កម្ពុជាចោទអ្នករាយការណ៍ UN បំភ័ន្តស្ថានភាពពិតនៅកម្ពុជា

លោកស្រី រ៉ូណា ស្មីត។

រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិស្ដីពី​សិទ្ធិ​មនុស្ស​ លោក​ស្រី ​រ៉ូណា ​ស្មីត ​ពី​កង្វល់​របស់​លោក​ស្រី​ទៅ​លើ​ស្ថាន​ការណ៍​វិវត្តន៍​ចុងក្រោយ​​នៅ​កម្ពុជា ថាកំពុង​បំភ័ន្ត​មហាជន​ពីស្ថាន​ភាព​ពិតនៅ​កម្ពុជា។​

កាល​ពី​ម្សិល​មិញ​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិស្ដីពី​សិទ្ធិ​មនុស្ស​ លោក​ស្រី ​រ៉ូណា ​ស្មីត បាន​ចេញ​របាយការណ៍​​មួយ​ដែលបង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ផ្នែក​​​នយោបាយ​​កាន់​តែ​ខ្លាំង​ឡើង​ៗ រួមទាំង​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំ​ដែន និង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​ឡើងវិញ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់ និងការ​ជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​ខ្លួន​។ 

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៩​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ UN នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​បាន​កត់​សម្គាល់​ថា ​ការ​ចេញ​ផ្សាយ​របស់​លោកស្រី ​រ៉ូណា ស្មីត ថា​​មាន​ការ​វាយ​តម្លៃ​ដែល​​គ្មាន​តុល្យភាព និង​បង្ក​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​ចំពោះរដ្ឋាភិបាល​កម្ពុជា។

ស្ថាន​បេសកកម្ម​បាន​បកស្រាយ​ថា ការ​ចាប់​ឃុំ​ខ្លួន​មួយ​​ចំនួន​នោះ និង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​​គឺ​មិន​អាច​បកស្រាយ​ថា​ជា​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នោះ​ទេ គឺ​ជា​ការ​អនុវត្ត​ច្បាប់​សុទ្ធសាធ​ដើម្បី​រក្សា​ស្ថិរភាព​ សន្ដិសុខសង្គម និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​។ ស្ថាន​បេសកម្ម​បានយល់​ឃើញ​ថា៖

« អាណត្តិ​របស់​អ្នក​សរសេរ​របាយការណ៍​ពិសេស​គឺ​ជួយ​កម្ពុជា​ក្នុង​ការ​លើក​ស្ទួយ​ និង​ការ​ពារសិទ្ធិ​មនុស្ស តាម​រយៈ​កិច្ច​សន្ទនា​ និងកិច្ច​សហ​ប្រតិបត្តិការ ពុំ​មែន​ចេញ​ផ្សាយ​ព័ត៌មាន​សាធារណៈ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ភ័ន្តច្រឡំ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អំពោះ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​យុត្ត​ធិការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​នោះ​ទេ » ។

ក្រោយ​ការ​ប្រកាស​​របស់​លោក ​សម រង្ស៊ី ថា​លោក​នឹង​ចូល​ស្រុក​នាថ្ងៃ​ទី​៩ វិច្ឆិកា​នេះ​ ដោយ​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​ទូទៅឱ្យ​ចូល​រួម​ទទួល​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​មក​វិញនេះ​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ចាប់​ផ្ដើម​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​លើ​អ្នក​គាំទ្រ​លោក ​សម រង្ស៊ី និង​ត្រៀម​កម្លាំង​ចាំ​បង្ក្រាប​ផង​ដែរ​។

តាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឲ្យដឹងថា ​គិតត្រឹមថ្ងៃ​ម្សិលមិញ​ អ្នក​ដែល​ត្រូវចាប់ខ្លួនពីបទ “រួមគំនិតក្បត់” មានចំនួន៦៤នាក់ មានដីកាតាមចាប់ខ្លួន៩១នាក់ទៀត និងចេញ​មុខ​សារ​ភាព​៤១១នាក់។

កាល​ពី​ម្សិល​មិញ​ អគ្គលេខាធិការ ​UN លោក អង់តូនីញូ ហ្គុយតេរេស តាម​រយៈ​អង្គការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ឱ្យ​ដឹង​ថា​ លោកកំពុងតាមដានស្ថានភាពវិវឌ្ឍន៍នៅកម្ពុជា ទាក់ទង​នឹង​ការ​ប្រកាស​​វិល​ត្រឡប់​មក​វិញ​របស់លោក សម រង្ស៊ី ដោយ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​វិធាន​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ទៅ​លើ​សេរី​ភាពក្នុងការធ្វើដំណើរ ការជួបប្រជុំ និងការដាក់ពង្រាយ​កម្លាំង​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ។

ក្នុង​នោះ​ លោក អង់តូនីញូ ហ្គុយតេរេស ក៏​បាន​រម្លឹក​ពី​ភាព​ចាំ​បាច់​នៃ​ការ​ចរចាដោយ​សន្ដិវិធី​នៅ​កម្ពុជា​បច្ចុប្បន្ន​ ដែល​នឹង​បង្ក​ឱ្យ​មាន​បរិយាកាស​នយោបាយ​អំណោយ​ផល​មួយ​ដល់​ជាតិផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ