តុលាការ​ចោទសួរ​លោ​ក កឹម​ សុខា​ លើ​រឿងរ៉ាវ​ចន្លោះ​ឆ្នាំ១៩៩៣ និង២០០៧​

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ បាន​ចោទសួរ​លោ​ក កឹម​ សុខា​ តែ​រឿងរ៉ាវ​កើតឡើង​ក្នុងរយៈពេល​ពីឆ្នាំ១៩៩៣​ ដល់​ឆ្នាំ២០០៧​ ក្នុង​ពេល​ដែល​លោក​ជាស​មា​ជិ​កស​ភា​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ បាន​លើកឡើង​ថា​ ការ​លើកយក​រឿង​ដែល​កើតឡើង​ពីឆ្នាំ១៩៩៣​ ដល់២០០៧​ មក​ដាក់បន្ទុក​ដល់​កូនក្ដី​របស់​លោកស្រី​ គឺជា​រឿង​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់។

លោកស្រី​ ម៉េ​ង សុភារី​៖ «បទល្មើស​ “សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស”​ ហ្នឹង ​គឺ​ទើបតែ​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ២០០៩​ ហើយ​បទល្មើស​ហ្នឹង​ទើបតែ​យក​មក​អនុវត្ត ​ឆ្នាំ២០១០ទេ​។ ហេតុដូច្នេះ​ហើយ ​ការចោទប្រកាន់​ទាំងឡាយ​ណា​ដែល​មាន​មុន​ឆ្នាំ២០១០​ ដែល​ក្រម​ហ្នឹង​ចូលជាធរមាន​ ហើយដែល​ត្រូវ​បាន​យក​បទ​បញ្ញត្តិ​ផ្សេង​ៗយក​មក​អនុវត្តនៅក្នុង​ក្រម​ហ្នឹង​ គឺ​វា​មិនមែន​ជា​ការចោទប្រកាន់​មួយ​ដែល​ត្រឹមត្រូវ​ទៅតាមច្បាប់​ទេ​។ ព្រោះ​មុន​ច្បាប់​ចែង​ គឺ​មិនមែន​ជា​បទល្មើស​ទេ​ ហើយ​នេះ​មិនទាន់​គិតដល់​ថា ​អំពើ​ដែល​កូនក្ដី​ខ្ញុំ​ធ្វើ​គឺ​សុទ្ធតែ​ជា​អំពើ​ត្រឹមត្រូវ​ និង​ស្របច្បាប់​»។ 

បន្ថែម​ពីលើ​នេះ​ មេធាវី​ការពារ​ក្ដីលោក​ កឹម​ សុខា​ ម្នាក់ទៀត​គឺ​លោក​មេធាវី​ ចាន់​ ចេន បានឱ្យ​ដឹង​ថា​ ការសម្រេច​នេះ​គឺ​គ្មាន​ទម្ងន់​អ្វីទៅ​លើ​កូនក្ដី​របស់​លោក​នោះ​ទេ​ ដោយសារ​ការងារ​របស់​កូនក្ដី​លោក​ក្នុងរយៈពេល​នោះ​គឺជា​ការងារ​ស្របច្បាប់​ និង​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​។

លោក ​ចាន់​ ចេង​៖ «តាមរយៈ​នេះ​ដែរ​ គឺ​គាត់​បាន​បង្ហាញ​លិខិត​របស់ក្រ​សួង​មហាផ្ទៃ​ ដែល​អនុញ្ញាត​ទទួលស្គាល់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ គាត់​ក៏បាន​បង្ហាញ​ពី​លិខិតអនុញ្ញាត​ពី​ការបង្កើត​គណបក្ស​សិទ្ធិមនុស្ស​ទៅ​តុលាការ​ផង​ដែរ​។ គាត់​បញ្ជាក់​ថា ​រហូតមកដល់​ពេលនេះ ​គាត់​អត់មាន​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​ដែល​មា​នភ​ស្ភុ​តាង​រយៈពេល២នាទី​ ក្នុង​ការ​ដាក់បន្ទុក​មក​លើ​គាត់​ទេ​»។

បើ​តាម​មេធាវី​ការពារ​ក្ដីឱ្យលោ​ក កឹម​ សុខា​ ចាប់ពី​ឆ្នាំ១៩៩៣​ ដល់​ឆ្នាំ១៩៩៨​ លោ​កកឹម​ សុខា​ គឺជា​សមាជិកសភា​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​នៅ​សភាជាតិ​ ហើយពីឆ្នាំ១៩៩៩​ ដល់​ឆ្នាំ២០០២​ មាន​តួនាទី​សមាជិកព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណៈ​កម្មា​ការ​ទី១នៃ​ព្រឹទ្ធសភា។​ ក្រោយពី​បញ្ចប់​ការងារ​ពី​សមាជិកព្រឹទ្ធសភា​ លោក​បាន​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ មុននឹង​លោក​បង្កើត​បក្ស​សិទ្ធិមនុស្ស​នៅ​ឆ្នាំ២០០៧​។

មេធាវី​ដើមបណ្ដឹង​គឺ​លោក​ គី​ តិច​ យល់ថា ​ការកំណត់​របស់​តុលាការ​នេះ​ជា​រឿង​ត្រឹមត្រូវ​ ដែល​អាច​ឱ្យ​ជនជាប់ចោទ​អាច​គិត​ទាន់​ និង​ឆ្លើយ​សំណួរ​បាន​ច្បាស់លាស់​។ ទោះជាយ៉ាងណា ​លោក​បាន​វាយប្រហារ​ទៅលើ​មេធាវី​លោ​ក កឹម​ សុខា​ ថា​បាន​ព្យាយាម​រារាំង​ដំណើរ​នីតិវិធី​នេះ​ក្នុង​សវនាការ​។

លោក​ថា​៖ «អ្វី​ដែល​គាត់​លើក​នេះ​ ចំពោះ​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​យល់ឃើញ​ថា ​ហាក់ដូចជា​មាន​ចេតនា​ (មេធាវី​ការពារក្ដី) ដាក់​សំណួរ​ទៅ​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​គាត់​ឃាត់​ ធ្វើ​ឱ្យ​ភាគី​តំណាង​អយ្យការ​ ភាគី​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជំទាស់​។ អ៊ីចឹង ​គាត់​ធ្វើ​ឱ្យ​សាធារណជន​ដែល​អង្គុយ​នៅក្នុង​បន្ទប់​សវនាការ​ ដែល​មាន​គ្រប់​សមាសភាព​ហ្នឹង​ វាយតម្លៃ​ខុស​ទៅលើ​ការ​ផ្ដល់​សិទ្ធិ​ដែល​រង​នូវ​ការចោទប្រកាន់​ថា​ ខាង​ណោះ​និយាយ​មិនបានទេ​ គឺ​ឃាត់​រហូត​»។

សវនាការ​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក​ កូយ​ សៅ​ សម្រេច​លើកពេល​ទៅ​ថ្ងៃពុធ​សប្ដាហ៍​ក្រោយ​វិញ​។ អ្នកឃ្លាំមើល​ និង​អង្គការ​សមាគម​ចំនួន៨២​ បាន​ស្នើ​ឱ្យ​តុលាការ​ផ្សាយ​ផ្ទាល់​ក្នុង​ដំណើរការ​រឿង​ក្ដី​នេះ​ ដើម្បី​ឱ្យ​សាធារណជន​បាន​តាមដាន​ បង្ហាញ​ពី​តម្លាភាព​ និង​មានទំនុក​ចិត្ត​ពីសា​ធារ​ណជន​។

ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា​ «ក្បត់ជាតិ​» និង​ឃុបឃិតជាមួយ​បរទេស​ បន្ទាប់ពី​លោក​ និយាយ​ក្នុង​វីដេអូ​ឃ្លី​បនៅពេល​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​ តាំងពី​ឆ្នាំ២០១៣ កន្លងទៅ​។ ប៉ុន្តែ​ នៅក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ថ្ងៃម្សិលមិញ​ និង​ថ្ងៃនេះ​ លោក​ កឹម​ សុខា​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ វី​ឌី​អូ​ដែល​យក​មក​ចាក់​ផ្សាយ​នោះ​ មានការ​កាត់ត​បំភ្លៃ​ខ្លឹមសារ​ការពិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ