កម្ពុជា​​នៅ​តែ​​ប្រកាន់​​ជំហរ​​ទាម​ទារ​​ឱ្យ​​វៀត​ណាម​​រុះ​រើ​​តង់​​ចេញ​ពី​​តំបន់​​មិន​ទាន់​​ឯក​ភាព​​គ្នា​​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរ​ទេ​សក​ម្ពុជា អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ដែល​បោះ​ដោយ​ឯកតោភាគី​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ចេញ​ឱ្យ​អស់ ដោយ​ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​បញ្ហា​នេះ​ឱ្យ​បាន​ជាប់​ជាប្រចាំ។

ការប្រកាស​ជំហរ​នេះ ក្រោយពេល​ភាគី​វៀតណាម​បាន​បោះតង់ ២៥៦កន្លែងនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម​ដោយ​ឯកតោភាគី ក្រោម​ហេតុផល​ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​រ៉ូ​ណា ឬកូ​វីដ១៩។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មានប្រសាសន៍​ថា ការ​បោះតង់​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​ជំងឺ​កូ​វីដ១៩ ពីសំណាក់​ភាគី​វៀតណាម អាច​ធ្វើ​ទៅ​បាន គឺ​បោះ​ក្នុងទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ដែល​ឯកភាព​គ្នា​រួច​ប៉ុណ្ណោះ មិន​អាច​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ​ឡើយ។

ជាមួយគ្នា​នេះ លោក​បញ្ជាក់​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ដែល​បោះនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ឱ្យ​អស់ និង​ឱ្យ​បាន​ឆាប់។

លោក កុយ គួង មានប្រសាសន៍​ថា៖ «យើង​! ជំហរ​របស់​យើង​គឺ ស្នើ​ឱ្យ​វៀតណាម​ត្រូវតែ​រុះរើ​តង់​ចេញពី​តំបន់​ដែល​មិនទាន់​មានការ​កំណត់ព្រំដែន​ច្បាស់លាស់​ហ្នឹង។ យើង​មិនទាន់​បាន​កំណត់ពេល​ទេ ប៉ុន្តែ​ យើង​ស្នើ​ឱ្យ​ភាគី​វៀតណាម​រើចេញ​ឱ្យ​បាន​ឆាប់»។ 

កាលពី​ថ្ងៃទី១១ ខែមិថុនា ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​អះអាង​ប្រាប់​វី.អូ.ឌី​ថា ចាប់តាំងពី​វិបត្តិ​ជំងឺ​កូ​រ៉ូណា​ផ្ទុះឡើង ភាគី​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ​ទាំង​តំបន់​មិនទាន់​ឯកភាព និង​តំបន់​ឯកភាព​គ្នា​រួច ​មាន​ចំនួន ២៥៦ទីតាំង។

កាលពី​ថ្ងៃទី២២ ខែឧសភា​កន្លងមក​នេះ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ករណី​វៀតណាម​បោះតង់ ៣១ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ​ស្ថិត​ក្នុង​ខេត្តកណ្តាល​កាលពី​ខែមីនា​នោះ គឺ​ភាគី​វៀតណាម​បាន​រុះរើ​តង់​ទាំងនោះ​ចេញ​តាំងពី​មុន​ថ្ងៃទី១៣ ខែឧសភា ហើយ​ការ​បោះតង់​ផ្សេងទៀត​ធ្វើឡើង​ក្នុងទឹក​ដី​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​ថា មកទល់​ពេល​បច្ចុប្បន្ន​នេះ ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន ៧ទីតាំងប៉ុណ្ណោះ ដោយឡែក​តង់​ចំនួន ២៤ទីតាំង​ទៀត នៅ​មិនទាន់​រុះរើ​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ​ឡើយ។

បញ្ហា​នេះ លោក​ថា ខាង​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​ព្រំដែន​កម្ពុជា នៅតែ​ជំរុញ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​ឱ្យ​អស់ ហើយ​ការងារ​នេះ​ធ្វើឡើង​ដោយ​យកចិត្ត​ទុកដាក់ និង​ត្រួតពិនិត្យ​ជាប្រចាំ ដោយ​លោក​សង្ឃឹមថា​ ភាគី​វៀតណាម​នឹង​ព្រម​រុះរើ​តង់​ទាំងនោះ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ផង​ដែរ។

លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​បន្ថែម​ថា៖ «ការដែល​យើង​ខិតខំ​ហ្នឹង ទីមួយ​គឺ​យើង​ដើរ​ល្បាត​មើលកងកម្លាំង​របស់​យើង​ដូច​ខ្ញុំ​និយាយ​មិញ ដោយ​យកចិត្ត​ទុកដាក់​បំផុត​ មិន​ឱ្យ​មាន​អ្វី​ដែល​មក​បំពា​របំ​ពាន​ថែមទៀត​ទេ។ ទីពីរ​ យើង​តវ៉ា​លើ​ផ្លូវច្បាប់ ដែល​ខាង​រដ្ឋបាល​ខេត្ត​អាងយ៉ាង​ហ្នឹង ក៏​គាត់​បាន​ប្រាប់​មក​ខេត្តកណ្តាល​ដែរ ថា​គាត់​ព្រម​រុះរើ។ ប៉ុន្តែ​ ដោយសារ​ករណី​គាត់​ដាក់​តង់​នេះ ដោយសារ​កន្លងមក​ពាក់ព័ន្ធ​ការទប់ស្កាត់​ជំងឺ​កូ​វីដ»។ 

ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​អ្នក​តាម​ដែន​បញ្ហា​ព្រំដែន​កម្ពុជា លោក ទូច វិបុល សាទរ​ចំពោះ​ការប្រកាស​ជំហរ​បែបនេះ​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ទាមទារ​ឱ្យ​វៀតណាម​ដក​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​នេះ។

ប៉ុន្តែ លោក​ចង់​ឃើញ​ជំហរ​រដ្ឋាភិបាល​ច្បាស់លាស់​បន្ថែម​ទៀត តាមរយៈ​យន្តការ​អន្តរជាតិ យន្តការ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ជាដើម ចំពោះ​ការ​ព្យាយាម​រំលោភ​លើ​អធិបតេយ្យ​ភាព​កម្ពុជា​រហូត​មក ពីសំណាក់​វៀតណាម និង​ជំហរ​នៃ​ការ​ទាមទារ​ឱ្យ​លុបចោល​រាល់​សន្ធិ​សញ្ញា​ ឬកិច្ច​ព្រមព្រៀង​ជាមួយ​វៀតណាម​ដែល​ខុសច្បាប់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​ទៀតផង។ 

លោក ទូច វិបុល មានប្រសាសន៍​ថា៖ «អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​បន្ត គឺ​ត្រូវ​ជម្រាប​រាយការណ៍​ទៅដល់​សមាគម​អាស៊ាន ដោយ​គេ​មាន​គោលការណ៍​ជាក់ច្បាស់​ថា ប្រទេស​មួយ​មិន​អាច​រំលោភ​ទៅលើ​អធិបតេយ្យ​ភាព​របស់​ប្រទេស​មួយ​បានទេ ដែល​ផ្ទុយពី​គោល​ការ​ណ៍របស់​អាស៊ាន។ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​បន្ត ហើយ​ត្រូវ​រាយការណ៍​ជូន​ទៅដល់​អង្គការសហប្រជាជាតិ ជុំវិញ​បញ្ហា​ប្រទេស​វៀតណាម​តែងតែ​មក​រំលោភ​លើ​ដែនដី​កម្ពុជា ដែល​ផ្ទុយ​ទាំងស្រុង​ពី​សន្ធិសញ្ញា​នានា របស់​អង្គការសហប្រជាជាតិ​ មិន​ឱ្យ​ប្រទេស​មួយ​ទៅ​រំលោភ​លើ​ប្រទេស​មួយទៀត»។

កម្ពុជា​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​វៀតណាម​ប្រវែង ១២៧០គីឡូម៉ែត្រ ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរសម្រេច​លើ​កិច្ចការ​បោះបង្គោល​ខណ្ឌសីមា​បាន​ចំនួន ៨៤ភាគរយ​ហើយ។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ឱ្យ​ដឹង​ថា ការ​បោះបង្គោល​ព្រំដែន​ជា​ផ្លូវការ​នៅសល់ ១៦ភាគរយ​ទៀត ជា​បញ្ហា​វែងឆ្ងាយ ប៉ុន្តែ រដ្ឋាភិបាល​កំពុងធ្វើការ​ចរចា​ដើម្បី​ដោះស្រាយ​ឈាន​ទៅ​បញ្ចប់​នៅពេល​ខាងមុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ