រដ្ឋាភិបាលតាមរយៈជំនួយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានបង្កើតការគ្រប់គ្រងការផលិត និងចែកចាយធ្យូងតាមប្រព័ន្ធឌីជីថល ដោយថា នឹងធ្វើឱ្យមានការគ្រប់គ្រងព្រៃឈើបានល្អ ក៏ដូចជាផ្ដល់ចំណូលដល់សហគមន៍ព្រៃឈើផងដែរ។
ក្នុងពិធីដាក់ដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតកម្មធ្យូងប្រកបដោយនិរន្តរភាពនៅព្រឹកថ្ងៃទី២ ខែធ្នូនេះ មន្ត្រីគោលនយោបាយផ្នែកគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក អ៊ុំ សូនី មានប្រសាសន៍ថា កំណើននៃការប្រើប្រាស់ធ្យូងដ៏ច្រើននៅកម្ពុជា កំពុងចោទជាបញ្ហាដល់បរិស្ថាន ដែលត្រូវការប្រព័ន្ធក្នុងការគ្រប់គ្រងមួយដើម្បីគ្រប់គ្រងលើការផលិតធ្យូងនេះ។
លោកបន្ថែមថា ការគ្រប់គ្រងលើការផលិតនេះ គឺធ្វើតាមបែបពាណិជ្ជកម្មតាមអ៊ិនធឺណិតដែលអ្នកលក់ធ្យូង មានក្រុមហ៊ុនចាំទទួលទិញរួចជាស្រេច ខណៈក្រុមហ៊ុនមានបណ្ដាញចែកចាយធ្យូងរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់។
លោក អ៊ុំ សូនី ថ្លែងថា៖ «យើងមានក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Geres ជាអ្នកដាក់បញ្ចូល ឬក៏ចុះបញ្ជីអ្នកផលិតធ្យូងហ្នឹងជាមួយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលរបស់យើង។ ចំណែកឯក្រុមហ៊ុន KGC (Khmer Green Charcoal) ហ្នឹង ជាអ្នកបញ្ជាទិញពីអ្នកផលិតធ្យូងហ្នឹងយកមកដល់ដៃអ្នកប្រើប្រាស់ តែគាត់ប្រើក្នុងប្រព័ន្ធបច្ចេកវិទ្យាហ្នឹងដូចគ្នា»។
ពលរដ្ឋដែលមានបំណងចង់ទិញធ្យូងដែលផលិតដោយសហគមន៍ព្រៃឈើនេះ អាចបញ្ជាទិញបានលើគេហទំព័រ kjuongo.com ឬតាមរយៈApp ទូរស័ព្ទ kjuongo delivery app។
របាយការណ៍UNDP ចេញផ្សាយកាលពីខែវិច្ឆិកាកន្លងទៅ រកឃើញថា តម្រូវការធ្យូងដុតនៅកម្ពុជាក្នុងមួយឆ្នាំមានប្រមាណ ៦លានតោន ដែលស្មើនឹងការកាប់បំផ្លាញព្រៃប្រមាណ ៧១,៦០០ហិកតា ដែលនេះវាមិនត្រឹមតែប៉ះពាល់ទៅលើព្រៃឈើប៉ុណ្ណោះទេ តែវានឹងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សផងដែរ។
ប្រធានរដ្ឋបាលរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើយកទៅធ្វើធ្យូងដែលគ្មាននិរន្តរភាពបង្កផលប៉ះពាល់ជាច្រើនដល់ធនធានព្រៃធម្មជាតិ ហើយថា វានឹងធ្វើឱ្យបរិស្ថានបាត់បង់ប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនធ្វើឱ្យតំបន់ដែលរងការកាប់បំផ្លាញនោះប្រឈមនឹងគ្រោះធម្មជាតិកាន់តែខ្លាំងផងដែរ។
លោក កែវ អូម៉ាលីស ថ្លែងថា៖ «គាត់កាប់ដើមឈើមួយដែលសម្រាប់មនុស្សជំនាន់បន្ទាប់ បើគាត់កាប់អាធំ ហើយកាប់អាតូចទៀត វានឹងធ្វើឱ្យដីហ្នឹងទៅជាវាល ដូចជា ខេត្តកំពង់ស្ពឺមួយអញ្ចឹង ការកាប់ឈើសម្រាប់ជាអូស ជាធ្យូងនេះ វាធ្វើឱ្យខេត្តនេះទាំងមូលមានការប៉ះពាល់។ អញ្ចឹងបានហើយជាយើងរៀបចំឱ្យមានការដាំឈើដើម្បីផលិតជាធ្យូងវិញ ទើបជាការមួយដែលល្អដើម្បីកុំឱ្យប៉ះពាល់ដល់ធម្មជាតិក៏ដូចជាតំបន់ការពារផងដែរ»។
លោក កែវ អូម៉ាលីស យល់ថា តាមរយៈគម្រោងថ្មីនេះនឹងជួយដល់សហគមន៍ព្រៃឈើក្នុងការដាំដុះដើមឈើ ក៏ដូចជាទាញយកអនុផលព្រៃឈើបានសមស្របសម្រាប់បម្រើដល់ការផលិត ក៏ដូចជាជួយឱ្យសហគមន៍រកចំណូលប្រកបដោយនិរន្តរភាពមួយផងដែរ។
តំណាង UNDP ប្រចាំកម្ពុជា លោក Nick Beresford បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងបរិបទប្រជាជនកម្ពុជា នៅតែមានចំណូលចិត្តច្រើន ក្នុងការប្រើប្រាស់ធ្យូង ជាជាងប្រភពថាមពលផ្សេងទៀតនោះ ការជួយឱ្យមានការទាញយកដោយនិរន្តភាពពីព្រៃឈើ គឺជាការចាំបាច់ក្នុងការជួយដល់បរិស្ថាន ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។
លោក Nick Beresford ៖ «អញ្ចឹងដូចខ្ញុំបានបញ្ជាក់ថា យើងមានកិច្ចការផ្សេងៗទៀតដែលយើងធ្វើការជាមួយរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូដទៃទៀត ទាក់ទងនឹងថាមពលពន្លឺព្រះអាទិត្យ ទាក់ទងនឹងថាមពលកកើតឡើងវិញដទៃទៀត។ ដែលនេះ(ធ្យូង) គឺគ្រាន់តែជាការងារមួយផ្នែកដែលយើងចូលរួមវិភាគទានក្នុងការកសាងប្រភពថាមពល ដែលមាននិរន្តភាពក៏ដូចជារួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនទូលំទូលាយ»។
បច្ចុប្បន្ន កម្ពុជាមានសហគមន៍ព្រៃឈើចំនួន ៦៣៦សហគមន៍នៅទូទាំងប្រទេស ខណៈមានតែសហគមន៍ចំនួន ៥ប៉ុណ្ណោះ ត្រូវបានចុះបញ្ជីសហការជាមួយគម្រោងផលិតកម្មនេះ។
បើតាមមន្ត្រីគម្រោងUNDP លោក អ៊ុំ សូនី ថា គម្រោងនេះនឹងពង្រីកដល់សហគមន៍ព្រៃឈើដទៃទៀតជាបន្តបន្ទាប់នាពេលខាងមុខ ខណៈសហគមន៍ ៥ដែលចុះបញ្ជីសហការនេះ ត្រូវបានរំពឹងថា អាចផ្ដល់ធ្យូងបានដល់ទៅជាង ៤០តោនក្នុងមួយខែសម្រាប់ផ្គត់ផ្គង់នៅទីផ្សាររាជធានីភ្នំពេញ៕