​មនុស្ស​យ៉ាង​តិច​​ពីរ​នាក់​ស្លាប់ របួស​ជាង​១០​​នាក់​ ក្រោយ​សំណង់​សាលា​ឆាន់​បាក់​រលំ​នៅ​​សៀមរាប

ករណីរលំបាក់សំណង់សាលាឆាន់ នៅខេត្តសៀមរាប ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ (បណ្ដាញសង្គម)

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់ បាន​ស្លាប់ ហើយ ១៣​នាក់​ផ្សេង​ទៀត បាន​រង​របួស ក្រោយ​សំណង់​អគារ​សាលា​ឆាន់​ក្នុង​វត្ត​គោកចក ស្ថិត​ក្នុង​ក្រុង​សៀមរាប បាន​បាក់​រលំ​នៅ​រសៀល​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី សំរិទ្ធ បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា ប្រតិបត្តិការ​រុក​រក​មនុស្ស​ដែល​ជាប់​នៅ​ក្នុង​សំណង់​អគារ​សាលា​ឆាន់​ដែល​បាក់​រលំ​នោះ បាន​រក​ឃើញ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​ហើយ ក្នុង​នោះ​មនុស្ស ២​នាក់​បាន​ស្លាប់។

លោក​បន្ថែម​ថា មនុស្ស​រង​របួស ១៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ហើយ​មក​ដល់​ម៉ោង ៥​​កន្លះ​ល្ងាច​ថ្ងៃ​នេះ។

លោក លី សំរិទ្ធិ ប្រាប់​ថា៖ «រកឃើញចុងក្រោយនេះម៉ោង ៥កន្លះនេះ យើងបានបញ្ជូនទៅមន្ទីរពេទ្យហើយ។ បើតាមការផ្ទៀងផ្ទាត់ យើងបាត់តែម្នាក់ហ្នឹងទេ ហើយឥឡូវរកឃើញហើយ។ ប៉ុន្តែ ទោះបីយ៉ាងម៉េចក៏ដោយ ដោយសារយើងមិនទាន់ច្បាស់ យើងនឹងខំរុករកបន្តទៀត ដោយប្រតិបត្តិការហ្នឹង គឺទី១ ដើម្បីស្តារកន្លែងការដ្ឋាន និងរុករកមនុស្ស»

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ អគារ​សាលា​ឆាន់​ដែល​មាន​ទទឹង ២០​ម៉ែត្រ និង​បណ្ដោយ ៤០​ម៉ែត្រ​នេះ កំពុង​ស្ថិត​ក្រោម​ដំណើរការ​សាង​សង់​អស់​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ ហើយ​លោក​ថា ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ខុស​បច្ចេកទេស។

កាលពីថ្ងៃទី ២២ ខែមិថុនា ​សំណង់អគារកម្ពស់ ៧ជាន់ ដែលមានម្ចាស់ជាជនជាតិចិន នៅខេត្តព្រះសីហនុ ​បានបាក់រលំ បានបណ្ដាលឱ្យកម្មករខ្មែរស្លាប់ចំនួន ២៨នាក់ និងរងរបួសចំនួន ២៦នាក់។

ក្រោយហេតុការណ៍នេះ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីការផ្តល់សំណងដល់ជនរងគ្រោះស្លាប់ ​និងអ្នករងរបួសនូវទឹកប្រាក់ចំនួន ដែលជាទឹកប្រាក់បានមកពីសប្បុរសជន។

ចំណែក​ជនជាតិចិនចំនួន ៤នាក់ ក្នុងនោះ​រួមមានម្ចាស់ការដ្ឋានសំណង់​ ជាងសំណង់ និងអ្នក​មើលការងារក្នុងការដ្ឋាន ត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនកាលពីថ្ងៃទី ២៤មិថុនា​ ប៉ុន្តែ មកទល់ពេលនេះ​ជនរងគ្រោះ នៅមិនទាន់​ទទួលបានយុត្តិធម៌នៅឡើយទេ ក្រៅពីសំណងបានពីរដ្ឋាភិបាលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ