សម្ព័ន្ធ​បងប្អូន​ស្រី​រក​ឃើញ​ថា​ការ​រំលោភ​សេពសន្ថវៈ​លើស្ត្រី និង​កុមារី​មាន​ការ​កើន​ឡើង​

របាយការណ៍​ដែល​មាន​កម្រាស់​២២​ទំព័រ​​ របស់​សម្ព័ន្ធ​អង្គការ​ស្ដ្រីសម្ព័ន្ធបងប្អូនស្រី ​បង្ហាញ​ថា ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ និង​កុមារី ដែល​បាន​ស្រង់​ទិន្នន័យ​ពី​បណ្ដាញ​សារព័ត៌មាន​ចាប់​ពី​ខែតុលា​ ឆ្នាំ​២០១៧​ ដល់​ខែ​មីនា​ ឆ្នាំ​២០១៨​ និង​ចេញ​ផ្សាយ​នៅ​ចុងឆ្នាំ​២០១៩។ (ហ៊ុន សិរីវឌ្ឍន៍)

របាយការណ៍​របស់​សម្ព័ន្ធ​អង្គការ​ស្ដ្រី​មួយ​បង្ហាញ​ថា ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ និង​កុមារីបាន​បន្ត​កើន​ឡើង ប៉ុន្តែ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងកិច្ចការនារី​ បដិសេធ​ការ​រក​ឃើ​ញនេះ​។

របាយការណ៍​ចេញ​ផ្សាយ​រួម​គ្នា​ដោយ​សម្ព័ន្ធ​បងប្អូន​ស្រី​ ដែល​បាន​ស្រង់​ទិន្នន័យ​ពី​បណ្ដាញ​សារព័ត៌មាន​ចាប់​ពី​ខែតុលា​ ឆ្នាំ​២០១៧​ ដល់​ខែ​មីនា​ ឆ្នាំ​២០១៨​ និង​ចេញ​ផ្សាយ​នៅ​ចុងឆ្នាំ​២០១៩​ បង្ហាញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ​រី​ និង​កុមារី​ បាន​កើត​ឡើង​ជា​មធ្យម​ចំនួន​ ១ករណី​ក្នុង​មួយ​ថ្ងៃ​ ដែល​មាន​ប្រមាណ​៣១​ករណី​ក្នុង​មួយ​ខែ​ កើន​លើស​របាយការណ៍​មុន​ដែល​មាន​តែ​២១​ករណី​ក្នុង​មួយ​ខែ​។ អង្គការ​នេះ​ បាន​លើក​ឡើង​ថា​ ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ជា​អនីតិជន​ក្រោម​១៥​ឆ្នាំ ​ដែល​មាន​ចំនួន​ពាក់​កណ្ដាល​នៃ​ជន​រងគ្រោះ​ទាំង​អស់​។

របាយការណ៍​នោះ​លើក​ឡើង​ថា​៖ «បញ្ហា​នេះ​បង្ក​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ស្ដ្រី​ កុមារី​ និង​សង្គម​ ពិសេស​គឺ​ផល​ប៉ះពាល់​លើ​ជន​រងគ្រោះ​ ដូចជា​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​ ផ្លូវកាយ​ ផ្លូវ​អារម្មណ៍​ និង​ករណី​ខ្លះ​រហូត​ដល់​ជីវិត​របស់​គាត់​»។

របាយការណ៍​នោះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ស្ដ្រី​ និង​កុមារី ​ប្រឈម​នឹង​ភាព​រងគ្រោះ​ពី​ការ​រំលោភ​សេពសន្ថវៈ​គ្រប់​ពេល​វេលា​ ដោយ​ថា ​៣០ភាគរយ​នៃ​អំពើ​រំលោភ​ផ្លូវ​ភេទ​កើត​ឡើង​នា​ពេល​ថ្ងៃ​ ហើយ​៣៤​ភាគរយ​ទៀត​គឺ​កើត​ឡើង​នា​ពេល​យប់​។ លើស​ពី​នោះ​ទៀត​ ទិន្នន័យ​បង្ហាញ​ថា​ ភាគច្រើន​នៃ​ជន​ល្មើស​គឺ​ជា​ជន​ដែល​មាន​ទំនាក់​ទំនង​ស្គាល់​គ្នា​ជា​មួយ​ជន​រងគ្រោះ​ដែល​មាន​ប្រមាណ​ ៧៣​,៣ភាគរយ​ ដែល​ជា​ឪពុក​បង្កើត​ ឪពុក​ចុង​ ជីតា​ ពូ​ អ្នក​ជិតខាង​ មិត្ត​រួម​ការងារ​ និង​សង្សារ ​ជាដើម​។

អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ច​ការ​នារី​ លោកស្រី​ ស ស៊ី​ណែ​ត បាន​ច្រាន​ចោល​ការ​រក​ឃើញ​នេះ​ ដោយ​ថា ​សម្រង់​ទិន្នន័យ​ដែល​បាន​រក​ឃើញ​នេះ​មិន​មាន​ទម្ងន់​ដែល​អាច​យក​ជា​ការ​បាន​នោះ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​ ទទួល​ស្គាល់​ថា ​បញ្ហា​រំលោភ​សេពសន្ថវៈ​នេះ​ជា​បញ្ហា​ដែល​នៅ​តែ​កើត​មាន ហើយ​រដ្ឋាភិបាល​ក៏​កំពុង​តែ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​ក្នុង​ការ​លុប​បំបាត់​អំពើ​អសីលធម៌​នេះ​ចេញ​ពី​សង្គម​ផង​ដែរ​។

លោក​ស្រី​ ស ស៊ី​ណែ​ត មានប្រសាសន៍​ថា​៖ «យើង​ទៅ​សួរ​អ្នក​កាសែត​ ហើយ​អ្នក​កាសែត​ខ្លួន​ឯង ​គាត់​មិន​ដែល​ឆ្លើយ​ថា​ ការ​រាយការណ៍​របស់​គាត់​មាន​កំហុស​ទេ​។ បើ​សិន​ការ​សង្កេត​នេះ​យើង​ធ្វើ​ឃើញ​អ៊ីចឹង​ហើយ​យើង​ចុះ​ទៅ​សួរ​ជន​រងគ្រោះ​ដែល​យើង​រក​ឃើញ​ហ្នឹង​ ឧទាហរណ៍​១៨០​ករណី​ យើង​ចុះ​ទៅ​សួរ​តែ​១០​ ទៅ​២០​អី​ទៅ​ យើង​អាច​ទាញ​ Sample​ បាន​ល្អ​ហើយ​។ តែ​នេះ​ យើង​ទៅ​សួរ​អ្នក​កាសែត​ ដែល​អ្វី​ជា​ការ​បារម្ភ​របស់​ខ្ញុំ​ គឺ​វា​ពាក់ព័ន្ធ​នឹង​តួលេខ​ដែល​រៀង​ច្រើន​ណាស់​»។

អ្នក​សម្របសម្រួល​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ ដែល​ជា​ដៃ​គូរ​អង្គការ​មួយ​ក្នុង​ការ​ចេញ​របាយការណ៍​នេះ លោក​ស្រី​ ម៉ាក​ ច័ន្ទ​ស៊ី​ថា​ មាន​ប្រសាសន៍​ថា​ មូល​ហេតុ​ដែល​បណ្ដាញ​អង្គការ​លោក​ស្រី​ជ្រើស​យក​សារព័ត៌មាន​ជា​ទិន្នន័យ​សម្រាប់​ធ្វើ​របាយការណ៍​នេះ ​ដោយ​ថា ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ករណី​រំលោភ​ដោយ​សម្ព័ន្ធ​អង្គការ​ផ្ទាល់​ ព្រោះពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ទោះ​ជា​យ៉ាងណា​ លោក​ស្រី​នៅ​តែ​ការពារ​ពី​ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​នេះ​។

លោក​ស្រី​ ម៉ាក​ ច័ន្ទ​ស៊ី​ថា​៖ «បើ​យើង​សិក្សា​លើ​ការ​រាយការណ៍​របស់​លី​កាដូ​ ដែល​គាត់​បាន​សិក្សា​៣ឆ្នាំ​ពី​២០១២​ ដល់​២០១៤​ យើង​ឃើញ​ថា ​ករណី​ដែល​គាត់​ធ្វើ​ការ​សិក្សា​លម្អិ​ត និង​សម្ភាស​តាម​ដាន​លើ​ករណី​ហ្នឹង​មាន​ដល់​៧៦៨​ករណី​ អ៊ីចឹង​យើង​ឃើញ​ថា ​ក្នុង​រយៈពេល​៣ឆ្នាំ​ ១ខែ​ហ្នឹង​ក៏២១​ករណី​ដែរ​ហ្នឹង​មិន​និយាយ​អំពី​កា​រដែ​លរាយការណ៍​។ តែ​ក្នុង​របាយការណ៍​ដែល​យើង​តាម​ដាន​នេះ​គឺ​តាម​ដាន​តែ​លើ​ករណី​ដែល​រាយការណ៍​ ហើយ​ហេតុ​អី​ដែល​យើង​តាម​តែ​ករណី​ដែល​រាយការណ៍​ព្រោះ​បទ​ឧក្រិដ្ឋ​ត្រូវ​តែ​រាយការណ៍​ ព្រោះ​ច្បាប់​យើង​ថា​អ៊ីចឹង​»។

ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់​២២​ទំព័រ​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ខេត្ត​ និង​រាជធានី​បី​ មាន​ករណី​រំលោភ​សេព​សន្ថវៈ​ច្រើន​ជា​ងគេ ​រួម​មាន ​រាជធានី​ភ្នំពេញ​មាន​ ៤៨​ករណី​ ខេត្ត​កណ្ដាល​មាន​ ២២ករណី​ និង​ខេត្ត​រតនគិរី​មាន​ ១៨​ករណី​ ។

 ​របាយការណ៍​នោះ​បន្ថែម​ថា​៖ «ករណី​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​ភាគ​ច្រើន​ គឺ​ជា​ករណី​រំលោភ​សេពសន្ថវៈ និង​សម្លាប់​។ ដោយ​ឡែក​ នៅ​ខេត្ត​មណ្ឌល​គិរី​វិញ​គឺ​មិន​បាន​ឃើញ​ថា ​មាន​ការ​រាយការណ៍​អំពី​ករណី​ហិង្សា​ផ្លូវភេទ​នោះ​ទេ​»។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉ែ​ត មាស​ភក្ដី​ ថា​លោក​មិន​អាច​ធ្វើការ​ឆ្លើយតប​បាន​នៅឡើយ​ ដោយសារ​លោក​មិនទាន់​បាន​ទទួល​របាយការណ៍​នេះ​ ទោះជាយ៉ាងណា​ លោក​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​វិធានការ​អប់រំ​ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពី​បញ្ហា​តាម​វិធានការ​នានា​ដែល​កំពុង​អនុវត្តរួច​ទៅ​ហើយ​។

លោក​ថា​៖ «យន្តការ​ការងារ​របស់​យើង​ គណៈកម្មការ​សម្រាប់​ការងារ​ហ្នឹង​ក៏​យើង​មាន​ កា​រប​ញ្ជ្រៀ​បការ​ផ្សព្វផ្សាយ​ រហូតដល់​ការណែនាំ​ដល់​មូលដ្ឋាន​អី​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​ទៅលើ​ការងារ​ហ្នឹង​ក៏​យើង​ធ្វើការងារ​ទៅលើ​រឿង​ហ្នឹង​ជាប់​ដែរ​។ អ៊ីចឹង​ ខ្ញុំ​គិតថា ​យើង​ដូ​ច​ជា​មិន​មាន​យន្តការ​អី​បន្ថែម​ដែល​គួរតែ​មាន​អ្វី​ផ្សេងទៀត​ទេ​! កិច្ចការ​ទាំងអស់​នេះ​គឺ​យើង​កំពុង​ធ្វើ​ហើយ​»។

VOD​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​រតនគិរី​ លោក​ ម៉ឹង​ ស៊ី​នាថ​ បាន​នៅឡើយ​ទេ​។

ទោះជាយ៉ាងណា ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចេញផ្សាយ​កាលពី​ចុងឆ្នាំ២០១៨កន្លងទៅ​ ដែល​មាន​ចំណងជើង​ថា​ « ករណី​រំលោភ​សម្លាប់​ក្លាយជា​ឧបសគ្គ​ដល់​ក្មេងស្រី​ជនជាតិ​ដើម​ភាគតិច​ទៅ​សាលារៀន​នៅ​រតនគិរី​ » អនុប្រធាន​ការិយាល័យ​មធ្យមសិក្សា​ និង​ប្រឡង​នៃ​មន្ទីរអប់រំ​ខេត្ត​ លោក​ អ៊ិ​ន ណែ​មណូរិន្ទ​ បាន​ទទួលស្គាល់​ថា ​ការរំលោភ​ និង​សម្លាប់​បាន​បង្ក​ការ​លំបាក​ និង​ភាព​ភ័យខ្លាច​ដល់​កុមារី​នៅក្នុង​ខេត្ត​ ដែល​ធ្វើ​ឱ្យ​មានការ​បោះបង់​ការសិក្សា​ពី​ ៨ ទៅ៩ភាគរយ​ក្នុង​មួយឆ្នាំ​។ ទោះជាយ៉ាងណា​ លោក​ថា​ មន្ទីរអប់រំ​ខេត្ត​កំពុង​បង្កើត​សាលា​អនុវិទ្យាល័យ​នៅ​តាម​តំបន់​ដាច់ស្រយាល​ ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​ និង​គ្រោះថ្នាក់​ទាំងនេះ​ផង​ដែរ​។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ ប៉ា​ ច័ន្ទ​រឿន​ មានប្រសាសន៍​ថា ​មាន​មូល​ហេតុ​ជាច្រើន​ដែ​លបង្កឱ្យ​មានអំពើ​រំលោភ​សេពសន្ថវៈ​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក៏ដូចជា​សង្គម​ខ្មែរ​ បណ្ដាលមកពី​ការ​ខ្វះ​ក្រមសីលធម៌​របស់​មនុស្ស​ បញ្ហា​គ្រឿងញៀន ​គ្រឿងស្រវឹង​ សង្គម​ខ្វះ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដល់​ស្ដ្រី​ មិនសូវ​យកចិត្ត​ទុកដាក់​ទាក់ទង​នឹង​ការធានា​នូវ​តម្លៃ​ភាព​ស្មើ​គ្នា​រវាង​ភេទ​ក្នុង​សង្គម​ បណ្ដាញ​ផ្សព្វផ្សាយ​មិនបាន​កំណត់​ពី​ប្រភេទ​រឿង​ដែល​មនុស្ស​ត្រូវ​មើល​ និង​ការចែក​រំលែក​វីដេអូ​ ឬព័ត៌មាន​អាសអាភាស​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាដើម​។

លោក​បណ្ឌិ​ត ប៉ា​ ច័ន្ទ​រឿន​ មានប្រសាសន៍​ថា​៖ «បើ​យើង​និយាយទៅ​ ការរំលោភ​សេពសន្ថវៈ​នេះ ​នៅក្នុង​សង្គម​ណា​ក៏​កើតមាន​ដែរ​ តែ​គ្រាន់តែ​វា​មាន​តិច​ ឬច្រើន​ទៅតាម​សង្គម​នីមួយ​ៗ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​គឺ​មានការ​ប្រឈម​នឹង​អំពើ​រំលោភ​សេពសន្ថវៈ​ហ្នឹង​ច្រើន​ តាម​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម​។ មូលហេតុ​គឺ​មាន​ច្រើន​ ដែល​កើតមក​ពី​បុគ្គល​ខ្លួនឯង​ និង​កត្តា​សង្គម​ផ្ទាល់​»។

បើ​តាម​លោក​បណ្ឌិត​ ប៉ា​ ច័ន្ទ​រឿន​ រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើការ​កំណត់​ពីក​ត្តា​ដែ​លប​ង្ក​ឱ្យ​មានការ​រំលោភ​សេពសន្ថវៈ​នេះ​ និង​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​តឹងរ៉ឹង​ទៅលើ​បញ្ហា​នេះ​ ជាង​នេះ​ទៅទៀត ​ត្រូវលើ​កកម្ពស់​ការអប់រំ​ និង​ជំរុញ​ពលរដ្ឋ​ឱ្យ​លើកកម្ពស់​ការយល់​ដឹងពី​ពុទ្ធសាសនា​ ដើម្បី​បញ្ចៀស​ការប្រព្រឹត្តិ​កាម​ដែល​មិន​ត្រឹមត្រូវ​បែបនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ