មន្ត្រី​ថា តុលាការ​​ភ្នំពេញ​សម្រេច​ដោះ​លែង​អ្នក​គាំ​ទ្រ CNRP ១០​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ

ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ ធ្វើ​ដំណើរ​អម​ដោយ​សន្តិសុខ​ចាក​ចេញ​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

មន្ត្រី​នាំ​ពាក្យ​តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ១០​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់​វីអូឌី​នៅ​ល្ងាច​ថ្ងៃ​នេះ​ថា ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បង្គាប់​ឱ្យ​ដោះ​លែង​មនុស្ស ១០​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា បាន​«ចូលរួម​គំនិត​ក្បត់»។ លោក អ៊ី រិន្ទ មាន​ប្រសាសន៍​ថា​៖

«នៅ​ថ្ងៃ​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បង្គាប់​ឱ្យដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ទៅ​លើ​អ្នក​ដែល​បាន​ចូលរួម​គំនិត​ក្បត់ គឺ​មាន ១០​នាក់ រហូត​ដល់​ម៉ោង​នេះ គឺ​យើង​បាន​ចេញ​ដីកា​ទៅ​ហើយ ហើយ​ខាង​ពន្ធនាគារ​គេ​អនុវត្ត»

តុលាការ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជា​ឱ្យ​មាន​ការ​ដោះ​លែងមនុស្ស​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួនក្រោម​ការ​ចោទ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ផែនការ​វិល​ត្រឡប់​របស់​អតីត​មេ​បក្ស​ប្រឆាំង។

ក្រៅ​ពី​បញ្ជា​ឱ្យ​ដោះ​លែង​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ទូទាំង​ប្រទេស​កុំ​ឱ្យ​ចាប់​ខ្លួន​សកម្មជន ឬ​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ហើយ​បើក​ឱ្យ​ពួកគេ​វិល​ត្រឡប់​ពី​ការ​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស ចូល​ស្រុក​វិញ​ដោយ​គ្មាន​ទុក្ខ​ទោស​អ្វី​នោះ​ឡើយ។

អគ្គ​នាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ លោក នុត សវនា បានប្រាប់​ថា លោក​ទទួល​ដំណឹង​ថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ៤​រូប​នៅ​ខេត្ត​កំពង់ធំ ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ សម្រាប់​តួលេខ​នៃ​ការ​ដោះ​លែង​នៅ​ទូទាំង​ប្រទេស លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។ លោក នុត សវនា មាន​ប្រសាសន៍​ថា​៖

«អូ! អាទូទាំងប្រទេស វាច្រើនដែរ ហើយខាងពន្ធនាគារមួយៗហ្នឹង អត់ទាន់បានរាយការណ៍មក។ គ្រាន់តែដឹងថា នៅកំពង់ធំហ្នឹង មានអ្នកទាំង ៤នាក់ហ្នឹងបានស្នើសុំហើយ។ ចាំមើលខ្ញុំសួរថែមទៀត ប៉ុន្តែ អត់ទាន់មានឃើញអ្នកណារាយការណ៍មក»

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​ថា លោក​ក៏​ពុំ​ទាន់​មាន​តួលេខ​អំពី​ការ​ដោះ​លែង​សកម្មជន ឬ​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ ដោយ​ថា ក្រសួង​កំពុង​ប្រមូល​ទិន្នន័យ​ពី​តាម​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​នានា។ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា​៖

«ក្រសួង​រហូត​ដល់​ពេល​នេះ កំពុង​ធ្វើការ​ជាមួយ​តុលាការ​នៅ​ឡើយ ដើម្បី​ស្រង់​ស្ថិតិ​ថា តើ​ប៉ុន្មាន​នាក់​ជាប់​ដីកា​តាម​ចាប់​ខ្លួន ហើយ​ប៉ុន្មាន​នាក់​ទៀត​ដែល​រង​នូវ​បទ​ចោទ ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ធ្វើ​ការ​បូក​សរុប​នៅ​ឡើយ​ទេ»

លោក សំ សុគង់ មេធាវីម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារក្តីឱ្យសកម្មជនអតីតបក្សប្រឆាំង បាន​ឱ្យដឹងថា មាន​សកម្ម​ជនបក្ស​ប្រឆាំង ៣​រូប ក្នុង​នោះ ២​រូប​នៅ​ខេត្ត​កំពត និង ១​រូប​ទៀត​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​​ដោះ​លែង​​ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្មាន​ម៉ោង​ក្រោយ​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

មេធាវី​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ក្រុម​មេធាវី​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត​ ជា​ទី​ដែល​សកម្មជន និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា បាន​ចូលរួម​ «គំនិត​ក្បត់» ឬ​ចូលរួម​ក្នុង​ផែនការ​«រដ្ឋប្រហារ»។ លោក សំ សុគង់ មាន​ប្រសាសន៍​ថា​៖

«ការដោះលែងចំពោះសកម្មជនគណបក្សសង្រ្គោះជាតិទាំង ៣រូបខាងលើនេះ គឺតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយដាក់លក្ខខណ្ឌមួយចំនួន»

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ សកម្មជន និង​អ្នក​គាំ​ទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៨០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ចូលរួម​«គំនិត​ក្បត់» នៅ​ក្នុង​ផែនការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​ប្រធាន​ស្ដីទី​នៃ​គណបក្ស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ