ក្រសួង​បរិស្ថាន​យក​ឱកាស​បុណ្យ​អុំទូក​ផ្សព្វផ្សាយ​ពី​វិធាន​ការ​ថ្មី​របស់​រដ្ឋ​លើ​អ្នក​ចោល​សំរាម

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួង​បរិស្ថាន​យក​ឱកាស​បុណ្យ​អុំទូក​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធាន​ការ​របស់​រដ្ឋាភិបាល​​លើ​អ្នក​ចោល​សំរាម​ខុសច្បាប់ ខណៈ​បញ្ជាក់​ថា​ ក្រោយ​ចប់​ពិធី​នេះ​វិធាន​ការ​នឹង​អនុវត្តដោ​យ​មិន​លើក​លែង​នោះ​ទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ២០១៩ នៅព្រឹកនេះថា នា​ថ្ងៃបុណ្យ​អុំ​ទូកថ្ងៃ​ទី​១០ ១១ និង​១២ ខែវិច្ឆិកា​ខាង​មុខ​ ក្រសួង​គ្មាន​វិធាន​ការ​ណា​មួយ​ក្នុង​ការ​ពិន័យ​អ្នក​ដែល​បាន​ចូល​រួម​រួច​ចោល​សំរាម​ផ្ដេសផ្ដាស​នោះ​ទេ ដោយ​ប្រើ​ឱកាស​នេះ​ក្នុង​ការ​ផ្សព្វផ្សាយ​វិធាន​ការ​ថ្មី និង​ពន្យល់​ពលរដ្ឋ​ពី​បញ្ហា​នេះ​វិញ។

លោក​ថា៖ « ខ្ញុំ​គិត​ថា ​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ​ បើ​ទោះ​បី​យើង​មាន​ច្បាប់​ក្នុង​ការ​ផាក​ពិន័យ​ ក៏​ខ្ញុំ​គិត​ថា​ ដោយ​សារ​មនុស្ស​ច្រើន​ យើង​ប្រើប្រាស់​នៃ​ការ​អប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​បរិវេនណនៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​​នេះ ​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ជូន​គាត់។ ហើយ​ចប់​បី​ថ្ងៃ​នេះ ​សម្រាប់​អ្នក​ដែល​មិន​មាន​ការ​យល់​ដឹង​ ឬ​ក៏​បន្ត​បំពុល​បរិស្ថាន​ផ្ដេសផ្ដាស ឬ​មួយ​ក៏​អី​ហ្នឹង​ ប្រសិន​ជា​ទីភ្នាក់ងារ​បរិស្ថាន​ ឬ​មួយ​ក៏​ទីភ្នាក់​ងារ​នៅ​តាម​ខណ្ឌ​សង្កាត់គាត់​ចាប់​បាន​គឺ​នឹង​ត្រូវ​ផាក​ពិន័យ » ។

ក្នុង​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​បរិស្ថាន​បាន​សម្រេច​ឱ្យ​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ​ទាំង​អស់​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​អនុវត្តន៍​ការ​ពិន័យ​អន្តរការ​លើ​បទល្មើស​នានា​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី​៧​នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទី​ប្រជុំជន ដោយ​ថា​ ដល់​ពេល​ដែល​ត្រូវ​អនុវត្ត​តឹង​រ៉ឹង​ចំពោះ​អ្នកចោល​សំរាម​មិន​ត្រឹម​ត្រូវ​ហើយ។

ប្រធាន​ក្រុម​យុវជន​សំរាម លោក សាន ដារ៉ាវីត ថា​លោក​មិន​មាន​យោបល់​យ៉ាងណា​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋ​នៅ​ពេល​​នេះ​ទេ ខណៈ​លោក​បញ្ជាក់​ថា ​ក្រុម​លោកនឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​នៅ​ថ្ងៃ​អុំ​ទូក​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរឱ្យ​យក​ចិត្ត​ទុក​ដាក់​​លើ​បញ្ហានេះ​។

លោក​ សាន ដារ៉ាវីត លើកឡើងថា៖ « អ្វី​ដែល​យើង​ធ្វើ​តាំង​ពី​ដើម​មក​គឺ​ចង់​ឱ្យ​មាន​ការ​ចូល​រួម​ យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រសួង​ទេសចរណ៍​បាន​គាំទ្រ​ថា ​ការ​ធ្វើ​បែប​ហ្នឹង​វា​ល្អអី​អញ្ចឹងដែរ។ មាន​ការ​ចូលរួម​ពី​ក្រសួង មាន​ការចូល​រួម​ពី​ពលរដ្ឋ​ទូទៅ​ ពី​យុវជន អញ្ចឹង​នៅ​តែ​អាជ្ញា​ធរ​មួយ​ទៀត​ ប្រសិន​គាត​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទៀត​ វា​នឹង​ធ្វើ​ឱ្យ​ផ្នត់​គំនិត​ពលរដ្ឋ​យើង​លើ​សំរាម​នឹង​ដូចពលរដ្ឋ​ប្រទេស​រីក​ចំរើន​ផ្សេង​ទៀត​ដូច​សាំងហ្គារពួរ​ដូច​អីហើយ » ។ ​

ក្នុង​រយៈពេល​៣ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ​ឱ្យ​ដឹង​ថា ខ្លួន​ប្រមូល​សំរាម​​បាន​​ជាង​៦ពាន់តោន។

ជំពូក​ទី​៧​ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទី​ប្រជុំជន បាន​ចែង​ពី​ការ​ពិន័យ​ជា​ប្រាក់​រាប់​ចាប់​ពី​អ្នក​ចោល​សំរាម​​នៅតាម​ទីសាធារណៈ អ្នក​រៀប​ចំ​សំរាម​ទុក​ដាក់​សំរាម​មិន​ត្រឹមត្រូវ និង​អ្នក​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​សំរាម​ខ្លួន ​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី​ពីរ​ម៉ឺនរៀល​ដល់​បួន​លាន​រៀល​តាម​ទំហំ​នៃ​កំហុស​ដែល​បាន​ប្រព្រឹត្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ