មន្ត្រីក្រសួងការបរទេសថា ពលករ​កម្ពុជា​៦៨​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ក្រោយ​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ

បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបងប្អូនពលករខ្មែរមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

មន្ត្រីជាន់ខ្ពស់ក្រសួងការបទេស បានឲ្យដឹងថា ពលករកម្ពុជា​ចំនួន ៦៨នាក់ ដែលលួចឆ្លងដែនទៅប្រទេសថៃ​ដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃ​ចាប់បញ្ជូនត្រឡប់​មកកម្ពុជាវិញកាលពីថ្ងៃទី៨ ខែឧសភានេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរថៃបានចាប់ពលករកម្ពុជា​លួចឆ្លងដែនខុសច្បាប់ចំនួន ៦៨នាក់ ក្នុងនោះមានស្រី ២៥នាក់ និងកុមារ ៦នាក់ ស្ថិតនៅចំណុចណងព្រឺ ស្រុកអារ័ញ្ញប្រាថេត ខេត្តស្រះកែវ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ។

លោកបន្តថា ក្រោយពីឃាត់ខ្លួន ស្ថានអគ្គកុងស៊ុលកម្ពុជា​ប្រចាំនៅតំបន់នោះ បានទំនាក់ទំនងទៅអាជ្ញាធរថៃនៅ​វេលាម៉ោង ៦ល្ងាចក្នុង​ថ្ងៃដដែល​នោះ។ នៅពេលនោះអាជ្ញាធរថៃបានសាកសួរ និងធ្វើកំណត់ហេតុរួច ក៏បញ្ជូនពួកគេឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកគោកធ្យូង (អូរបីជាន់) ស្ថិត​នៅ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែលផងដែរ។

លោក កុយ គួង ឆ្លើយយ៉ាងខ្លីថា មិនច្បាស់នោះទេ នៅពេលត្រូវ​បាន​សាក​សួរ​បន្ថែម​ថា តើពលករកម្ពុជា​ទាំង​នោះ​ បាន​លួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ឬទៅធ្វើអ្វី?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ