លោក ហ៊ុន សែន ចាត់​ទុក​ការ​ផ្សាយ​ពី​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ

អ្នក​កាសែត​បរទេស​​ដែល​បម្រើការ​ជាអ្នក​ថតរូប ថយ​ក្រោយ​មក​វិញ ខណៈ​ក្រុម​សន្តិសុខ​សាលា​រាជ​ធានី​ភ្នំពេញ​ប្រដាប់​ដោយ​ដំបង ដើរ​សំដៅ​ទៅ​រក​អ្នក​ថត​រូប​នោះ អំឡុង​ការ​ប្រឈម​ដាក់​គ្នា​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៤។ (VOD)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​អំពី​ប្រទេស​កម្ពុជា ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន​ប្រទេស​ជាតិ ហើយ​លោកអរគុណ​ចំពោះ​អ្នកាសារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​បែប​នេះ

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះថា​៖ «អរគុណ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​លោក​ជួប​ជុំ​សំណេះ​សំណាល​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​​ជា​លើក​ទី​៣​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា បាន​លើក​ឡើង​ថា សង្គម​ប្រជាធិបតេយ្យ​ ចាំ​បាច់​ត្រូវ​មាន​សារព័ត៌មាន​ដែល​សរសេរ​រិះគន់​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ដោយ​លោក​ថា សារព័ត៌មាន​ប្រភេទ​នេះ ប្រៀប​បាន​ទៅ​នឹង​កញ្ចក់​យ៉ាង​ដូច្នោះ​ដែរ។

អ្នកសារព័ត៌មាន​​រូប​នេះ​ ដែល​ធ្លាប់​ទទួល​ពាន​អន្តរជាតិ​សម្រាប់​អត្ថបទ​ស៊ើប​អង្កេត​របស់​លោកនោះ បន្ត​ថា រដ្ឋាភិបាល​នឹង​មិន​បាន​ដឹង​ពី​បញ្ហា​សង្គម​គ្រប់​ជ្រុង​ជ្រោយ​នោះ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​ទទួល​បាន​តែ​ព័ត៌មាន​លើក​តម្កើងអំពី​ខ្លួន​តែ​ប៉ុណ្ណោះ​នោះ។

លោក ម៉ៃ ទិត្យថារ៉ា និយាយ​ថា​៖ «បើ​មាន​តែសារព័ត៌មាន​ដែល​គាំ​ទ្រ ហើយ​មិន​មាន​សារព័ត៌មាន​ដែល​ឯករាជ្យ ហើយ​សរសេរ​បែប​រិះ​គន់​អំពី​កង្វះ​ខាត​របស់​រដ្ឋាភិបាល រដ្ឋាភិបាល​ពិត​ជា​មិនដឹង​ថា ខ្លួន​ខ្វះ​ខាត​ទេ»

កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ទៅ ៥៣០​ស្ថាប័ន ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន ក្នុង​នោះ​មាន​កាសែត​បោះ​ពុម្ព​ផ្សាយ​ជា​ភាសា​បរទេស​ចំនួន ៣៤​ស្ថាប័ន វិទ្យុ​ជាង ២០០​ស្ថាប័ន ទូរទស្សន៍ ២០​ស្ថាប័ន និង​សារព័ត៌មាន​អនឡាញ ១៤៨​ស្ថាប័ន។ នេះបើ​តាម​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​ថ្លែង​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា លើក​ឡើង​ថា សារព័ត៌មាន ត្រូវ​តែ​បង្ហាញ​ការពិត​ទាំង​​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​រដ្ឋាភិបាល ហើយ​លោក​ថា អ្នក​សារព័ត៌មាន​ ត្រូវ​បែង​ចែក​ឱ្យ​ច្បាស់​រវាង​​សំណេរ​រិះ​គន់​រដ្ឋាភិបាល​ក្នុង​ន័យ​ស្ថាបនា និង​សំណេរ​តិះ​ដៀល ឬ​ជេរ​ប្រមាថ។

លោក ប៉ែន បូណា និយាយ​ថា​៖ «សារព័ត៌មាន​និយាយ​ការពិត ក៏​ប៉ុន្តែ ការ​ពិត​មួយ​ជ្រុង​ក៏​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ វា​ទាល់​តែ​ការពិត​គ្រប់​ជ្រុង។ ដូច្នេះ ទាំង​អ្នក​រិះ​គន់ ទាំង​អ្នក​គាំ​ទ្រ​រដ្ឋាភិបាល យើង​ត្រូវ​គិត​អំពី​​ចំណុច​មួយ​​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ការពិត​ទាំង​មូល កុំ​និយាយ​តែ​មួយ​ជ្រុង​ៗ​អ៊ីចឹង​ណា»

របាយការណ៍​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ ដោយ​​អង្គការ​អ្នក​រាយការណ៍​​ព័ត៌មាន​គ្មាន​ព្រំដែន (RSF) មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​បារាំង រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ១០ មាន​ម្ចាស់​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​អ្នក​នយោបាយ​កំពុង​កាន់​អំណាច​នៅ​កម្ពុជា។

នាយក​រង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​លើក​ឡើង​ថា សារព័ត៌មាន​ឯករាជ្យ​ដែល​ហ៊ាន​ផ្សព្វផ្សាយ​ការពិត និង​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ដោយ​លោក​ថា សារព័ត៌មាន​ប្រភេទ​នេះ មាន​តួនាទី​សំខាន់​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។

លោក អំ សំអាត និយាយ​ថា​៖ «ខ្ញុំ​ទទួល​ស្គាល់​ថា សារព័ត៌មាន​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​ការ​ចូលរួម​​ការ​អភិវឌ្ឍ​ជាតិ ជាពិសេស យើង​ចង់​បាន​សារព័ត៌មាន​ឯករាជ្យ​ដែល​បង្ហាញ​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ យើង​ចង់​ជំរុញ និង​លើក​ទឹក​ចិត្ត​​ឱ្យ​មាន​សារព័ត៌មាន​ឯករាជ្យ​ដែល​ហ៊ាន​និយាយ​ពី​ការ​ពិត និង​ចំណុច​ខ្វះ​ខាត និង​អវិជ្ជមាន​ដែល​ត្រូវ​កែលម្អ»

កម្រិត​សេរីភាព​សារព័ត៌មាន​​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ចំណាក់​ថ្នាក់ ១៣២ នៅ​ឆ្នាំ​២០១៧ មក​ដល់​ចំណាត់​ថ្នាក់ ១៤៣​ នៅ​ឆ្នាំ​២០១៩​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ចុង​ឆ្នាំ​២០១៧​កន្លង​មក។

សាស្ត្រាចារ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ដេប៉ាតឺម៉ង់ត៍​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) កញ្ញា ចេង ម៉េងជូ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ត្រូវ​​ទទួល​យក និង​លើក​ទឹក​ចិត្ត​ដល់​សារព័ត៌មាន​ឯករាជ្យ ​ដែល​ធ្វើ​សេចក្ដី​រាយការណ៍​​ផ្អែក​លើ​ការពិត ដោយ​កញ្ញា​ថា សេចក្ដីរាយការណ៍​ផ្អែក​លើក​ការ​ពិត និង​មាន​លក្ខណៈ​រិះគន់ គឺ​​ជាមូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ចេញ​គោល​នយោបាយ​ណា​មួយ។

កញ្ញា ចេង ម៉េងជូ និយាយ​ថា​៖ «សម្រាប់​រដ្ឋាភិបាល ខ្ញុំ​ជឿ​ថា កាល​ណា​គាត់​ស្ដាប់​តែ​សេចក្ដី​រាយការណ៍​​ដែល​មាន​លក្ខណៈ​លើក​ជើង​អី​អ៊ីចឹង គាត់​នឹង​បាត់​ព័ត៌មាន​ពិត​​ក្នុង​ការ​ពិចារណា​ ក្នុង​ការ​បង្កើត​គោល​នយោបាយ​ដែល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​សង្គម។ អ៊ីចឹង គោល​នយោបាយ​ដែល​គាត់​ដាក់​ចេញ​មក​ អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ទេ»

មិន​ត្រឹម​តែ​ចូលរួម​ចំណែក​ទៅ​ដល់​រដ្ឋាភិបាល​ទេ សាសាចារ្យ​រូប​នេះ ប្រាប់​ថា សេចក្ដី​រាយការណ៍​ផ្អែក​លើ​ការពិត​របស់​សារព័ត៌មាន​ឯករាជ្យ ក៏​ចូលរួម​ចំណែក​ជួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​ប្រកប​របរ​រកស៊ី ឬ​អាជីវកម្ម និង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មេដឹកនាំ​ផង​ដែរ។

កញ្ញា ម៉េងជូ និយាយ​បន្ត​ថា​៖ «ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​វិញ នៅ​ពេល​គាត់​ខ្វះ​ព័ត៌មាន​ពិត ប្រាកដ​ជា​គាត់​មិន​មាន​ការ​ពិចារណា​ត្រិះ​រិះ​ត្រឹម​ត្រូវ​ទេ នៅ​ពេល​គាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អ្វី​មួយ ពីព្រោះ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ទោះបីជា​ទាក់ទង​នឹង​ការ​ប្រកប​របរ​អាជីវកម្ម​របស់​គាត់ សេដ្ឋកិច្ច ការ​បោះ​ឆ្នោត ការ​​ជ្រើស​រើស​មេដឹកនាំ សុទ្ធ​តែ​ត្រូវការ​ព័ត៌មាន​ពិត​ទាំង​អស់។ ដូច្នេះ ប្រសិនបើ​ពួកគាត់​មិន​មាន​ព័ត៌មាន​ពិត​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា​ទេ គឺ​ការ​សម្រេច​ចិត្ត​របស់​គាត់​ ប្រាកដ​ជា​អាច​នឹង​ខុស»។

សកម្មជន​ដី​ធ្លីអ្នកស្រី ច្រាយ នីម ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២​នោះ បាន​ប្រាប់​ថា បញ្ហា​បាត់​បង់​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ មិន​ត្រូវ​បាន​រាយការណ៍​ពី​សំណាក់​សារព័ត៌មាន​ផ្សេង​ទៀត​នោះ​ឡើយ ក្រៅ​ពី​សារព័ត៌មាន​ខេមបូឌា ដេលី កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត។

អ្នកស្រី ច្រាយ នីម និយាយ​ថា​៖ «ហើយ​សារ​ព័ត៌មាន​ទាំង​នេះ[សារព័ត៌មាន​ឯករាជ្យ] ធ្វើ​ឱ្យ​សហគមន៍​ដែល​គាត់​រង​គ្រោះ​​ដូចជា​នាង​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០១២ ប្រសិន​ជា​[ព័ត៌មាន]នាង​ខ្ញុំ​​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទេ គឺ​រឿង​របស់​នាង​ខ្ញុំ​ដែល​មាន​ការ​បណ្ដេញ​ចេញ​ពី​ព្រលាន​យន្ត​ហោះ មិន​បាន​ឮ​ដល់​សាធារណជន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ដោះ​ស្រាយ​ដែរ»

ប៉ុន្តែ កាសែត​ខេមបូឌា ដេលី បាន​សម្រេច​ចិត្ត​បិទ​ការិយាល័យ និង​ការ​បោះ​ពុម្ព​ផ្សាយ​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ជុំ​វិញ​បញ្ហា​ពន្ធ​ដែល​រដ្ឋាភិបាល​បាន​អះ​អាង​ថា កាសែត​ភាសា​អង់គ្លេស​មួយ​នេះ បាន​ជំពាក់​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​តិច ១០​ឆ្នាំ​ចុង​ក្រោយ។

អ្នកយក​ព័ត៌មាន ២​រូប​របស់​កាសែត​មួយ​នេះ មាន​លោក អូន ភាព និង​លោក Zsombor Peter កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ទៅ​តាម​បណ្ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគិរី​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ក្រោយ​ពី​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​មុនការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។

ចំណែក​ឯ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​វិញ ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ចាស់​ជាង​គេ​នៅ​កម្ពុជា ក៏​បាន​ផ្លាស់​ប្ដូរ​ម្ចាស់​របស់​ខ្លួន​ផង​ដែរ ជុំ​វិញ​បញ្ហា​ពន្ធ​ដូច​គ្នា​ផង​ដែរ។

ក្រៅ​ពី​នេះ វិទ្យុ​អាស៊ី​សេរី (RFA) ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​នោះ ក៏​បាន​សម្រេច​ចិត្ត​បិទ​ការិយាល័យ​ផ្សាយ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​២០១៧​ផង​ដែរ ហើយ​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ​ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ទៀត​ដែល​ទទួល​បាន​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ​នោះ និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សម្រេច​បិទ​ផង​ដែរ។

អតីត​បុគ្គល​វិទ្យុ​អាស៊ី​សេរី ២​រូប លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ (ហៅ​ យាង សុជាមេត្តា) កំពុង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​ ក្រោយ​ពី​ត្រូវ​បាន​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៧។ សំណុំ​រឿង​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ