ជប៉ុនបង្ហាញជំហគាំទ្រកម្ពុជាដើរលើមាគ៌ាទៅរកទិសដៅអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក ម៉ូតេ​ហ្គី តូ​ស៊ី​មី​តសឺ (MOTEGI Toshimitsu) ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (REUTERS/Ajeng Dinar Ulfiana)

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និយាយថា ជប៉ុនបន្តគាំទ្រកម្ពុជាដើរលើមាគ៌ាទៅរកទិសដៅអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ ខណៈសហភាពអឺរ៉ុបកំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាលកម្ពុជា ស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ លើក​ឡើង​បែប​នេះ​ក្នុងសារមួយ​ដែលបង្ហោះលើទំព័រ​ហ្វេសប៊ុក​របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា​​អំឡុងពេលលោកមក​បំពេញ​ទស្សកិច្ចកម្ពុជានៅថ្ងៃនេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ និយាយទៀតថា ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព។

លោក​បន្ត​ថា ការស្តារឡើងវិញ ក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់​របស់ប្រទេសកម្ពុជា ជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ។ លោកថា ទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បន្តថា កាលពីខែមករាឆ្នាំនេះ លោកបានជួបយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ចនៅប្រទេសជប៉ុន លោកថា ពួកគាត់ទាំងអស់គ្នាបានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍប្រទេសរបស់ពួកគេ​ខ្លាំងណាស់។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និយាយទៀតថា ម្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និយាយ​ថា៖ «ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឱ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង»

សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ខែសីហា បានប្រកាសថា ផលិតផលមួយចំនួនក្នុងចំណោមផលិតផលរបស់កម្ពុជា ដូចជា សម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ នឹងត្រូវជាប់កាតព្វកិច្ច​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

ប៉ុន្តែ ប្លុកលោកសេរីមួយនេះ នៅតែដាក់លក្ខខណ្ឌឱ្យបក្សកាន់អំណាច ​បើកការសន្ទនា​នយោបាយឱ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញ ដោយឈរលើយន្តការប្រជាធិបតេយ្យ បើទោះបីប្រកាសពី​ការ​ចាប់​ផ្ដើម​អនុវត្ត​ការ​ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ EBA ពីកម្ពុជាជាផ្លូវការ។

សហភាពអឺរ៉ុប បញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលកម្ពុជាទទួលបាននេះ ត្រូវបានដកជាបណ្តោះអាសន្នដោយសារក្ដី​កង្វល់​យ៉ាង​ធ្ងន់​ធ្ងរ​ទាក់ទិន​នឹងបញ្ហាសិទ្ធិមនុស្ស ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

សហភាពអឺរ៉ុប ក៏និយាយផងដែរថា៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនារួមនិងពិតប្រាកដ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ