សាលាឧទ្ធរណ៍ដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក៣នាក់ឲ្យនៅក្រៅឃុំ

លោក ថោង សារ៉ាត់។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

តុលាការជាន់ខ្ពស់សម្រេចដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ដែលពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៤ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសំអាងថា ពួកគេមានបញ្ហាសុខភាពទ្រុឌទ្រោម និងសំណុំរឿងមានភាពស្មុគស្មាញ។

សំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានបក្ខពួកចំនួន៥នាក់ រួមមាន ឧកញ៉ា ថោង សារ៉ាត់, ទី២៖ ហួយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និង ទី៤៖ ឈ្មោះ ឃុន ចិត្រា ទី៥៖ ឈ្មោះ សៀង វាសនា ។

ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាឧទ្ធរណ៍ ចុះផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញនេះថា ជនជាប់ចោទចំនួន៥នាក់នោះ មានតែ៤នាក់ប៉ុណ្ណោះដែលសាលាឧទ្ធរណ៍សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា នៅតែបន្តឃុំខ្លួនដដែល ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

លិខិតអនុញ្ញាតិអោយ ថោង សារ៉ាត់ នៅក្រៅឃុំបណ្ដោះអាសន្ន។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ  ដោយទូរសព្ទហៅចូលមិនមានអ្នកទទួល។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ដើមចមដែលនាំឲ្យមានការដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀតនោះ ដោយសារភស្តុតាងនៃសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មានភាពស្មុគស្មាញត្រូវការស៊ើបអង្កេតបន្ថែម ហើយអ្នកពាក់ព័ន្ធមានបញ្ហាសុខភាពទ្រុឌទ្រោមត្រូវការពេលព្យាបាលជំងឺជាដើម។

ខ្លឹមសារសេចក្តីប្រកាសព័ត៌មាន៖ «តាមរយៈសវនាការ ក្រោយពីពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការ ​និងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់មានការស៊ើបអង្កេតបន្ថែម ដើម្បីប្រយោជន៍យុត្តិធម៌នៃសំនុំរឿង»។

អ្វីដែលគួរឲ្យកត់សំគាល់ សាលាឧទ្ធរណ៍បានកំណត់លក្ខខណ្ឌ៤ចំណុចដល់ជនជាប់ចោទទាំង៤នាក់នោះ រួមមាន ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជាដោយមិនមានការអនុញ្ញាតពីតុលាការ ហាមផ្លាស់ប្តូរលំនៅដ្ឋាន ត្រវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ និងចូល​បង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ។

លោកមេធាវី សុក សំអឿន ពន្យល់ជាទូទៅថា ការសម្រេចដោះលែងជនជាប់ចោទ ឬជនសង្ស័យណាម្នាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន លុះត្រាតែការឃាត់ខ្លួននោះមិនស្ថិតនៅទីកន្លែងប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយមិនមានភស្តុតាងច្បាស់លាស់។ ផ្ទុយទៅវិញ លោកថា បើជនដែលសមគំនិត ឬអ្នកផ្តើមគំនិត ​ស្ថិតនៅទីតាំងប្រព្រឹត្តបទល្មើស ហើយមានភស្តុតាងគ្រប់គ្រាន់ តុលាការបែរជាសម្រេចឲ្យនៅក្រៅឃុំ ជារឿងអយុត្តិធម៌ដល់បុគ្គលនោះទៅវិញ។

មេធាវីរូបនោះផ្តល់ជាយោបល់ថា តុលាការមុននឹងសម្រេចឃុំខ្លួនបុគ្គលណាម្នាក់ ត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ។ លោកផ្តល់ជាយោបល់ថា ៖

លោកមេធាវី សុក សំអឿន

«ក្នុងការចាប់ខ្លួន ក្នុងករណីណាមួយ ដូចការស្វែងរកការចាប់ខ្លួនអ្វីមួយក្តី ក៏គួរតែកំណត់ឲ្យបានច្បាស់លាស់ពីរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ព្រោះឥឡូវនេះ ការឃុំខ្លួនបណ្តោះអាសន្ន រឿង​ខ្លះវាអាចដល់៤ ទៅ៥ឆ្នាំ ជួនកាលទៅវាអាចលើសពីអប្បបរមានៃទោស ហើយប្រសិនជាជាប់លើសពីអប្បបរមានៃទោស វាដូចតែគ្នា! មិនទាន់កាត់ក្តីផង មានទោសស្មើនឹងអប្បបរមាបាត់ បើចឹងវាជារៀងយុត្តិធម៌សម្រាប់ជនជាប់ចោទដែរ ឬអត់?»។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការសម្រេចរបស់តុលាការកន្លងមក ទាក់ទងសំណុំរឿងដីធ្លី មន្ត្រីការពារសិទ្ធិមនុស្ស អ្នកនយោបាយ និងសកម្មជនគាំទ្រនយោបាយ ដែលមានជំងឺ និងបញ្ហាសុខភាព ដែលស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន តុលាការភាគច្រើនមិនអនុញ្ញាតិឲ្យនោះទេ ដោយលោកប្រៀបធៀបជាមួយរឿងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកមានការអនុវត្តផ្ទុយគ្នា។

មន្ត្រីសិទ្ធិមនុស្សរូបនោះចាត់ទុកការដោះលែង ឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក ក្រោមហេតុផលសំណុំរឿងស្មុគស្មាញ និងបញ្ហាសុខភាពនោះ អាចរងការរិះគន់ពីមហាជន។ លោកយល់ថា៖

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ

«យើងធៀបទៅដូចជាមានការខុសគ្នារវាងសំណុំរឿងខ្លះ ហើយសំណុំរឿង ថោង សារ៉ាត់ ដែលទាំងអស់នេះវាមានការរិះគន់ជាបន្តទៀតហើយ ទាក់ទងនឹងបញ្ហាទាំងអស់នេះ ប៉ុន្តែ យើងសង្គមស៊ីវិល យើងចង់ឃើញតុលាការអនុវត្តឈលើគោលការណ៍ គោលការណ៍ភស្តុងតាង និងមូលដ្ឋាន ដើម្បីសម្រេច​»។

គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាជំនុំជម្រះបានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌនោះចំនួន០៥លើក ហើយជនជាប់ចោទទាំង៤នាក់ ដែលត្រូវបានតុលាការចោទពីបទ «ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៨, មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ «អំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និង«សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌចែងថា «អំពើឃាត់កម្មគិតទុកជាមុន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត»។ ចំណែកអ្នកផ្តើមគំនិត និងអ្នកសមគំនិត ក្នុងមាត្រា២៨ និងមាត្រា២៩ ចែងថា ត្រូវមានទោសដូចជនដៃដល់ដែលប្រព្រឹត្តផ្ទាល់ដែរ។

ឧកញ៉ា អ៊ឹង ម៉េង ជឺ ត្រូវបានឃាតករបាញ់សម្លាប់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង៧ និង១៨នាទីយប់ ខណៈ​ពេលដែលឧកញ៉ារូបនោះ ចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ