ក្រុម​អ្នកគាំទ្រអតីតCNRP​នៅ​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​ការវិល​ត្រលប់​របស់​លោក​ សម រង្ស៊ី ចូល​កម្ពុជា

ក្រុម​អ្នកគាំទ្រអតីត​គណបក្សសង្រ្គោះជាតិ លើកបដាទាមទារឲ្យមាន​ប្រជាធិបតេយ្យពិតនៅកម្ពុជាក្នុងបាតុកម្មនាប្រទេសជប៉ុនកាលពីថ្ងៃ​ទី​ ១២​ សីហា​ ២០១៩​។ (រូបភាព៖ទំព័រហ្វេសប៊ុក Vanna Hay)

ក្រុម​អ្នកគាំទ្រ​អតីតគណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​​នា​ដើម​ខែ​ក្រោយ​ដើម្បី​គាំទ្រ​ការវិល​ត្រលប់​របស់​លោក សម រង្ស៊ី ចូល​ស្រុក​ខ្មែរ​វិញ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៤ តុលា ចលនា​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​ ​ឱ្យ​ដឹងថា​ ក្រុម​ខ្លួនដែល​មាន​គ្នា​ជាង​២០០នាក់​គ្រោង​ធ្វើ​បាតុកម្ម​នៅ​​សួន​ចងចាំ​សន្ដិភាព​ហ៊ីរ៉ូស៊ីម៉ា នៅ​ថ្ងៃ​ទី ៣ វិច្ឆិកា​ខាង​មុខ ដោយ​ចាប់​ផ្ដើម​ពី​ម៉ោង​៩ ដល់​ម៉ោង២រសៀល​ ដើម្បីបង្ហាញការគាំទ្រដល់​លោក​ សម រង្ស៊ី ក្នុងការ​ត្រលប់​ចូលកម្ពុជាវិញ​នៅថ្ងៃបុណ្យឯករាជ្យជាតិខាងមុខ​។

​សេចក្តី​ប្រកាសដដែល​ បាន​ឲ្យ​ដឹងបន្ថែម​​ថា​បាតុកម្ម​នោះ​ក៏ធ្វើ​ឡើង​ដើម្បី​ជាការថ្កោសទោសដែល​រដ្ឋាភិបាល​ដកទិវា​សន្តិភាព​ក្រុង​ប៉ារីស២៣តុលាចេញ​ពី​ថ្ងៃបុណ្យ​ជាតិ​ និង​ការចុះ​សន្ធិសញ្ញាទទួលស្គាល់​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាមផងដែរ។

ទោះយ៉ាងណាក៏ដោយ​រដ្ឋាភិបាល​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ដំណើរ​វិល​ត្រឡប់​មក​វិញរបស់លោក សម រង្ស៊ី ថា​គឺ​ជា​ការ​វិល​ត្រលប់​របស់​មេ​ក្រុម​ភេរវកម្ម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាលដែល​នឹង​ត្រូវ​បង្ក្រាបផងដែរ។

កាល​ពី​ថ្ងៃទី​៧ តុលា កន្លង​ទៅ​ នៅ​ចំពោះ​មុខ​សិស្ស​និទ្ទេស​A ​ជាង​៤០០នាក់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​បញ្ចេញ​ទ័ព​ឱ្យ​ត្រៀមបង្ក្រាបក្រុម​លោក សម រង្ស៊ី ​នៅ​ហ្នឹង​កន្លែង ប្រសិន​ឃើញ​ឈាន​ជើង​ចូល​ដល់​កម្ពុជា ខណៈ​អ្នក​គាំទ្រ​ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ។

លោក​ថា៖ « កងទ័ពត្រូវដឹងតួនាទីនៅពេលសភាពការធម្មតាទ័ពអត់ចេញទេ។ ចេញតែប៉ូលីស និងកងរាជអាវុធ ហត្ថទេ ហើយនគរបាលយុត្តិធម៌ តែបើប្រកាសទ័ពបែបនេះ ហើយបានន័យថាទ័ពត្រូវពង្រាយហើយ ហើយប្រើ អាវុធគ្រប់ធុន ព្រោះអានេះមិនមែនជាបាតុកម្មទាមទារឯណា អានេះចូលដល់ប្រដាប់អាវុធ។ ហើយ​អ្នកគាំទ្រ​ទាំង​ប៉ុន្មាន​អត់ចាំ​បាច់​និយាយ​ទេ ឃើញចាប់ៗ ខ្ញុំមិនចាំបាច់និយាយទេព្រោះអានេះភារកិច្ចបាន ប្រគល់ដោយ ច្បាប់ រួចទៅហើយ » ។

អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិតឡៅ ម៉ុងហៃ លើក​ឡើង​ថា​អ្នក​នយោបាយ​ទាំង​អស់​គួរ​ងាក​មក​គោរព​​រដ្ឋធម្មនុញ្ញ​ជាតិ​ ​ដោយ​ស្នើឱ្យ​ព្រះ​មហាក្សត្រ​ជា​អ្នក​សម្របសម្រួល​ដល់​ជម្លោះ​នយោបាយ​ដែល​កើត​ឡើង​កន្លង​មក ដើម្បី​រួបរួម​ជាតិ​ដែល​បែកបាក់​នេះ​ឡើង​វិញ​ហើយ​។

លោក​ថា៖ « ព្រះមហាក្សត្រមានតួនាទីជាអ្នកអាជ្ញាកណ្ដាល ដូច្នេះបើសុំឱ្យលោកបំពេញតួនាទីជាអាជ្ញាកណ្ដាលរៀងនេះប្រហែលដោះស្រាយបាន​ »  

លោក​សម រង្ស៊ី បាន​កំណត់​ថ្ងៃ​៩ វិច្ឆិកា​ ឆ្នាំ​២០១៩ ដើម្បី​ត្រលប់ចូល​កម្ពុជា​វិញ ដោយ​មាន​ការ​រៀប​ចំ​ផែន​ការ​ជា​បន្តបន្ទាប់ ខណៈ​រដ្ឋាភិបាល​ក៏​ចាត់​វិធាន​ការ​ឆ្លើយ​តប​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ២០ ខែ​តុលា អតីត​សកម្មជន និង​អ្នក​គាំ​ទ្រ​​បក្ស​ប្រឆាំង ចំនួន​ ៥០​នាក់​​ហើយ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​​ និង​ត្រូវ​បាន​តុ​លា​ការ​ចោទប្រកាន់​ពី​បទ «​រួមគំនិតក្បត់» ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិល ត្រឡប់​របស់​លោ​ក សម​ រង្ស៊ី​មក​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ