តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបិទការស៊ើបសួរលើលោក កឹម សុខា ក្រោយពីបន្តនីតិវិធីស៊ើបសួរជាង២ឆ្នាំមកហើយនោះ។
ក្នុងលិខិតជូនដំណឹងចុះថ្ងៃទី១៥ វិច្ឆិកានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានឱ្យមេធាវីការពារលោក កឹម សុខា គឺលោកមេធាវី ផែង ហេង ដឹងថា តុលាការបានសម្រេចបិទការស៊ើបសួរលើករណីលោក កឹម សុខា ហើយ ចាប់ពីពេលនេះតទៅ។
លោកសរសេរថា៖ « ត្បិតសំណុំរឿង សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្ធិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តិនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នោះយើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ » ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានឱ្យដឹងថាក្រោយពីបិទការស៊ើបសួរ តុលាការនឹងបញ្ជូនទៅឱ្យអយ្យការធ្វើសេចក្តីសន្និដ្ឋាន មុននឹងបន្តនីតិវិធីផ្សេងបន្តទៀត។
លោក អ៊ី រិន្ទ៖ « ពេលដែលចប់ដីកាសន្និដ្ឋានស្ថាពរពីនោះមកបានគេបញ្ជូនមកចៅក្រមស៊ើប ហើយបានចៅក្រមស៊ើបគាត់សម្រេចយ៉ាងណានឹងមាននីតិវិធីតាមហ្នឹងទៀត » ។
យោងតាមមាត្រា២៤៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅពេលដែលព្រះរាជអាជ្ញាទទួលការជូនដំណឹងពីចៅក្រម និងយល់ឃើញដូចចៅក្រមពីការបញ្ចប់ការស៊ើបសួរនោះ ព្រះរាជអាជ្ញាធ្វើសេចក្តីសន្និដ្ឋានស្ថាពរជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ។ ព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់តុលាការជំនុំជម្រះ ឬក៏លើកលែងការចោទប្រកាន់។
សហមេធាវីរបស់លោក កឹម សុខា លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា នេះជាសញ្ញាវិជ្ជមានមួយក្នុងសំណុំរឿងលោក កឹម សុខា តែទោះជាយ៉ាងណា មេធាវីនៅតែទាមទារឱ្យតុលាការពិចារណាទម្លាក់ចោលការចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពឡើងវិញដល់លោក កឹម សុខា។
លោកស្រី ម៉េង សុធារី៖ « យើងមិនដឹងថា រឿងហ្នឹងចៅក្រមលើកលែងការចោទប្រកាន់ដល់កូនក្ដីយើងខ្ញុំ ឬក៏បញ្ជូនទៅជំនុំជម្រះទេ។ ប្រសិនជាដីកាដំណោះស្រាយមានខ្លឹមសារលើកលែងបទចោទហ្នឹងមិនត្រូវការជំនុំជម្រះទេ ហើយពេលនេះគឺសហមេធាវីក៏ដូចជាកូនក្ដីគឺនៅតែទាមទារឱ្យលើកលែងបទចោទក្នុងដីកាដំណោះស្រាយហ្នឹងតែម្ដង » ។
អ្នកវិភាគលោកបណ្ឌិត មាស នី មានប្រសាសន៍ថាមានសញ្ញាពីរបន្ទាប់ពីការបិទបញ្ចប់នីតិវិធីស៊ើបសួរនេះគឺការចោទប្រកាន់ ឬលើកលែងទោសដល់លោក កឹម សុខា ដែលសញ្ញាទាំងពីរនេះសុទ្ធតែធ្វើឱ្យបក្សកាន់អំណាចពិបាកដោះស្រាយ។
បណ្ឌិត មាស នី៖ « ប្រសិនបើចោទប្រកាន់លោក កឹម សុខា កាត់ទោសលោក កឹម សុខា ថាជាមនុស្សក្បត់ជាតិ គឺតុលាការត្រូវតែរកឱ្យឃើញនូវភស្តុតាង ខ្សែសង្វាក់ទំនាក់ទំនងជាក់លាក់រវាងបុគ្គល ឬស្ថាប័នណានៅពីក្រោយខ្នងលោក កឹម សុខា ដែលមានទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ឬតាមបែបណាមួយដែលរដ្ឋាភិបាលត្រូវតែរកភស្តុតាង ហ្នឹងបានអាចកាត់ទោសបាន។ ប្រសិនជាលើកលែងទោសទម្លាក់ចោលការចោទប្រកាន់នោះវានឹងវិលរកករណីនៃការរំលាយបក្សសង្គ្រោះជាតិវិញ បានន័យថា ប្រសិនជាទម្លាក់ចោលបទចោទលោក កឹម សុខា បានន័យថា ការរំលាយបក្សសង្គ្រោះជាតិគឺខុសច្បាប់! »
លោក កឹម សុខា អាយុ ៦៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម មុននឹងលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោកត្រូវបានតុលាការផ្ដល់សេរីភាពឱ្យវិញតែភ្ជាប់លក្ខខណ្ឌមិនឱ្យចេញក្រៅប្រទេស និងហាមធ្វើនយោបាយ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសម្តែងការសោកស្តាយដែលតុលាការមិនទម្លាក់ចោលបទចោទទាំងស្រុងលើលោក កឹម សុខា ដោយទទូចឱ្យតុលាការ បិទបញ្ចប់ការស៊ើបសួរឲ្យបានឆាប់រហ័ស ឬក៏ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកផងដែរ។