អ្នកវិភាគថារដ្ឋាភិបាលនៅតែមិនទាន់គោរពតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ឱ្យបានពេញលេញ​

ព្រះបុរមរដ្ឋនកោដ នរោត្តម សីហនុ ចាប់ដៃជាមួយលោកហ៊ុន សែន កំឡុងពេលការចុះហត្ថសន្តិភាពនៅទីក្រុងប៉ារីស ២៣ តុលា (រូបភាពថតចេញ ពីវិបសាយអន្តរជាតិមួយ)

អ្នកវិភាគ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានសារសំខាន់សម្រាប់កម្ពុជា និងជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយជម្លោះនយោបាយខ្មែរ និងដើម្បីធានាអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីមិនអាចរំលោភបាន ព្រមទាំងនាំកម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាដើម។ ទោះយ៉ាង​ណាពួកគាត់​លើកឡើងថា រដ្ឋាភិបាលនៅមិនទាន់គោរពតាមស្មារតីនេះឱ្យបានពេញលេញឡើយ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា បានលើកឡើងថា ខឹ្លមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនត្រូវបានរដ្ឋាភិបាលយកមកអនុវត្តឱ្យបានពេញលេញទេ។ លោកថា ជាក់ស្តែងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែរងការរិះគន់ពីអន្តរជាតិ ហើយសហភាពអឺរ៉ុប និងអាមេរិក ក៏តែងតែជំរុញឱ្យកម្ពុជា គោរពស្មារតីនៃកិច្ចព្រមព្រៀងនេះផងដែរ។ ​

«យើងលើកផ្តោតពីរ គឺសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ សហរដ្ឋអាមេរិកគឺសភាអាមេរិកបានព្រៀងសេចក្តីស្នើច្បាប់ពាក់ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ឬហៅថាH.R ៥២៦នេះ គឺគេជំរុញឱ្យកម្ពុជាហ្នឹងអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសហ្នឹងឯង។ សហគមន៍អឺរ៉ុប ក៏បានជំរុញឱ្យកម្ពុជាអនុវត្តន៍ លទ្ធិប្រជាធិបតេយ្យហ្នឹង ក៏តាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសហ្នឹងជាមូលដ្ឋានដែរ »។

អ្នកវិភាគដដែល លើកឡើងថាស្មារតីឬខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានសុពលភាព និងមានសារសំខាន់សម្រាប់ប្រជាជាតិកម្ពុជា  ត្បិតវាជាកិច្ចព្រមព្រៀងអន្តរជាតិ។ លោកថាប្រសិនរដ្ឋាភិបាលដើរប្រាសចាកពីស្មារតីនៃកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកម្ពុជាត្រូវប្រឈមមុខនឹងអន្តរជាតិ និងលោកសេរីតែម្តង។

នៅថ្ងៃ​ ២៣​ តុលា​ ឆ្នាំ២០១៩​ គឺជា​ថ្ងៃ​​ខួបគម្រប់២៨ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬហៅថាកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីស​ ដែល​ចុះ​ហត្ថលេខាកាលពី​ថ្ងៃទី២៣​តុលា​១៩៩១ ​ដោយមានប្រទេសហេត្ថលេខីចំនួន១៨ ដោយ​រួមមានសហប្រធានគឺ​ប្រទេសបារាំង និងឥណ្ឌូនេស៊ី។ ​

ខ្លឹមសារកិច្ចព្រមព្រៀងនេះ បានធានារៀបចំកម្ពុជាឱ្យមានការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ អធិបតេយ្យភាព បូរណៈភាពទឹកដី ដោយមិនអាចរំលោភបាន ហើយបញ្ឈប់ការទទួលយកជំនួយយោធាពីខាក្រៅ ដកកងទ័ពបរទេសចេញពីកម្ពុជា និងរៀបចំឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងការទទួលយកជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជាជាដើម។

ដោយឡែកសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន វិញមើលឃើញថា មានចំណុចជាច្រើនដែលរដ្ឋាភិបាលមិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ ហើយមានចំណុចខ្លះទៀតលោកថារដ្ឋាភិបាលថែមទាំងរំលោភទៀតផង។

លោកបន្ថែមថា៖ «នៅក្នុងកិច្ចព្រមព្រៀងហ្នឹង គឺឱ្យរដ្ឋាភិបាលហ្នឹងត្រូវគោរព នូវសភានីតិបញ្ញត្តិ ដោយយកគោលការណ៍២ភាគ៣ លូវដូរទៅជា៥០បូក១ គឺមិនត្រឹមតែគោរពទេ រំលោភទៅទៀត»។

លោក ស្រ៊ន់ ស្រ៊ន បានលើកឡើងទៀតថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានតម្លៃ ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព បូរណៈភាពទឹកដីកម្ពុជា ពីការរំលោភបំពាននានា។ លោក​បន្តថា តម្លៃនៃកិច្ចព្រមព្រៀងនេះមានតាំងពីដំណើរការបង្កើត រហូតមកទល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ បើ​តាម​លោក ស៊្រន់ ស្រ៊ន ចំណុចខ្លះនៃ​កិច្ច​ព្រមព្រៀង​នេះត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យមួយនៅភ្នំពេញនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាបច្ចុប្បន្នជាពេលត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដោយលោកថាបើអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺត្រូវដោះលែងមេដឹកនាំខ្មែរក្រហម រំលាយតុលាការកូនកាត់ចោល ហើយកម្ពុជា ក៏មិនត្រូវមានព្រះមហាក្សត្រដែរ។

«ព្រោះគេកំពុងធ្វើអី បាតុកម្មទាមទារហត្ថលេខីប៉ារីសគោរព ស្អីណា។ បើគោរពប៉ារីសត្រូវដោះលែងខៀវសំផនត្រឡប់មកវិញ ហើយលុបចោលអាតុលាការហ្នុងក្រវាត់ចោលទៅ។ រឿងវាបានឈានមកដល់រដ្ឋធម្មនុញ្ញដែលត្រូវបានអនុវត្ត ព្រោះមានអ៊ុនតាក់ឯណាទៀត ហើយបើគោរពប៉ារីស កម្ពុជាមិនត្រូវមានព្រះប្រមុខរដ្ឋ ត្រូវមានព្រះមហាក្សត្រទេ »។

សម្រាប់លោក ស៊្រន់ ស្រ៊ន យល់​ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាច្បាប់អន្តរជាតិ និងជាម្តាយបង្កើតរបស់ រដ្ឋធម្មនុញ្ញកម្ពុជា។

លោកថា កិច្ចព្រមព្រៀងនេះផុតសុពលភាព លុះត្រាតែភាគីជាហត្ថលេខី មកធ្វើសន្និសីទម្តងទៀត ដោយសម្រេចរំលាយចោលឬ ធ្វើមោឃភាពកិច្ចព្រមព្រៀងនេះចោល ដោយថាវាមិនអាចអស់តម្លៃដោយមាត់បុគ្គលម្នាក់ឬ អ្នកនយោបាយនិយាយបានទេ។

កាលពីខែកញ្ញា សហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីមួយបានចេញសេចក្តីថ្លែងការណ៍ចំនួន២លើកជាប់ៗគ្នា ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញជំហជាក់លាក់ក្នុងការ​ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។​ ប្រទេសមហាអំណាចមួយនេះរកឃើញថារដ្ឋាភិបាលបានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ