ក្រសួងថា មនុស្ស​៤​នាក់​ដែល​ប៉ះ​ពាល់​ផ្ទាល់​ជនជាតិ​ជប៉ុន​ផ្ទុក​​កូវីត​១៩​ សុខ​ភាព​ល្អ​ធម្មតា​

មន្ត្រីសុខាភិបាលខេត្តសៀមរាប សាកសួរអ្នកដែលបានធ្លាប់ប្រាស្រ័យទាក់ទងនឹងបុរសជនជាតិជប៉ុនដែលផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​បានអះអាងថា មនុស្ស៤នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយ​បុរសជនជាតិជប៉ុន ដោយរកឃើញថាមានផ្ទុកជំងឺ Covid-19 ឬ ជំងឺកូរ៉ូណា គឺពួកគេមានសុខភាពធម្មតា មិនមានបញ្ហាអ្វីនោះទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់វី.អូ.ឌី នៅល្ងាចថ្ងៃសុក្រនេះថា ​មនុស្ស៤នាក់ ដែលប៉ះពាល់​ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនកើតជំងឺកូរ៉ូណានោះ មានស្ត្រី២នាក់ និងប្រុស២នេះ។ ក្នុងចំណោមមនុស្សទាំង៤នាក់ គឺមានម្នាក់ជាជនជាតិជប៉ុន ភេទស្រី ដែលបានមករស់នៅស្រុកខ្មែរប្រមាណ៥ឆ្នាំមកហើយ ក្រៅពីនោះជាជនជាតិខ្មែរ ។

យ៉ាងនេះក្តី លោកស្រីបញ្ជាក់ថា ពួកគេទាំង៤នាក់ នៅមានសុខភាពធម្មតា គ្មានអ្វីប្រែប្រួលទេ ហើយក៏គ្មានការកើនកម្តៅក្នុងខ្លួនអ្វីនោះដែរ​។

អ្នកស្រីបន្តថា៖ «អត់ទេ ​អត់មានអ្វីទាំងអស់ ខ្លួនគាត់កម្តៅក៏អត់មានឡើង។ អត់មានអ្វីទាំងអស់ ពួកគាត់ធម្មតាៗ»។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ឱ្យដឹងទៀតថា ពួកគាត់ទាំង៤នាក់ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយត្រូវបន្តតាមដានបន្ថែមទៀត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅល្ងាចនេះ អះអាងថា កម្ពុជានៅមិនទាន់រកឃើញ​ករណីថ្មីនៅឡើយទេ​ ដោយកម្ពុជានៅតែរក្សា​ ១​ករណី​ដដែល​ ដែលកើតឡើងលើបុរសជាជនជាតិ​ចិន​ ហើយគាត់បានព្យាបាលជាសះស្បើយ និងបានវិលត្រលប់ទៅប្រទេសចិនវិញ​ នៅថ្ងៃទី​១០​ ខែកុម្ភ:​ ហើយដែរ​ ។

មកទល់ថ្ងៃនេះ នាយកដ្ឋានមួយនេះបញ្ជាក់ថា កម្ពុជាបានធ្វើតេស្តលើពលរដ្ឋកើនឡើងដល់​ ៤២៥​ករណី​ តែមិនបានរកឃើញសញ្ញាវិជ្ជមាន​នៃមេរោគ​ COVID-19 នោះទេ​ ។

ដោយឡែក អ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ៤០នាក់​ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ក្រសួងបានតម្រូវឱ្យពួកគាត់នៅដាចក់ដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​នោះ ប៉ុន្តែ មកទល់ពេលនេះ ​ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។

យ៉ាងនេះក្តី ក្រសួងបន្តថា ​នឹងនៅតែបន្តតាមដានករណីនេះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី​ មន្រ្តីអង្គការសុខភាពពិភពលោក​ (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ (USCDC) និងវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​ (IPC)។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក អ៊ឹង រចនា បានផ្ញើលិខិតជូនរដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃទី៥ ខែមីនា ម្សិលមិញ បានបញ្ជាក់ថា បុរសជនជាតិជប៉ុនអាយុជាង៤០ឆ្នាំមួយរូប​ បានធ្វើដំណើរចេញចូលកម្ពុជាចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី១៦ ខែកុម្ភៈ និងលើកទីពីរនៅថ្ងៃទី២៨ ខែកុម្ភៈ។

បុរសជប៉ុននោះ​បានចេញរោគសញ្ញាដំបូងនៅប្រទេសភីលីពីននាថ្ងៃទី២១ និងរោគសញ្ញាលើកទីពីរនៅកម្ពុជានាថ្ងៃ៣ ខែមីនា មុនចាកចេញពីប្រទេសកម្ពុជាតាមជើងយន្តហោះខេត្តសៀមរាប ទៅកាន់ព្រលានយន្តហោះ Tan Son Nhat ក្រុងហូជីមីញ ប្រទេសវៀតណាម ​មុនពេលបន្តដំណើរទៅព្រលានយន្តហោះ Nagoya ប្រទេសជប៉ុននៅថ្ងៃទី៤ ខែមីនា។ បុរសជនជាតិជប៉ុនរូបនោះ ​ត្រូវបានរកឃើញថា គាត់ផ្ទុកជំងឺកូរ៉ូណានៅក្នុងប្រទេសរបស់ខ្លួន ក្រោយពេលគាត់មានអាការៈក្អក និងពិបាកដកដង្ហើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ