លោក កឹម សុខា​ ប្រកាស​​បើក​​ជួប​​តំណាង​​ប្រទេស​​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​​

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា អះអាង​ថា ប្រកាស​បើក​ជួប​ជាមួយនឹង​ឯកអគ្គ​រដ្ឋទូត​-ឯកអគ្គ​រាជទូត នៃ​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​សំ​ខាន់​ៗមួយចំនួនដែល​មាន​ស្ថានទូត​នៅ​ភ្នំពេញ ដោយ​ផ្ទាល់ ​នៅ​គេហដ្ឋាន​របស់លោកជាបន្តបន្ទាប់​ក្នុង​សប្តាហ៍​នេះ។ 

សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ លោក កឹម សុខា លើកឡើង​ថា ​លោក​នឹង​ជួប​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​វត្តមាន​នៅ​ភ្នំពេញ ហើយ​ប្រទេស​ជា​មិត្ត​នៅ​ឆ្ងាយ​ក៏បាន​ទាក់ទង​លោក​តាម​បណ្តាញ​សង្គម​ដើម្បី​សួរសុខទុក្ខ​ទៀតផង។ ​

ហ្វេសប៊ុក​លោក កឹម សុខា សរសេរ​បន្ត​ថា៖ «ដោយឡែក ​ឯកអគ្គ​រដ្ឋទូត​-ឯកអគ្គ​រាជទូត នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​មួយចំនួន​ទៀត ដែល​មិន​មាន​ទីតាំង​ស្ថានទូត​នៅក្នុង​ទឹកដី​កម្ពុជា ស្រប​ពេល​មាន​ជំងឺកូ​វីដ១៩ មិន​អាចម​កជួប​ខ្ញុំ​ផ្ទាល់​បាន ក៏បាន​ផ្ញើ​សារ និង​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​មកសួរសុខទុក្ខ​ខ្ញុំ​ផង​ដែរ»។

កាលពី​ថ្ងៃម្សិលមិញ​ផង​ដែរ ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ​លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christian Berger​) នា​ពេលព្រឹក និង​ឯកអគ្គ​រដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​ប្រទេស​កម្ពុជា​ លោកស្រី Carmen Moreno នា​ពេលរសៀល បាន​ចូល​ជួប​ជាមួយ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ 

អតីត​នាយ​ខុទ្ទកាល័យ​លោក កឹម សុខា គឺលោក មុត ចន្ថា បាន​លើកឡើង​ថា ក្នុង​ជំនួប​រវាង​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ជាមួយ​តំណាង​សហគមន៍​អន្តរជាតិ​លោកសេរី​ពីរ​ដាច់ដោយឡែក​ពីគ្នា​នោះ ទាំង​ភាគី​អាល្លឺម៉ង់ និង​ភាគី​សហភាព​អឺរ៉ុប បាន​សាទរ​ចំពោះ​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងអតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​លោក កឹម សុខា កាលពី​ថ្ងៃទី៥ ខែឧសភា។

ប្រភព​ដដែល​បន្ត​ថា ភាគី​អន្តរជាតិ​ទាំងពីរ បាន​ចាត់ទុក​ជំនួប​រវាង​លោក​ ហ៊ុន សែន និង​លោក កឹម សុខា ពេលនោះ ថា​ជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា។

លោក មុត ចន្ថា បន្ថែម​ថា ក្រៅពី​សាទរ ក្នុង​ជំនួប​នោះ ទាំង​តំណាង​អាល្លឺម៉ង់​ និងតំណាង​អឺរ៉ុប ក៏បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ១៩ ក្នុង​ស្ថានភាព​កូ​វីដ​-១៩ និង​អំពី​ស្ថានភាព​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

កាលពី​រសៀល​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បាន​ដឹកនាំ​ប្រតិភូ​របស់​ខ្លួន​ជាច្រើន​រូប ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិវឌ្ឍ​នា ប៊ុ​ន ស៊ាង​លី មាតា​ក្មេក​លោក ហ៊ុន សែន និង​ជា​មាតា​បង្កើត​លោកស្រី ប៊ុ​ន រ៉ា​នី ហ៊ុន​សែន។ 

នា​ឱកាស​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ ហ៊ុន សែន និង​លោក កឹម សុខា បាន​ជួប​ជជែកគ្នា​រយៈពេល​ប្រមាណ ៥០នាទី ក្រោយពេល​អ្នក​ទាំងពីរ​ខាន​បាន​ជួបគ្នា​អស់​រយៈពេល​ប្រមាណ ៤ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ