លោក ​កឹម សុខា ថ្លែង​ជា​សាធារណៈ​លើក​ដំបូង​ក្រោយ​ជាប់​ឃុំ​រយៈ​ពេល​២​ឆ្នាំ

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

ប្រធាន​អតីត​គណ​បក្សសង្គ្រោះជាតិ​ លោក កឹម សុខា បាន​ថ្លែង​សុំ​ទោស​ទៅ​ដល់​សាធារណជន​ចំពោះ​​ការ​បដិសេធ​​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ដោយ​ថា​ ការ​ដាក់​លក្ខខណ្ឌ​របស់​តុលាការ​ធ្វើ​ឱ្យ​លោក​ពិបាក​ក្នុ​ងការ​និយាយ​ស្ដី។

ថ្លែង​ជា​លើក​ដំបូង​បន្ទាប់​ពី​ជាប់​ឃុំ​ខ្លួន​ជាង​ ២​ឆ្នាំ​នៅ​ក្នុង​​ពន្ធនាគារត្រពាំងផ្លុង និង​ផ្ទះ​របស់​លោក​ នៅ​រសៀល​នេះ​ លោក​ កឹម សុខា ប្រាប់ថា ​ដោយ​សារ​ការ​កំណត់​របស់​តុលាការ​ដែល​ហាម​ឃាត់​ការ​ធ្វើ​នយោបាយ​របស់​លោក​ បាន​ធ្វើ​ឱ្យ​លោក​ពិបាក​ជា​ខ្លាំង​ក្នុង​ការ​​និយាយ​ជា​មួយ​សាធារណជន។ លោក ​កឹម សុខា ថ្លែង​ថា៖

«ទម្លាប់ខ្ញុំចូលចិត្តអ្នកសារព័ត៌មានខ្ញុំចូលចិត្តជួបប្រជាពលរដ្ឋ តែជាអកុសលគួរឱ្យសោកស្ដាយ ដោយសារគេហាមខ្ញុំមិនឱ្យធ្វើតាមនយោបាយ មិនឱ្យនិយាយពីរឿងនយោបាយហើយខ្ញុំមិនដឹងភាសាអីមិនមែនជារឿងនយោបាយទេ ខ្ញុំមិនទាន់ដឹងទេ ព្រោះថា កាលណាយើងនិយាយទៅ គេអាចថា គេកំណត់ប៉ុណ្ណា ដល់អញ្ចឹងខ្ញុំមិនទាន់ច្បាស់ហើយខ្ញុំសុំអធ្យាស្រ័យពីអ្នកសារព័ត៌មានទាំងអស់ ដែលខ្ញុំមិនអាចនិយាយឆ្លើយឆ្លងគ្នាបាន ដោយមានការហាមឃាត់ខ្ញុំ ដីការកាលពីម្សិលមិញហ្នឹង»

ឯកអគ្គ​ទូត​អាមេរិក​ លោក W. Patrick Murphy ដែល​បាន​ជួប​ជា​មួយ​លោក​ កឹម​ សុខា នៅ​រសៀល​នេះ​ បាន​ថ្លែងថា លោក​មើល​ឃើញ​ថា លោក កឹម សុខា គឺ​មនុស្ស​សន្តិភាព ចិត្ត​ល្អ និង​ជា​មេដឹកនាំ​មាន​បទពិសោធន៍ ហើយ​លោក​សោក​ស្ដាយដែល​សេរីភាព​របស់​លោក​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​មក​នេះ។

អគ្គ​រដ្ឋ​ទូត​អាមេរិក​រូប​នេះ​ដែល​ទើប​តែ​ចូល​កាន់​តំណែង​ការទូត​នេះ​កាល​ពី​ខែ​សីហា​កន្លង​មក​នោះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់​លោក កឹម សុខា និង​អ្នក​នយោបាយ​ដទៃ​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ចូលរួម​ក្នុង​សកម្មភាព​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ»«ផ្ដួល​រំលំ​រដ្ឋាភិបាល»។ លោក​ Patrick Murphy មាន​ប្រសាសន៍​ថា៖

«ជាការឱ្យយោបល់ក្នុងនាមជាមិត្តមួយកម្ពុជាគួរតែរកមធ្យោបាយក្នុងការធ្វើឱ្យលោក កឹម សុខា មានសេរីភាពវិញទាំងស្រុង ដោយទម្លាក់ចោលការចោទប្រកាន់លើគាត់ ក៏ដូចជាអ្នកដទៃទៀតដែលសេរីភាពរបស់ពួកគេត្រូវបានហាមឃាត់។ យើងចង់ឱ្យពួកគេមានសេរីភាព និងអនុញ្ញាតឱ្យដើរហើរទាំងក្នុងនិងក្រៅប្រទេសក្នុងការធ្វើទំនាក់ទំនង ដូច្នេះសំឡេងរបស់ពួកគេនឹងត្រូវបានពិភពលោកបានឮ»

​​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​​ឱ្យ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ ជាប់​​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​រួម​មាន​ ​មិន​​អនុញ្ញាត​ឱ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​ ហាម​ឃាត់​ការ​ធ្វើ​នយោបាយ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​គ្រប់​សមត្ថកិច្ច។  

លោក កឹម សុខា អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ