ក្រសួងការបរទេសមិនបានស្នើម៉ាឡេស៊ីឃាត់ខ្លួន​លោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀតទេ

លោក សម រង្ស៊ី នៅអាកាសយានដ្ឋាន Roissy ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ រ៉យទ័រ

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជាថា ​ក្រសួង​មិន​បាន​ទំនាក់ទំនង​បន្ថែម​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ីដើម្បី​​អន្តរាគមន៍​​ឃាត់ខ្លួនលោក សម រង្ស៊ី និង​មន្ត្រីអតីត​បក្សប្រឆាំង​នៅ​ទី​នោះ​ទេ ដោយ​ថា​កម្ពុជា​គោរព​សិទ្ធិសម្រេច​របស់​ប្រទេស​ដទៃ។

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​ លោក កុយ គួង បាន​ឱ្យ​ VOD ដឹងនៅ​រសៀល​នេះថា​ កម្ពុជាមិន​បាន​​ស្នើ​សុំ​បន្ថែម​ទៀត​ដើម្បីឱ្យ​ប្រទេស​ម៉ាឡេស៊ី​អន្តរាគមន៍​លើ​មន្ត្រី​អតីត​បក្សប្រឆាំង​នៅ​ទី​នោះ​ឡើយ ក្រៅ​ពីជូន​ដំណឹង​អំពីសេចក្តី​​សម្រេច​​របស់​តុលាការ​ដែល​ផ្ញើ​ជូនប្រទេស​នានា​នៅ​តំបន់​អាស៊ាន​កាល​ពីកន្លង​ទៅ​។ លោក​កុយ គួង៖

« អត់​មាន​សេចក្តីថ្លែង​ការណ៍​អី​ផ្សេង​ទៀត​ទេ ហើយ​រឿង​ព័ត៌មាន​អ្នក​ទាំង​នោះ​នៅ​ទីណា​អី​ហ្នឹង​ក៏​យើង​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់​ទេ។ គ្រាន់​តែ​យើង​បាន​ឭទៅ​តាម​បណ្ដាញ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែរ ហើយ​យើង​គោរព​នូវ​នីតិ​វិធី​ផ្ទៃ​ក្នុង​របស់​ប្រទេស​​ដទៃ យើង​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គេ​ទេ » ។

សារព័ត៌មាន​ Reuters បាន​ឱ្យ​ដឹង​នៅ​រសៀល​នេះ​ថា​ លោក សម រង្ស៊ី បាន​ចុះ​ដល់​ប្រលាន​យន្ត​ហោះ​កូឡាឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី​ហើយ។

ក្រៅពី​លោក សម រង្ស៊ី នៅពេល​នេះ​មាន​លោកស្រី មូ សុខហួរ និង​សកម្ម​ជនមួយ​ចំនួន​របស់​អតីត​បក្ស​សង្គ្រោះជាតិ​ក៏​កំពុង​ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

កាល​ពី​ថ្ងៃ​៧​ ខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិបានជំរុញ​ដល់​អាជ្ញាធរកម្ពុជាឱ្យ​បញ្ឈប់​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ប្រទេសក្នុងតំបន់អាស៊ាន​ ដើម្បីរំខាន និងចាប់ឃាត់ខ្លួនថ្នាក់ដឹកនាំអតីតបក្សស​ង្គ្រោះជាតិ និងពលរដ្ឋ​កម្ពុជា​ដែល​ពាក់ព័ន្ធនឹងការគាំទ្របក្សនេះ នៅលើទឹកដីប្រទេសទាំងនោះ ដោយ​ថា​ វា​ជារឿង​ដែល​ហួស​ចិត្ត​មួយ​សម្រាប់​ប្រទេស​មួយ​ដាក់​សម្ពាធ​ប្រទេស​ដទៃ​ឱ្យ​ធ្វើ​តាម​ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ