លោក កឹម សុខា ប្ដេជ្ញា​ទាមទារ​សេរីភាព​ពេញ​លេញ​ត្រឡប់​មក​វិញ

លោក កឹមសុខា ចុះជួបសមាជិក និងអ្នកគាំទ្រនៅមូលដ្ឋានកាល​ពី​ឆ្នាំ២០១៦។

មេដឹកនាំ​អតីតបក្ស​ប្រឆាំង លោក កឹម សុខា បាន​​លើក​ឡើង​ថា លោក​នឹង​បន្ត​ទាមទារ​សេរីភាព​ពេញ​លេញ​របស់​លោកត្រឡប់​មក​វិញ ហើយ​នឹង​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​​ដោះ​លែង​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។ នេះ​បើតាម​សារ​ដែល​ត្រូវ​បាន​ផុស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​រសៀល​ថ្ងៃ​នេះ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​​ចោល​នោះ អាច​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​បរិវេណ​គេហដ្ឋាន​របស់​គាត់ ប៉ុន្តែ មិន​អនុញ្ញាត​ឱ្យ​លោក​ចាក​ចេញ​ផុត​ពី​ព្រំ​ដែន​កម្ពុជា និង​ហាម​ធ្វើ​សកម្មភាព​នយោបាយ​។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​នេះ​ថា លោក​នឹង​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល ២​ឆ្នាំ​។ទំព័រ​ហ្វេសប៊ុក​លោក កឹម សុខា រៀបរាប់​ថា​៖

«ខ្ញុំ​រំពឹង​ថា សេចក្ដី​សម្រេច​ក្នុង​ថ្ងៃ​នេះ គឺ​ជា​ជំហាន​ទី​១ ប៉ុន្តែ រូប​ខ្ញុំ​ក៏​​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​បាន​បាត់​បង់​សិទ្ធិ​សេរីភាព​នយោបាយ នៅ​តែ​ត្រូវ​ការ​ដំណោះ​ស្រាយ និង​យុត្តិធម៌​ពិត​ប្រាកដ»

លោក ផែង ហេង មេធាវី​មួយ​រូប​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​​លោក កឹម សុខា បាន​បញ្ជាក់​ថា សារ​នៅ​លើ​ទំព័រហ្វេសប៊ុក​នោះ ត្រូវ​បាន​ផុស​ បន្ទាប់​ពី​ការ​អនុញ្ញាត​ពី​លោក កឹម សុខា។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​បន្ត​ថា៖

«ខ្ញុំ​សូម​ផ្ញើ​សេចក្ដី​នឹក​រលឹក​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ខ្ញុំ​នឹង​ទៅ​ជម្រាប​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ»

លោក ផែង ហេង បាន​ប្រាប់​ថា ដំណើរ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ជា​លើក​ដំបូង​របស់​លោក កឹម សុខា ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​ទាំង​យប់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម រហូត​ដល់​​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ