រដ្ឋា​ភិបាល​​​ច្រាន​​ចោល​​ការ​​លើក​​ឡើង​ថា វៀត​ណាម​រារាំង​កសិករ​ខ្មែរ​ធ្វើ​ស្រែ​នៅ​ត្បូង​ឃ្មុំ​​

(ឆ្វេង) ទាហានវៀតណាម និង(ស្ដាំ) ពលរដ្ឋបកស្រាយប្រាប់ពីបញ្ហាប្រឈម ទៅដល់ក្រុមការងារលោក សុខសុវណ្ណវឌ្ឍនា សារាបុង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (William Guang)

គណៈកម្មាធិការចម្រុះ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​លើក​ឡើង​ថា ​វៀតណាម​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​លើ​ដី​ខ្លួន​ក្នុង​ភូមិ​ត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែមីនា​ កន្លង​ទៅ ហ្វេសប៊ុក​ផេក​ William Guang ដែល​ជា​ផេក​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ លោក សុខសុវណ្ណវឌ្ឍនា សារាបុង បានបង្ហោះនូវ​វីដេអូ និង​សារ​ពាក់​ព័ន្ធ​នឹង​ការ​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​ដោយ​ទាហាន​វៀតណាម ​បើ​ទោះ​បី​ដី​ទាំង​នោះ​ត្រូវ​បាន​គណៈកម្ម​ការ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​បោះរួច​ហើយ​ក្ដី។

លោក​បាន​សរសេរ​ និង​ចោទ​ជា​សំណួរ​ថា៖ «រឿង​អី​អាជ្ញាធរវៀតណាម មានសិទ្ធិ​ឆ្លង​ចូល​ដី​ខ្មែរ​មក​ហាម​ឃាត់ ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរមិន​ឱ្យធ្វើ​ស្រែ​លើ​ដី​ខ្មែរ?»

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ចុះ​ថ្ងៃ​ទី៣១ ខែមីនា គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​​ បាន​ប្រកាស​ទាត់​ចោល​ការ​លើក​ឡើង​នេះ ដោយ​ថា​ ជា​ព័ត៌មាន​ក្លែង​ក្លាយ​ បំផ្លើស​ការ​ពិត​ ដោយ​ថា​ ដី​ទាំង​នោះ​មុន​ការ​បោះ​ព្រំ​ដែន​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​វៀតណាម​ ដោយ​គ្មាន​ពលរដ្ឋខ្មែរ​ណា​ម្នាក់​ធ្លាប់​គ្រប់គ្រង​ពីមុន​មកទេ ហើយ​រដ្ឋ​ក៏​គ្មាន​គោល​ការណ៍​ដក​រួច​ប្រគល់​ដី​ជូនពលរដ្ឋ​​វិញ​ទេ​។

ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​នោះ​បាន​លើក​ឡើង​ថា៖ «ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​ចលនាមួយ​ក្រុម និង​គូកន មាន​ចេតនាបាន​បង្កើត និង​ប្រឌិត​រឿង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ចេតនា​ទុច្ចរិត​ ក្នុង​គោល​បំណង​យក​ដី​នៅ​តំបន់​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ឯក​ជន ដោយ​បំភ័ន្ត​សាធារណមតិជាតិ និង​អន្តរជាតិ ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ការងារ​ព្រំដេន​របស់​រាជ​រដ្ឋាភិបាល ​អំពី​ការ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី ក៏​ដូច​ជា​ការ​រំលោភ​បំពាន​ទឹក​ដី​ពី​ប្រទេស​ជិត​ខាង​ តាម​រយៈ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​អំពី​ករណី​ប្រជា​ពលរដ្ឋ​បាត់បង់​ដី​ស្រែ​ចំការ​នៅ​ភូមិត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្នុំ»។

បើ​តាម​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន បច្ចុប្បន្ន​នេះ ​បើ​ទោះ​បី​ការ​បោះ​បង្គោល​ និង​ខណ្ឌ​សីមា​ព្រំដែន​បាន​រួច​រាល់​បាន​មក​កម្ពុជា​ហើយ​​ក្ដី ក៏​កម្ពុជា​មិន​ទាន់​មាន​សិទ្ធិ​កាន់​កាប់​នៅ​ឡើយ​ទេ ត្រូវរង់ចាំ​រហូត​ដល់​ភាគី​ទាំង​ពីរ​ផ្លាស់​ប្ដូរ​សច្ចាប័ន​លើ​សន្និសញ្ញាព្រំ​ដែន​ឆ្នាំ​២០១៩ និង​ពិធី​សារខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក​ឆ្នាំ​២០១៩​រួច​រាល់ ទើ​ប​សិទ្ធិ​កាន់​កាប់​បានមក​លើ​កម្ពុជា​​។

លើ​ស​ពី​នេះ​ គណៈកម្មាធិការ​ព្រំ​ដែន​ក៏​បាន​ព្រមាន​ដែរ​ថា៖ «សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ សូម​ចូល​រួម​រក្សា​ទុក​ចំណែក​ដី​ទាំង​នោះ និង​ទប់​ស្កាត់ ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ ដែល​មាន​ចេតនា​ចង់​បំពានយក​ដី​ទាំង​នោះ ដោយ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ បន្លំ​ធ្វើ​ឯក​សារដោយ​ខុស​ច្បាប់ក្នុង​គោល​បំណង​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ​ដល់​សាធារណ​មតិជាតិ និង​អន្តរជាតិ»។

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ លោក សុខសុវណ្ណវឌ្ឍនា សារាបុង បាន​ប្រាប់​VODថា ​ករណី​នេះ​ លោក​គ្រាន់​តែ​ចុះ​ទៅយក​ព័ត៌មាន​ និង​ធ្វើ​របាយការណ៍​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដោយ​ថា​ លោក​គ្មាន​គោល​ការ​ណ៍វិនិច្ឆ័យ​នោះ​ទេ។

លោក​សរសេរថា៖ «ករណីនេះ ខ្ញុំសូមជម្រាបថា ពលរដ្ឋប្ដឹងមកខ្ញុំ ខ្ញុំចុះបេសកកម្មដល់ទីកន្លែង វាជាភារកិច្ចរបស់ខ្ញុំដែលចែងក្នុងរាជក្រឹត្យ ជាធម្មតា ខ្ញុំបង្ហោះតែសកម្មភាពបេសកកម្មការងាររបស់ខ្ញុំដល់សាធារណជនឱ្យបានដឹង។ ហើយការអះអាងរបស់ពលរដ្ឋ ខ្ញុំយកមកសិក្សា ហើយបញ្ជូនទៅសម្ដេចតេជោ។ ខ្ញុំអត់មានគោលការណ៍វិនិច្ឆ័យនោះទេ»។

តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់​​ថា ការ​ឆ្លើយ​តបរបស់​គណៈកម្មាធិការ​ព្រំ​ដែន​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ គឺហាក់​បី​ដូច​ជា​លឿន​ពេក ​ដោយលោក​ជំរុញ​ដល់​គណៈកម្មាធិការ​មួយ​នេះ​គួរ​តែ​ចុះ​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់សិន​ មុន​នឹង​ប្រតិកម្ម​ចំពោះ​ពលរដ្ឋ​ខ្លួន​បែប​នេះ​នោះ។

លោក​ថា៖ «ប្រជាពលរដ្ឋខ្មែរ​មិន​ដែល​មាន​ចិត្ត​គំនិត​ណា​ទៅ​ហ៊ានបំភ្លៃ​ការ​ពិត​នោះ​ទេ។ មាន​តែ​អាជ្ញាធរ​យួន និង​ប្រជាពលរដ្ឋ​យួន​ទេ ដែល​រំលោភ​បំពាន​មក​លើ​ទឹក​ដីកម្ពុជា​របស់​យើង​ ហើយ​ជា​ពិសេស​ ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ។ […] ហើយ​អ្វី​ដែល​យើង​សោក​ស្ដាយ ​គឺ​សោកស្ដាយ​ត្រង់​ថា​ គណៈកម្មការ​ព្រំដែន​ធ្វើ​ការ​ប្រតិកម្ម​លឿន​ពេក នៅពេល​ដែល​ប្រជាពលរដ្ឋ​ខ្លួន​លើក​ឡើង ​ត្រូវ​តែ​ទៅ​ត្រួត​ពិនិត្យ​ឱ្យ​ជាក់​លាក់​កុំ​អះអាង​ថា ​ខ្មែរ​ទៅ​យក​ដី​យួន ខ្មែរ​យើង​មិន​ដែល​យក​ដី​របស់​យួន​ទេ​ មាន​តែ​យួន​ទេ​ដែល​យក​ដី​របស់​ខ្មែរ»។

គិត​រហូត​មកដល់​ពេល​នេះ ​ព្រំ​ដែន​កម្ពុជា​វៀតណាម​បាន​បោះ​សម្រេច​ចំនួន ​៨៤​ភាគ​រយ​ហើយ ហើយ​បើ​ទោះ​បី​អ្នក​តាម​ដាន​យល់​ថា​ ការ​បោះព្រំ​ដែន​នេះ​កម្ពុជា​ចាញ់​ប្រៀប​​វៀតណាម​ច្រើន​ក្ដី ក៏​រដ្ឋាភិបាល​នៅ​តែ​​ប្រកាស​ពីភាព​ត្រឹមត្រូវ​នៃ​ការ​បោះ និង​ធានា​ចំពោះ​ជាតិ​ និង​ប្រជាជន​ថា ​ខ្លួន​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​រងការ​ខាត​បង់​ពី​ការ​បោះព្រំ​ដែន​នេះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ