ក្រុម​អ្នកសារព័ត៌មាន និង​សិទ្ធិ​មនុស្ស​ អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​បទ​​ចោទ​ប្រកាន់​លើ​អ្នកសារព័ត៌មាន

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

បណ្ដាញ​ការពារ​អ្នកសារព័ត៌មាន និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស បាន​ស្នើ​ទៅ​តុលាការ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អ្នកសារព័ត៌មាន​ទាំង​អស់ ហើយ​ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្ដារ​ឡើង​វិញ​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

សំណើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​បណ្ដាញ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​ក្រុម​អង្គការ​ការពារសិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អន្តរជាតិ​សរុប ៣៧​ស្ថាប័ន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​ យាង សុជាមេត្តា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» ឬហៅ​ម្យ៉ាង​ទៀត​ថា ធ្វើ​ចារក្ម​ឱ្យ​រដ្ឋ​បរទេស។

ក្រៅ​ពី​អតីត​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ហើយ បណ្ដា​ស្ថាប័ន​ទាំង​នោះ ក៏​បាន​អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​សារព័ត៌មាន​​ពីរ​រូប​របស់​កាសែត ឌឹ ខេមបូឌា ដេលី មាន​លោក អូន ភាព និង​លោក Peter Zsombor អ្នក​បក​ប្រែ​ឱ្យ​ទូរទស្សន៍​រុស្ស៊ី Russia Today (RT) លោក រ៉ាត់ រត្នមុនី និង​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍​អប្សរា​ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សាត ចាន់បុត្រ ផង​ដែរ។

លោក រ៉ាត់ រត្នមុនី ដែល​បាន​បក​ប្រែ​ឱ្យ​ទូរទស្សន៍ RT របស់​រុស្ស៊ី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។

ចំណែក​ឯ​លោក សាត ចាន់បុត្រ វិញ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ក្រោម​បណ្ដឹង​​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះ​ញង់​ ដែល​ប្ដឹង​ដោយ​មន្ត្រី​យោធា​នៅ​ខេត្ត​នេះ​ផង​ដែរ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ បណ្ដាញ​​ការពារ​អ្នក​សារព័ត៌មាន និង​អង្កការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​​ចាត់​វិធានការ​ជាក់​លាក់​ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ជា​ការ​យាយី​ទៅ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា រាល់​សកម្មភាព​យាយី​អ្នកសារព័ត៌មាន គួរ​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

លោក ម៉ៃ ទិត្យថារ៉ា និយាយ​ថា​៖ «ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ឈាន​ទៅ​រក​ភាប​ល្អ​ប្រសើរ​ឡើង​វិញ ពាក្យ​បណ្ដឹង​ទាំង​ឡាយ និង​សកម្មភាព​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នកសារព័ត៌មាន គួរ​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទន់»

មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្ស​កម្ពុជា ក៏​បាន​ចូល​រួម​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នកសារព័ត៌មាន​បម្រើ​ការងារ​នៅ​កម្ពុជា​ផង​ដែរ។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នកសារព័ត៌មាន គឺ​ជា​ឧទាហរណ៍​នៃ​ការ​ដាក់​ទោស​ទោ​លើ​សំឡេង​រិះគន់។

អ្នកស្រី ចក់ សុភាព និយាយ​ថា​៖ «យើង​ខ្ញុំ​សូម​បញ្ជាក់​ថា វិជ្ជា​ជីវៈ​សារព័ត៌មាន​មិន​មែន​ជា​បទ​ល្មើស​ទេ ហើយ​ក៏​មិន​គួរ​ចាត់​ទុក​ថា មាន​ទោស​ដែរ។ ការ​គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ធានា​នូវ​លំហ​មួយ​ដែល​អ្នកសារព័ត៌មាន​អាច​ធ្វើ​ការងារ​របស់​ពួកគេ​បាន​ដោយសេរី និង​សុវត្ថិភាព ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹង​មាំ»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស និង​ផលិត និង​កាន់​កាប់​រូបភាព​អាស​អាភាស។

អ្នក​ទាំង​ពីរ ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និងដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ