HRW​ ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​កាសែត​ខេម​បូ​ឌា​ ដេលី​

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព អ្នក​កាសែត​ The​ Cambodia​ Daily​។ (Ben Woods)

អង្គការ​សិទ្ធិ​មនុស្ស​ Human​ Right​ Watch​ បាន​ជំរុញ​ដល់​តុលាការ​ខេត្ត​រតនគិរី​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​ការសែត​ The​ Cambodia​ Daily​ ដោយ​ថា​ ការ​បន្ត​នី​តិ​វិធី​តុលាការ​លើ​អ្នក​កាសែត​ទាំងពីរ​ គឺ​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា​។

អ្នក​កាសែត​ The​ Cambodia​ Daily​ ពីរ​រូប​ គឺ​លោក​ អូន​ ភាព​ និង​លោក​ Peter​ Zsombor​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ជុំ​វិញ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ខេត្ត​រតន​គិរី​ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧​។ សំណុំ​រឿង​អ្នក​ទាំង​ពីរ​ នឹង​ត្រូវ​បាន​តុលាការ​ខេត្ត​រតន​គិរី​ធ្វើ​ការ​ជំនុំ​ជម្រះ​នា​ថ្ងៃ២៥​ ខែធ្នូ​ ខាង​មុខ​។

ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​នេះ ​អង្គការ​ Human​ Right​ Watch​ បាន​ជំរុញ​ដល់​តុលាការ​ខេត្ត​រតន​គិរី​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងស្រុង​លើ​អ្នក​ទាំង​ពីរ​ ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ឈប់​ធ្វើ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សារ​ព័ត៌មាន​វិជ្ជាជីវៈ​ និង​ឯករាជ្យ​នៅ​កម្ពុជា​ផង​ដែរ​។

ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human​ Rights​ Watch​ លោក​ Phil​ Robertson​ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា​៖ «ការ​សម្រេច​យក​រឿង​ក្ដី​របស់​លោក​ ភាព​ និង​ Peter​ ទៅ​ជំនុំជម្រះ​ ហាក់ដូច​មានបំណង​បំភិតបំភ័យ​អ្នកសារព័ត៌មាន​កម្ពុជា​ទាំងអស់។ ព្រះរាជ​អាជ្ញា​គួរតែ​ទម្លាក់​ការ​ចោទ​ប្រកាន់​ក្លែង​បន្លំ​ទាំងនេះ​ ហើយ​រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ តាម​រយៈ​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ទាំង​នេះ​»

កាល​ពី​ម្សិលមិញ​ បណ្ដាញ​ការពារ​អ្នក​សារព័ត៌មាន​ និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ចាត់​វិធានការ​ជាក់​លាក់​ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ជា​ការ​យាយី​ទៅ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ​ផង​ដែរ​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (ខេម​បូ​ចា​) លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​ រាល់​សកម្មភាព​យាយី​អ្នកសារព័ត៌មាន​ គួរ​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់​ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ និយាយ​ថា​៖ «ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ពាក្យ​បណ្ដឹង​ទាំង​ឡាយ​ និង​សកម្មភាព​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នកសារព័ត៌មាន​ គួរ​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់​»

បើ​តាម​សេច​ក្ដី​ប្រកាស​នោះ​ អ្នក​កាសែត​៦នាក់​ដែល​ពួកគេ​ទាម​ទារ​ឱ្យ​ទម្លាក់​ចោទ​បទ​ប្រកាន់​ប្រកាន់​រួម​មាន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ ហៅ​ យាង​ សុ​ជា​មេត្តា​ អតីត​អ្នក​សារព័ត៌មាន​របស់​កាសែត​ ឌឹ​ ខេម​បូ​ឌា​ ដេលី​ មាន​លោក​ អូន​ ភាព​ និង​លោក​ Peter​ Zsombor​ អ្នក​បក​ប្រែ​ឱ្យ​ទូរទស្សន៍​រុស្ស៊ី​ Russia​ Today​ (RT​) លោក​ រ៉ាត់​ រត្ន​មុនី​ និង​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​ និង​ទូរទស្សន៍​អប្សរា​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ លោក​ សាត​ ចាន់​បុត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ