រង្ស៊ី បាន​ប្រកាសវិល​ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា ខាងមុខ​ដោយ​បាន​​អំពាវនាវទៅ​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​គាំ​ទ្រ​របស់​លោក និង​ប្រជា​ពលរដ្ឋ​ទូទៅ ឱ្យ​ចូល​រួម​ទទួល​ស្វាគមន៍ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ដំណើរ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថា មាន​គោលដៅ «ផ្ដួល​រំលំ​រដ្ឋាភិបាល» និង​បាន​ចាត់ទុកជា​ក្រុម​ភេរកម្ម​ ដែល​ត្រូវកម្ចាត់​ផង​ដែរ។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ធ្លាប់​លើក​ឡើង​ប្រាប់​VOD កាល​ពី​ខែ​មុន​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​រុញ​ច្រាន​ប្រទេស​ខ្លួន​ឯង​ឱ្យ​ធ្លាក់​ក្នុង​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ ដោយ​លោក​ជំរុញ​ដល់​អ្នក​នយោបាយ​ទាំង​ពីរ​គួរ​ឈប់​ឈ្លោះ​គ្នា ហើយ​ស្រុះ​ស្រួល​វិល​រក​តុចរចារ​ដើម្បី​ពិភាក្សាពីបញ្ហា​​ជាតិ​​វិញ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចំរើន។

លោក​ឡៅ ម៉ុងហៃ៖ « យើងមានយន្តការរួចហើយ តែសម្រាប់អ្នកកាន់អំណាចចេះ​​តែក្រាញអំណាចរៀងៗខ្លួនអាហ្នឹងវាតាមហ្នឹងទៅ។ សម្រាប់យើងជាអ្នកមិនពាក់ព័ន្ធ​​អំណាចដែលយើងគិតពីសុខមាលភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាមានតែអំពាវនាវឱ្យគេយកយន្តការដែលមានសម្រាប់ដែលធ្លាប់ប្រើប្រាស់ដើម្បីដោះស្រាយទំនាស់ក្នុងស្រុកយើងនេះ »

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​សមាជិក និង​អ្នក​គាំទ្រ​អតីត​បក្សប្រឆាំង​ចំនួន​៥០នាក់​ត្រូ​វបាន ​ ចាប់​ខ្លួន​​ និង​​​ចោទប្រកាន់​ពី​បទ «​រួមគំនិតក្បត់» ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោ​ក សម​ រង្ស៊ី​មក​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ