ថ្ងៃឯករាជ្យ លោក ហ៊ុន សែន ​អំពាវនាវឱ្យរក្សាសន្តិសុខ លោក សម រង្ស៊ី ឱ្យផ្លាស់ប្តូរ

លោក សម រង្ស៊ី និងលោក ហ៊ុន សែន។

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋខ្មែរ​រួមគ្នា​បន្ត​រក្សា​ការពារ​ស្ថិរភាព​ជាតិ​​បច្ចុប្បន្ន ខណៈ​លោក ​សម រង្ស៊ី ថ្លែង​ឱ្យ​ពលរដ្ឋមាន​ការ​តាំង​ចិត្ត​ខ្ពស់ជា​មួយ​លោក​​ក្នុង​ការ​ផ្លាស់​ប្ដូរ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសបុក​របស់​លោក​ថា ថ្ងៃ​ទី​៩ វិច្ឆិកា​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​បាន​ទទួល​ឯករាជ្យពី​បារាំង ដែល​ជា​ថ្ងៃ​រីករាយ​​ចំពោះ​មោទនភាពជាតិ​ ដោយ​មិន​ត្រូវ​ឱ្យ​មាន​អ្វី​មក​រំខាន​ដល់​សេចក្តីសុខ និង​សន្ដិភាព​របស់​កម្ពុជា​តទៅទៀត​ឡើយ។ លោក​សរសេរ​ថា៖

« ខ្ញុំសូមអរគុណ​ដល់​បងប្អូន​រួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​យើង​មក​ទល់​សព្វ​ថ្ងៃ​។ ដើម្បី​អបអរសាទរ​នៅ​ក្នុង​ខួប៦៦​ឆ្នាំនៃទិវាបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦៦ ​និង​ខួប​នៃ​ការ​បង្កើត​កង​យោធពល​ខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ទទួល​ទាន​អំបុក​ដែល​ជា​នំ​ចំណី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​យើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ” » ។

ខុស​ពី​លោក​នាយករដ្ឋមន្ត្រី​ គូបដិបក្ខរបស់​លោក​គឺ​លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ​ក៏​បាន​ចេញ​វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែរ​ដោយ​ប្រកាស​ពី​ជំហរ​របស់​លោក​ក្នុង​ការ​នាំ​ពលរដ្ឋ​ឈរតវ៉ា​ប្រឆាំង​រដ្ឋ​អំណាច​របស់​លោក ហ៊ុន សែន នា​ថ្ងៃបុណ្យ​ឯករាជ្យ​នេះ​ ដែលលោក​ថា​​នឹង​នាំ​មកនូវ​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​កម្ពុជា។ លោក​ថា៖

« សុំ​បងប្អូន​ជឿជាក់​ចុះ​ ការ​ខិត​ខំប្រឹង​ប្រែង​ ការ​លះបង់របស់​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​មាន​ទាំង​រូប​ខ្ញុំ​ សម រង្ស៊ី​ ផងដែរ គឺ​នៅ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​មិន​ចុះ​ថយ​ឡើយ ផ្ទុយ​ទៅវិញ​គឺ​កាន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​នាំ​មក​ការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដែលយើង​ចង់​បាន​ទាំង​អស់​គ្នា » ។

ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​នៅ​ឆ្នាំ​នេះ ​មិន​ទាន់​ឃើញ​សារ​នយោបាយ​ពី​អ្នក​នយោបាយ​លេចធ្លោ​មួយ​ទៀត​គឺ​លោក កឹម​ សុខា នៅ​ឡើយ​ទេ ខណៈ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ជាង​២​ឆ្នាំ​មក​​ហើយ​នោះ។

ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួនលោក កឹម សុខា និង​រំលាយ​បក្ស​ប្រឆាំង​នា​ឆ្នាំ​២០១៧ ជា​មួយ​​​​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា ហើយ​​​លោក​ ហ៊ុន សែន ប្រកាស​បង្ក្រាប​នោះ​ វា​កាន់​តែ​ធ្វើឱ្យ​ស្ថាន​ភាព​នយោបាយ​​​​​ដែល​កំពុងប្រះស្រាំ​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

អគ្គលេខា​ធិការ​សហប្រជាជាតិ​ លោក អង់តូនីញូ ហ្គុយតេរេស កាល​ពីម្សិល​មិញ​បាន​រម្លឹកអ្នក​នយោបាយ​ខ្មែរ​​ពី​ភាព​ចាំ​បាច់​នៃ​ការ​ចរចាដោយ​សន្ដិវិធី​មួយ​នៅ​កម្ពុជា​ ដែល​វា​​នឹង​បង្ក​ឱ្យ​មាន​បរិយាកាស​នយោបាយ​អំណោយ​ផល​មួយ​ដល់​ជាតិឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ