HRW ជំរុញ​​ឱ្យ​​រដ្ឋា​ភិបាល​​អន្តរា​គមន៍​​ផ្អាក​​ការ​​សង​បំណុល​ ដើម្បី​​បញ្ឈប់​​ការ​​លក់​​ដី​​ផ្ទះ​សម្បែង​​ដោយ​បង្ខំ​​

បន្ទប់ផ្ទះជួលមួយកន្លែងដែលគេហៅថា ផ្ទះ ឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រូបភាព៖ ហ៊ី ឆាយ

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ ​(Human Right Watch​) លើកឡើង​ថា គ្រួសារ​ដែល​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី និង​ផ្ទះសម្បែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ ដើម្បី​បាន​ប្រាក់​សង​ទៅ​ម្ចាស់បំណុល ខណៈ​ពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬកូ​វីដ១៩។ 

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី១៤ ខែកក្កដា អង្គការ Human Right Watch បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា និង​ធនាគារជាតិនៃកម្ពុជា​គួរធ្វើ​អន្តរាគមន៍​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​បំណុល និង​ការប្រាក់​ចំពោះ​អ្នកខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ ខណៈ​ដែល​ពួក​គេ​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid​-19។

អង្គការ​ដដែលមើលឃើញ​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លើ​បញ្ហា​បំណុល​នេះ​នា​ពេល​កន្លងមក គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​អ្នកខ្ចី​ប្រាក់ ដើម្បី​បញ្ចៀស​ពី​ការរំលោភ​សិទ្ធិមនុស្ស​ពីសំណាក់​ម្ចាស់បំណុល​នៅឡើយ​ទេ។

នាយករង​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូបឺ​តសុន ​(Phil Robertson​) មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ប្រជាជន​កម្ពុជា​ជាច្រើន​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ផ្ទះសម្បែង​របស់​ខ្លួន​ច្រើនជាង​ការ​ខ្លាច​ឆ្លង​វីរុស​កូ​វីដ​១៩ ដោយសារ​ពួក​គេ​មិន​អាច​សង​ប្រាក់កម្ចី​ទៅ​ម្ចាស់បំណុល​បាន ហើយ​រដ្ឋាភិបាល​មិនបាន​ជួយ​ដល់​ពួក​គេ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ។ 

លោក ហ្វីល រ៉ូបឺ​តសុន និយាយ​ថា៖ «រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ជា​ឱ្យ​មានការ​ផ្អាក ឬពន្យារពេល​សងបំណុល និង​អត្រា​ការប្រាក់​របស់​ពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩ជាបន្ទាន់ ហើយ​គប្បី​ចាត់វិធានការ​ចំពោះ​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មិន​អនុវត្ត​តាម»។

Human Right Watch លើកឡើង​ថា កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា​មាន​ចំនួន​មធ្យ​មជិត ៤ពាន់​ដុល្លារ (៣,៨០៤ដុល្លារ​) ដែល​នេះ​គឺជា​អត្រា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា រដ្ឋាភិបាល​គ្មាន​ភាព​ចាំបាច់ក្នុង​ការ​ឆ្លើយតប​ទៅ​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​ឡើយ ត្បិត​ជា​ការ​លើកឡើង​ដែល​មិន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា និង​មិនបាន​មើលឃើញ​ពី​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​នេះ។

លោក ផៃ ស៊ី​ផាន មានប្រសាសន៍​បន្ត​ថា៖ «ដូច្នេះ យើង​[រដ្ឋាភិបាល​]បាន​សេចក្តី​ថា យើង​អត់​ត្រូវការ​អ្នកណា​មក​ប្រាប់​ឱ្យ​រាជរដ្ឋាភិបាល​មក​ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចុះទេ ត្បិត​រដ្ឋាភិបាល​បាន​ធ្វើរួច​ទៅ​ហើយ»។

ប្រធាននាយកដ្ឋាន​ទំនាក់ទំនង និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី លើកឡើង​ប្រាប់​វី.អូ.ឌី​ថា អំឡុង​វិបត្តិ​កូ​វីដ១៩ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជាស​មា​ជិ​ករបស់​ខ្លួនទៅ​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​បង់ប្រាក់​យឺតយ៉ាវ ឬខ្វះ​លទ្ធភាព​សង​ប្រាក់​នោះ​ឡើយ។

បន្ថែម​ពីនេះ លោក​ថា នៅពេល​មាន​ពលរដ្ឋ​ជួប​បញ្ហា​ប្រឈម ខាង​ភ្នាក់ងារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ជួប​ពួក​គាត់​ផ្ទាល់​ ដើម្បី​ពិភាក្សាឈាន​ទៅ​សម្រួល ឬរៀបចំ​ឥណទាន​ឡើងវិញ ឬកម្ចី​ថ្មី​ជូន​ដល់​ពួក​គេ ដោយ​ភាគច្រើន​កូនបំណុល​ស្នើ​ឱ្យ​ផ្អាក​បង់​ទាំង​ប្រាក់ដើម និង​ប្រាក់ការ ឬស្នើសុំ​បង់​តែ​ការប្រាក់​រយៈពេល​ចន្លោះ​ពី ៣ខែ ​ទៅ ៦ខែ ហើយ​ខាង​មីក្រូហិរញ្ញវត្ថុ​ក៏បាន​ធ្វើតាម​សំណូមពរ​របស់​ពួក​គេ​ផង​ដែរ។

លោក កាំង តុង​ងី បន្ត​ថា៖ «ការរៀបចំ​កម្ចី​ឥណទាន​ឡើងវិញ​ហ្នឹង គឺ​យើង​មាន​ករណី​ខ្លះ យើង​ផ្អាក​ការ​បង់​សង​ទាំង​ការ​ទាំង​ដើម​តែម្តង​រយៈពេល ៣ ទៅ ៦ខែ ហើយ​ករណី​ទីពីរ​ដែល​ភាគច្រើន​គាត់​ស្នើសុំ​ទទួលយក​ហ្នឹង គឺ​សុំ​បង់​តែ​ការ​[ប្រាក់​] រយៈពេល ៣ ទៅ ៦ខែ ដោយ​រក្សា​ដើម។ អីចឹង នេះ​ជា​អ្វី​ដែល​វិស័យ Finance [មីក្រូហិរញ្ញវត្ថុ​] បាន​ជួយ​ទៅលើ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វីដ១៩។ ក៏ប៉ុន្តែ បើ​ឱ្យ​យើង​ផ្អាក​ទាំងស្រុង​ទាំងអស់ យើង​មិន​អាច​ធ្វើ​ទៅ​បានទេ ព្រោះ​វា​ពាក់ព័ន្ធ​ផ្លូវច្បាប់​មួយចំនួន»។

លោក កាំង តុង​ងី អះអាង​ថា រហូតមកដល់​ថ្ងៃទី១៤ ខែកក្កដា ខាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ជួយ​សម្រួល​ដល់​អតិថិជន​ជាង ២៣ម៉ឺន​នាក់​ក្នុង​អំឡុង​កូ​វីដ១៩ តាមរយៈ​ការរៀបចំ​ប្រាក់កម្ចី​ឡើងវិញ ក្នុង​ទំហំ​ឥណទាន​ជាង ១ពាន់​លាន​ដុល្លារ។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ ឬសម្របសម្រួល​បញ្ហា​បំណុល​របស់​ពលរដ្ឋ​នេះ គឺ​មាន​ច្រើន​ចាប់តាំងពី​វិបត្តិ​កូ​វីដ១៩បាន​ផ្ទុះឡើង ប៉ុន្តែ លោក​ថា នៅ​មិនទាន់​បាន​ពេញលេញ​នៅឡើយ​ទេ ខណៈ​ដែល​ខាង​លោក​ចង់​ឃើញ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​វិស័យ​មីក្រូហិរញ្ញវត្ថុជួយ​ដល់​ពលរដ្ឋ​ក្នុង​ស្ថានភាព​នេះ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត។

លោក អំ សំអាត ប្រាប់​ថា៖ «អ៊ីចឹង យើង​ឃើញថា នៅក្នុង​អនុសាសន៍​របស់​អង្គការ​បី ដូចជា លី​កាដូ សង់​ត្រា​ល់ និង​សហជីព CATU ដែល​បាន​ចេញ​ជា​អនុសាសន៍​ហ្នឹង គឺថា ចង់ឱ្យ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ហ្នឹង ពិនិត្យមើល​បន្ថែម​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​កាលៈ​ទេសៈនៃ​កូ​វីដ១៩នេះ ដើម្បី​កុំឱ្យ​គាត់​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗទៀត»។

កាលពី​ថ្ងៃទី៣០ ខែមិថុនា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ ហៅ​កាត់ ​សង់​ត្រា​ល់ អង្គការ​លី​កាដូ និង​សម្ព័ន្ធ​សហជីព​កម្ពុជា ហៅថា CATU បាន​ចេញ​របាយការណ៍​រួមគ្នា​ដោយ​ផ្អែកលើ​ការស្ទង់មតិ​ជាមួយ​កម្មករ​កាត់ដេរ​ចំនួន ១៦២នាក់​ មក​ពី​រោងចក្រ​ចំនួន៣ ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​វិបត្តិ Covid​-19 ។

ក្រុម​អង្គការ និង​សហជីព​ទាំងនេះ បាន​រក​ឃើញថា មានកម្ម​ករ​ជាច្រើន​អះអាង​ថា ពួក​គេ​ជំពាក់បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ឬធ​នា​គារ ខណៈ​ការងារ និង​ប្រាក់ចំណូល​របស់​ពួក​គេ​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ១៩។ បញ្ហា​ប្រឈម​នេះបណ្តាល​ឱ្យ​កម្មករ​មួយចំនួន​បាន​លក់ ឬកំពុង​មាន​ផែនការ​លក់​ដីធ្លី​ ដើម្បី​យក​ប្រាក់​សងបំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ 

បន្ថែម​ពីនេះ ​របាយការណ៍​ដដែល ក្រុម​កម្មករ​អាច​នឹង​កាត់បន្ថយ​របប​អាហារ​ដើម្បី​សន្សំប្រាក់​សងបំណុល​គេ និង​ត្រូវ​រក​ខ្ចីប្រាក់​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​យក​មក​សង​ប្រាក់បំណុល​ដែល​មានស្រាប់​ជាដើម។ 

ប៉ុន្តែ របាយការណ៍​ក្រុម​អង្គការ និង​សហជីព​នេះ ត្រូវ​បានខាង​សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ច្រានចោល ដោយ​ចាត់ទុកជា​របាយការណ៍​ដែល​មិនបាន​បង្ហាញ​ទិដ្ឋភាព​ជាក់ស្តែង មាន​ភាព​លម្អៀង និង​គ្មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ