មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ប្រាប់ថា គណៈកម្មាធិការព្រំដែនកម្ពុជា មិនទាន់កំណត់ពេលជាក់លាក់ក្នុងការចុះទៅពិនិត្យមើលស្ថានភាពយោធាវៀតណាមបោះតង់ជាង ២៥០ទីតាំងនៅលើតំបន់មិនទាន់ឯកភាព និងតំបន់ឯកភាពគ្នា ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនៅឡើយទេ ដោយថា រង់ចាំទទួលបានឯកសារបន្ថែមពីខាងក្រសួងមហាផ្ទៃ។
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ប្រាប់វី.អូ.ឌីនៅថ្ងៃទី១១ ខែមិថុនា ថា ខាងលោកទើបនឹងទទួលបានលិខិតរបស់ក្រសួងមហាផ្ទៃ ដោយស្នើឱ្យខាងលោក ចុះទៅពិនិត្យមើលទីតាំងយោធាវៀតណាមដែលបានបោះតង់នៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
លោកបញ្ជាក់ថា ការបោះតង់ទាំងនោះមានទាំងតំបន់មិនទាន់ឯកភាពគ្នា និងតំបន់ដែលឯកភាពគ្នារួចរាល់ ប៉ុន្តែ លោកមិនអាចបញ្ជាក់លម្អិតបានឡើយ ហើយលោកនៅមិនទាន់ដឹងច្បាស់ថា នឹងចុះទៅកាន់ទីតាំងទាំងនោះពេលណាទេ ដោយរង់ចាំរបាយការណ៍បន្ថែមពីក្រសួងមហាផ្ទៃជាមុនសិន។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា៖ «គណៈកម្មាធិការព្រំដែនថ្នាក់ជាតិហ្នឹង គេមិនមែនចេះតែចុះទៅលេងៗទេបាទ ទាល់តែមានភាពចាំបាច់បានចុះ។ អានេះ ខ្ញុំសូមជម្រាបទៅណា។ ព្រោះគេស្គាល់ខ្សែព្រំដែនគេវាច្បាស់ ហើយគេមិនមែនលេងសើចទេ។ ដូច្នេះ អ្វីដែលគេថា បោះតង់ត្រង់ណាៗ ថាចូលដីយើង ឬមិនចូលដីយើងអីៗនោះ វាទាល់តែច្បាស់។ ទាល់តែយើងបាននិយាមការពីទីតាំងតង់នីមួយៗទាំង ២៥៦មកសិន ទើបឱ្យមន្ត្រីយើងវិនិច្ឆ័យថា ត្រូវចុះ ឬមិនត្រូវចុះ មិនមែនចេះតែចុះទៅទេ។ ដូច្នេះ ខ្ញុំមិនទាន់បាននិយាមការទីតាំងតង់ទាំង ២៥៦នោះទេ»។
វី.អូ.ឌី បានព្យាយាមសុំការឆ្លើយតបពីអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោក ហ៊ូ សាគុណ ប៉ុន្តែ លោកបដិសេធក្រោមហេតុផលស្តាប់គ្នាមិនបាន ហើយចុចបិទទូរសព្ទតែម្តង។
យ៉ាងនេះក្តី សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយពីការលើកឡើងរបស់ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោក ហ៊ូ សាគុណ កាលពីថ្ងៃម្សិលមិញថា តាំងពីផ្ទុះជំងឺ COVID-19 យោធាវៀតណាមបោះតង់ដោយឯកតោភាគីចំនួន ២៥៦កន្លែង នៅតាមបណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនក្នុងតំបន់មិនទាន់ឯកភាពគ្នា ប៉ុន្តែ លោកថា ដោយសារមានការតវ៉ាពីសំណាក់រដ្ឋាភិបាលកម្ពុជា វៀតណាមបានសម្រេចរុះរើតង់ចេញ និងដកថយជាច្រើនកន្លែងវិញ។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ករណីវៀតណាមបោះតង់ ៣១ទីតាំងជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលកាលពីខែមីនានោះ គឺភាគីវៀតណាមបានរុះរើតង់ទាំងនោះចេញតាំងពីមុនថ្ងៃទី១៣ ខែឧសភា ហើយការបោះតង់ផ្សេងទៀតធ្វើឡើងក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់វៀតណាមប៉ុណ្ណោះ។
ហ្វេសប៊ុកស្ថានទូតវៀតណាមសរសេរថា៖ «តាមការជូនដំណឹងពីខេត្តអានយ៉ាង នៅពេលនេះទីតាំងថ្មីដែលបានបោះតង់បណ្តោះអាសន្ន មានចំងាយខិតចូលខាងវៀតណាម ៣០មែត្រពីខ្សែព្រំដែន ដែលស្ថិតក្នុងការគ្រប់គ្រងជាក់ស្តែងរបស់វៀតណាម»។
ផ្ទុយពីការលើកឡើងរបស់វៀតណាមនេះ កាលពីថ្ងៃទី២ ខែមិថុនា ក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយ ដោយអះអាងថា មន្ត្រីជាន់ខ្ពស់របស់ខ្លួនដែលមានរដ្ឋលេខាធិការក្រសួង គឺអ្នកស្រី អ៊ាត សោភា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វ៉ូ ក្វាងមិញ (Vu Quang Minh) មកពិភាក្សាគ្នា និងស្នើឱ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញឱ្យបានឆាប់។
លើសពីនេះ កម្ពុជាស្នើបន្តរក្សាស្ថានភាពដើមមិនកែប្រែនៅតំបន់បោះតង់ទាំងនោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជនប្រទេសទាំងពីរ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាក្រុមការងារ ១០០រាត្រី ដែលតែងចុះស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ លោក មួង សូនី បានឱ្យដឹងថា រាល់តំបន់មិនទាន់ឯកភាពគ្នាតាមព្រំដែន វៀតណាមតែងមានប្រៀបលើភាគីខ្មែររហូតមក។
លោកថា ការបោះតង់តាមព្រំដែនក្រោមហេតុផលទប់ស្កាត់ ឬបង្ការមិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រថ្មីរបស់ភាគីវៀតណាមក្នុងការរំលោភបំពានលើបូរណភាពដែនដីកម្ពុជាតាមបណ្តោយព្រំដែនបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ចំណុចនៃការបោះតង់នេះ ជាចំណុចរសើប ឬក៏ជាយុទ្ធសាស្ត្រមួយថ្មី ដែលវៀតណាមប្រើប្រាស់ដើម្បីឈ្លានពានកម្ពុជា។ យើងដឹងហើយថា វៀតណាមហ្នឹង គាត់មានយុទ្ធសាស្ត្រនយោបាយច្បាស់លាស់ណាស់ក្នុងការគ្រប់គ្រង ឬឈ្លានពានទៅលើតំបន់នៅក្នុងប្រទេសកម្ពុជាយើងនៅតាមក្រវ៉ាត់ព្រំដែនទាំងអស់ហ្នឹង»។
កម្ពុជាមានព្រំដែនគោកជាប់ប្រទេសវៀតណាមប្រវែង ១២៧០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលប្រទេសទាំងពីរ សម្រេចលើកិច្ចការបោះបង្គោលខណ្ឌសីមាបានចំនួន ៨៤ភាគរយហើយ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឱ្យដឹងថា ការបោះបង្គោលព្រំដែនជាផ្លូវការនៅសល់ ១៦ភាគរយទៀត ជាបញ្ហាវែងឆ្ងាយ ប៉ុន្តែ រដ្ឋាភិបាលកំពុងធ្វើការចរចាដើម្បីដោះស្រាយឈានទៅបញ្ចប់នៅពេលខាងមុខ៕