រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា ខ្លួនគ្មានសញ្ជាតិផ្សេងក្រៅពីកម្ពុជាឡើយ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចូលរួមសន្និសីទសារព័ត៌មានមួយនៅក្នុងស្ថានទូតអាល្លឺម៉ង់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថាលោកគ្មានសញ្ជាតិផ្សេងក្រៅពីសញ្ជាតិកម្ពុជានោះឡើយ។

ការអះអាងនេះ ធ្វើឡើងក្រោយពេលភ្នាក់ងារសារព័ត៌មានអន្តរជាតិបានចុះផ្សាយអំពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសាច់ញាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនរូបបានទិញសញ្ជាតិ Cypriot នៅតំបន់អឺរ៉ុប និងកំពុង​សុំសញ្ជាតិពីប្រទេសមួយនេះថែមទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញនាព្រឹកនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន មិនបានឆ្លើយតបទៅនឹងសំណួរអ្នកកាសែត ជុំវិញការទិញនិងស្នើសុំសញ្ជាតិពីប្រទេស Cyprus  នោះឡើយ ដោយលោករុញឱ្យសួរទៅស្ថាប័នជំនាញ។

ចំណែករូបលោកវិញ លោកអះអាងថា គ្មានសញ្ជាតិផ្សេងក្រៅពីកម្ពុជានោះឡើយ។

លោក ប្រាក់ សុខុន៖ «[អ្នកកាសែត] អីចឹងមួយទៀត តើឯកឧត្តមមានសញ្ជាតិផ្សេងដែរទេចាស៎? [លោក ប្រាក់ សុខុន] ខ្ញុំខ្មែរសុទ្ធ។ ហាសហា»។

កាលពីថ្ងៃទី១៦ ខែតុលា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuter) បានចុះផ្សាយថា ​សាច់ញាតិ និងមន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាចមួយចំនួនដែលស្និទ្ធនឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយលុយរាប់លានដុល្លារសហរដ្ឋអាមេរិកទៅវិនិយោគនៅប្រទេស Cyprus ដែលជាប្រទេសតូចមួយក្នុងសហគមន៍អឺរ៉ុប​ ដើម្បីទទួលបាន​សញ្ជាតិ​​ប្រទេសនេះ​។

ទីភ្នាក់ងារសារព័ត៌មានដដែល បញ្ជាក់ថា សាច់ញាតិ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំងនោះរួមមាន កូនស្រីលោក ហ៊ុន ណេង ដែលជាបងបង្កើតលោក ហ៊ុន សែន គឺ អ្នកស្រី ហ៊ុន គឹមឡេង ​មានអចលនទ្រព្យតម្លៃរាប់សិប​​លានដុល្លារសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៍ និងសិង្ហបុរី ព្រមទាំងបានវិនិយោគក្នុងទំហំទឹកប្រាក់ជាង២លានដុល្លារនៅប្រទេស Cyprus ហើយអ្នកស្រីទទួលបាន​សញ្ជាតិ​ប្រទេសនេះ​ក្នុង​ឆ្នាំ២០១៦។ ​

ប្រភពដដែលបន្ថែមថា លោក នេត សាវឿន ស្វាមីអ្នកស្រី ហ៊ុន គឹមឡេង និងកូនស្រីរបស់ខ្លួនពីរនាក់ទៀត ក៏បានស្នើ​សុំសញ្ជាតិពីប្រទេស Cyprus ​ក្នុងឆ្នាំ២០១៦។ ​បន្ថែមពីនេះ អ្នកស្រី ហ៊ុន ចន្ថា ក្មួយ​ស្រីម្នាក់ទៀត​របស់លោក ហ៊ុន សែន បានកាន់កាប់អចលនទ្រព្យតម្លៃរាប់សិបលានដុល្លារនៅក្រុងឡុងដ៍ និងជិះយន្តហោះ​ឯកជនទៅ​កាន់រមណីយដ្ឋានប្រណិតៗនៅតំបន់អឺរ៉ុបទៀតផង។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឲ្យដឹងទៀត អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាមនុស្សស្និទ្ធនឹងភរិយាលោក ហ៊ុន សែន ទទួលបានសញ្ជាតិពីប្រទេស Cyprus  នៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិនិយោគ​លុយ​២​លានដុល្លារសហរដ្ឋអាមេរិកលើសណ្ឋាគារ Radisson Blu នៅប្រទេសនេះក្នុងឆ្នាំដដែល។

 រីឯស្វាមីរបស់យាយ ភូ វិញ គឺលោក ឡៅ ម៉េងឃិន ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ​​បាន​​ស្នើសុំសញ្ជាតិពីប្រទេស Cyprus ជាមួយសមាជិកគ្រួសារ៥នាក់ផ្សេងទៀតនៅក្នុងឆ្នាំ ២០១៦ និង២០១៧។

រ៉យទ័រ ឱ្យដឹងទៀតថា ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំសញ្ជាតិហ្ស៊ីប ក្នុងឆ្នាំ២០១៧ដែរ។ ​ចំណែកភរិយារបស់លោក អូន ព័ន្ធមុនីរ័ត្ន គឺអ្នកស្រី អ៊ឹម ប៉ូលីកា ដែលជាកូនបង្កើតអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សុទ្ធី បានវិនិយោគលុយជាង២លានដុល្លារសហរដ្ឋអាមេរិកលើសណ្ឋាគារ Radisson Blu ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិពីប្រទេស Cyprus  ក្នុងឆ្នាំដដែលនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ