អគ្គលេខាធិការ​សហប្រជាជាតិ​រម្លឹក​ពី​ភាព​ចាំបាច់នៃ​ការ​ចរចា​ដោយ​សន្ដិវិធី​នៅ​កម្ពុជា

អគ្គលេខា​ធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គុយតេរេស – លោក ហ៊ុន សែន និងលោក សម រង្ស៊ី។

អគ្គលេខា​ធិការ​សហប្រជាជាតិ​ លោក អង់តូនីញូ ហ្គុយតេរេស បាន​រម្លឹក​ពី​ភាព​ចាំ​បាច់​នៃ​ការ​ចរចារដោយ​សន្ដិវិធី​នៅ​កម្ពុជា​បច្ចុប្បន្ន​ ដែល​នឹង​បង្ក​ឱ្យ​មាន​បរិយាកាស​នយោបាយ​អំណោយ​ផល​មួយ​ដល់​ជាតិ។ នេះ​បើ​តាម​ហ្វេសបុក​ផ្លូវ​ការ​របស់​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។

ទំព័រហ្វេសបុក​​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ប្រចាំ​កម្ពុជា United Nations Human Rights in Cambodia សរសេរនៅថ្ងៃនេះថា​ អគ្គលេខា​ធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គុយតេរេស កំពុង​តាមដាន​ស្ថានភាព​វិវឌ្ឍន៍​នៅ​កម្ពុជា​ ទាក់ទង​នឹង​ការប្រកាសវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី និងមេដឹកនាំផ្សេងទៀតនៃគណបក្សប្រឆាំង។ លោកមានក្តីបារម្ភចំពោះវិធានការរឹតត្បិតរបស់អាជ្ញាធរទៅលើសេរីភាពក្នុងការធ្វើដំណើរ ការជួបប្រជុំ និង​ការ​ដាក់​ពង្រាយ​កម្លាំង​យោធានៅតាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសថៃ។ United Nations Human Rights in Cambodia បាន​សរសេរ​ថា៖

« អគ្គលេខាធិការ​ធ្វើការ​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​ក្នុងការ​បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​ដោយ​សន្តិវិធី ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ និងមាន​បរិយាកាស​នយោបាយ​មួយ​ដែល​អំណោយ​ផល ដោយគ្មានការបំភិតបំភ័យ ការយាយីធ្វើទុក្ខបុកម្នេញ ឬការភ័យខ្លាច » ។

ក្រោយ​​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញនា​ថ្ងៃទី​៩ វិច្ឆិកា​ លោក សម រង្ស៊ី អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ទូទៅ ឱ្យ​ចូល​រួម​ទទួល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក​​ ខណៈ​​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​ទុក​ជា​ការប្រកាសនេះជា​ចេតនា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ទ័ព​ត្រៀម​បង្ក្រាប​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ