រដ្ឋាភិបាល​គ្រោង​ចុះ​បញ្ជី​អត្ដសញ្ញាណ​ជន​ពិការ​ឱ្យ​ចប់​នៅ​ឆ្នាំ​២០២១

បងប្អុនជនពិការ ចូលរួមក្នុងសិក្ខាសាលាមួយស្តីពីការកសាងសេចក្តីព្រាង នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ឃុត សុគន្ធ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចុះ​បញ្ជី​អត្ដសញ្ញាណ​ជន​ពិការ​ឱ្យ​ចប់​នៅ​ឆ្នាំ​២០២១ ដោយ​ថា ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​​ជួយ​ដល់​ជន​ពិការឱ្យ​បាន​ត្រឹម​ត្រូវ។

​ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្ដីពី​ ផែនការ​មេអាស៊ាន​២០២៥ «ការ​បញ្ជ្រាប​សិទ្ធិ​ជន​មាន​ពិការភាព​» នៅព្រឹក​នេះ​ ប្រធាន​នាយកដ្ឋាន​​​សុខុមាលភាព​ជនពិការ​ លោក យៀប ម៉ាលីណូ បានថ្លែង​ថា​ នៅ​ថ្ងៃ​ទី៩ ខែ​ធ្នូ ខាង​មុខ​​ក្រសួង​សង្គម​កិច្ច​ និង​ក្រសួង​ផែន​ការ តាមរយៈ​ជំនួយ​ពី​អង្គការ​ UNICIEF និង GIZ ​នឹង​ផ្ដល់​ Tablet ទៅ​កាន់​គ្រប់​ឃុំ​ទាំង​អស់​នៅ​កម្ពុជា ​ដើម្បី​ឱ្យ​រដ្ឋបាល​ឃុំ​​បញ្ចូល​ទិន្និន័យ​ ក្នុង​នោះ​ក៏​មាន​បញ្ជូល​ពី​ទិន្នន័យ​​ជន​ពិការក្នុង​ឃុំ​នីមួយៗ​ផង​ដែរ។

ប្រធាន​នាយកដ្ឋាន​​​សុខុមាលភាព​ជនពិការ​ លោក យៀប ម៉ាលីណូ
ប្រធាន​នាយកដ្ឋាន​​​សុខុមាលភាព​ជនពិការ​ លោក យៀប ម៉ាលីណូ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (ហ៊ុន សិរីវឌ្ឍន៍)

លោក​បន្ថែម​ថា​៖ «នៅពេល​ដែល​យើង​ធ្វើ​អត្ត​សញ្ញាណ​កម្ម​គាត់​ហើយ យើង​អាច​នឹងឈាន​ដល់ការ​អនុវត្ត​កម្មវិធី​អ្វី​ក៏​បាន​ដែរ។ ព្រោះ​យើង​អាច​ដឹង​ថា​ ជន​ពិការ​នៅ​ទីណា? ជន​ពិការ​កំពុង​ធ្វើ​អ្វី? ហើយ​តើ​យើង​គួរ​ធ្វើ​អ្វី​ជា​មួយ​ពួកគាត់? តម្រូវការរបស់​ពួកគាត់​ត្រូវ​បាន​យើង​សិក្សា​រួច​រាល់»។ 

លោក​បាន​បន្ថែម​ថា​​ បច្ចុប្បន្ន​ រដ្ឋាភិបាល​កំពុង​បណ្ដុះ​បណ្ដាល​មន្ត្រី​ឃុំ​-សង្កាត់​ ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ទាំង​នេះ​ដោយ​រំពឹង​ថា ​នឹង​អាច​បញ្ចប់​ការ​ចុះអត្តសញ្ញាណ​ជន​ពិការ​នៅ​កម្ពុជា​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២១​ខាង​មុខ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា ​គាំទ្រ​ចំពោះ​ជំហាន​ថ្មី​នេះ ​តែ​លោក​បង្ហាញ​ក្ដី​បារម្ភ​ពី​កង្វះ​សម្ភារ​ជាមួយ​នឹង​ការ​ឱ្យ​និយម​ន័យ​ពិការភាព​​ក្នុង​ការ​ចុះ​បញ្ជី​អត្តសញ្ញាណ​កម្ម​នេះ​ដែល​ថា​អាច​នឹង​ប៉ះពាល់​ដល់​ចំនួន និង​សិទ្ធិ​របស់​ជន​ពិការ​ផង​ដែរ។

លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា​៖ «​​ប្រសិន​ជា Tablet ហ្នឹង​ចែក​មិន​គ្រប់គ្រាន់​ មាន​ន័យ​ថា ចំនួន​ជន​ពិការ​ក៏​រក​មិន​ទាន់​គ្រប់គ្រាន់ដែរ។ ហើយ​ចំណុច​ទី​២ គឺ​យើង​ចង់​ឱ្យ​មាន​ការ​ពន្យល់​ច្បាស់លាស់​អំពី​និយម​ន័យ​ពិការភាព​ និង​ភាព​ពិការភាព ថាតើ​និយម​ន័យ​ពិការភាព ​និង​សំណួរ​ដែល​គាត់​ដាក់​ (ក្នុង​ការ​ស្រង់​ទិន្និន័យ)​ ហ្នឹង​ តើ​វា​ស្រប​ជា​មួយ​អនុសញ្ញាសិទ្ធិ​ជន​ពិការ​ដែរ​ឬ​អត់? ប្រសិន​ជាយើង​ផ្ដោត​លើ​ការ​ពិការ​តាម​ន័យ​សុខាភិបាល អាហ្នឹង​អាច​នឹង​តិច​ហើយ តែ​បើ​យើង​ផ្ដោត​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​ចំនួន​ជន​ពិការ​អាច​នឹង​កើន​ឡើង​ផង​ដែរ»។

អាស៊ាន​មាន​ផែន​ការ​មេមួយ​ ស្ដីពី​សិទ្ធិ​ជន​ពិការ​ដែល​ផែន​ការ​នេះ​​មាន​បំណង​បញ្ជ្រាប​ពី​សិទ្ធិ​ជន​ពិការ​ចូល​ក្នុង​គោល​នយោបាយ​ប្រទេស​​ក្នុង​តំបន់​ទាំង​អស់ ដែល​នឹងចាប់​​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ ខាង​មុខ ដែល​រួម​មាន​ការ​ផ្ដល់​សិទ្ធិ​ដល់​ជនពិការ​ ជំរុញ​វប្បធម៌​សហគ្រិន​ភាព ត្រូវ​មាន និង​សម្រួល​​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់គ្រាន់​ដល់​ជន​ពិការ តំហែ​ទាំ​សុខភាព កាត់​បន្ថយគម្លាត​នៃ​ការ​អភិវឌ្ឍ និង​ត្រូវ​ផ្ដល់​នូវ​សន្ដិភាព សន្ដិសុខដល់​ជនពិការ​ ជាដើម។

ប្រធាន​វេទិកា​ជន​ពិការ​អាស៊ាន​ លោក លឹម ពុយ​តាក់ (Lim Puay Tiak) មាន​ប្រសាសន៍​ថា ​ការ​បញ្ជ្រាប​សិទ្ធិ​ជន​ពិការ​ចូល​ក្នុង​គោល​នយោបាយ​ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការលើក​ទឹក​ចិត្ត​ជន​ពិការ​ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។​

លោក​ថា៖ «ប្រសិន​ជាយើង​បញ្ជ្រាប​ឱ្យ​បាន​ដឹង​ហើយ​ ខ្ញុំ​សង្ឃឹម​ថា ​មនុស្ស​ជាច្រើន​នឹង​មាន​ការ​ចូល​រួម ហើយ​ជន​ពិការ​ជាច្រើន​នឹង​ដឹង​ថា ​ជីវិត​របស់​ខ្លួន​បាន​ទទួល​ការ​គាំទ្រ និង​រីក​ចម្រើន​យ៉ាងណា​ខ្លះ ហើយ​ជីវិត​របស់​ខ្លួន​មាន​អត្ថន័យ​យ៉ាង​ម៉េចខ្លះ»។

បើតាម​ក្រសួង​សង្គម​កិច្ច ​បច្ចុប្បន្ន ក្រសួង​​ទើប​តែចុះ​បញ្ជីអត្តសញ្ញាណ​កម្ម​ដល់​​​ជន​ពិការ​ជាង​៦ម៉ឺននាក់​ប៉ុណ្ណោះ​ ខណៈតាម​របាយការណ៍​ដែល​ទទួល​បាន ​មាន​ជន​ពិការ​នៅ​កម្ពុជា​មាន​ជាង​៣​១​ម៉ឺននាក់។ គិត​ត្រឹម​៣ឆ្នាំ​ចុង​ក្រោយ ​ថវិកា​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​ត្រូវ​បាន​ជួយ​គាំទ្រ​ដល់​ជន​ពិការ​នៅ​កម្ពុជា​មាន​ជាង​១៦០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ