លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំដល់ពលរដ្ឋមានការយោគយល់ដោយថា ចាប់ពីពេលនេះរហូតដល់ខែឧសភាឆ្នាំក្រោយ កម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់ដូចខែប្រាំងឆ្នាំនេះទៀត។
ថ្លែងក្នុងពិធីប្រកាសប្រើប្រាស់ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅព្រឹកនេះ លោក ហ៊ុន សែន ថ្លែងថា សុំទោសពលរដ្ឋជាមុនលើការផ្គត់ផ្គង់អគ្គសនី ដោយថា ចាប់ពីពេលនេះទៅ ស្ថានភាពទឹកមិនអាចផ្ដល់គ្រប់គ្រាន់ក្នុងការបង្វិលតួប៊ីនវារីអគ្គិសនីបានគ្រប់គ្រាន់នោះទេ។ លោកបន្ថែមថា បញ្ហា នេះអាចអូសបន្លាយដល់ខែឧសភា ឆ្នាំ២០២០ខាងមុខ គឺពេលនោះកម្ពុជាដំឡើងម៉ាស៊ីនភ្លើងចំនួន២ដែលមានកម្លាំង៤០០មេហ្គាវ៉ាត់នៅក្បែភ្នំពេញរួច។ លោកថា៖
« ហើយក៏សូមអំពាវនាវចំពោះម្ចាស់សណ្ឋាគារទាំងឡាយដែលមានម៉ាស៊ីនភ្លើងខ្លួនឯង នៅពេលដែលមានការចាំបាច់ហើយត្រូវការកាត់ភ្លើងហ្នឹងក៏ត្រូវការប្រើប្រាស់ម៉ាស៊ីនហ្នឹងបណ្ដោះអាសន្នសិន ទំរាំរដ្ឋរឹងដៃរឹងជើងដំឡើងអានេះ (ម៉ាស៊ីនភ្លើង២ នៅជាយក្បែរក្រុង) បានគឺយើងផ្គត់ផ្គង់បានហើយ ចាប់ពីខែឧសភាទៅ » ។
បើតាមលោកនាយករដ្ឋមន្ត្រី បើទោះបីកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់ភ្លើងបាន ១៣២៨មេហ្គាវ៉ាត តែបច្ចុប្បន្ន ខ្លួនអាចផលិតភ្លើងបានចន្លោះពី ១៨០មេហ្គាវ៉ាត់ ដល់ ៦៨៧មេហ្គាវ៉ាត់ប៉ុណ្ណោះ ដោយសារការខ្សត់ខ្សោយទឹក។
សកម្មជនចលនាមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ មានប្រសាសន៍ថា បញ្ហាអគ្គិសនីដែលកម្ពុជាជួបប្រទះអគ្គិសនីនេះ វាបង្ហាញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាល ខណៈការកសាងទំនប់វារីអគ្គិសនី និងរោងចក្រធ្យូងថ្មជាច្រើនហាក់គ្មានឆ្លើយតបចំពោះបញ្ហានេះ។ លោកជំរុញឱ្យរដ្ឋាភិបាលគិតពីប្រភពថាមពលថ្មីវិញជាជាងពឹងផ្អែកតែលើវារីអគ្គិសនី និងធ្យូងថ្ម។ លោកថា៖
« យើងឃើញថា នៅខ្មែរយើងទំនប់វារីអគ្គិសនីចាប់ផ្ដើមសាងសង់ជាបន្តបន្ទាប់ ហើយថាមពលធ្យូងថ្មដែលប្រទេសគេឈប់ប្រើអស់ហើយ ក៏យើងមិនត្រឹមតែសង់បានមួយ ក៏គម្រោងគេកសាងថ្មីទៀតនៅក្រុងព្រះសីហនុ ហើយលទ្ធផលនៅតែមានខ្វះអគ្គិសនីដដែល។ ដល់អញ្ចឹង ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែចាប់ផ្ដើមគិតគូរពីជម្រើសដែលអ្នកវិទ្យាសាស្ត្រផ្ដល់ឱ្យទាក់ទងនឹងថាមពលព្រះអាទិត្យ ឬថាមពលជីវម៉ាស់ជាជាងផ្ដោតទៅលើថាមពលវារីអគ្គិសនី ឬធ្យូងថ្ម» ។
ក្នុងរដូវប្រាំងឆ្នាំនេះ ពលរដ្ឋកម្ពុជាជាច្រើនគ្រួសាររងការប៉ះពាល់ពីការដាច់ចរន្តអគ្គិសនី ដោយរដ្ឋាភិបាលថាបណ្ដាលមកពីកង្វះថាមពល ដោយសារខ្វះទឹកសម្រាប់បង្វិលតួប៊ីនទំនប់វារីអគ្គិសនី ទោះជាយ៉ាងណា ខ្លួននឹងខិតខំធ្វើការដោះស្រាយមិនឱ្យមានបញ្ហានេះកើតឡើងឡើយនៅខែប្រាំងឆ្នាំ២០២០៕