សាលា​​ឯកជន​៦០០​កំពុង​​ដំណើរ​ការ​​បើក​​ឡើង​វិញ​​បន្ទាប់​ពី​​បិទ​ទ្វារ​​ដោយ​សារ​​កូ​វីដ​១៩​

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។ (Michael Dickison​)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​បាន​អះអាង​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ថា គ្រឹះស្ថានសិក្សា​ឯកជន​ប្រមាណ៤០០ បាន​បើក​ដំណើរការ​ឡើងវិញ​ជា​បណ្តើរ​ៗហើយ​កាលពី​ខែមុន ​ក្នុងចំណោម​គ្រឹះស្ថានសិក្សា៦០០កន្លែងដែល​បាន​ដាក់ពាក្យ​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ​នៅ «ដំណាក់កាល​ទី២» នេះ។

សា​សា Bamboo International School និង Home of English International School ក្នុង​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុងចំណោម​គ្រឹះស្ថានសិក្សា​ដែល​ចាប់ផ្តើម​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ជាលើកដំបូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃទី១នៃ​ខែ​ថ្មីនេះ ចាប់តាំងពី​បិទទ្វារ​អស់​រយៈពេល៦ខែ​កន្លងមក​ដោយសារតែ​ជំងឺ​កូ​វីដ១៩។

ប្រធាន​រដ្ឋបាល​នៅ​សាលា Bamboo International School កញ្ញា សុក ងីម បាន​និយាយ​ថា៖ «នេះ​គឺជា​អ្វី​ដែល​យើង​បាន​រង់ចាំ ហើយ​ខាង​សាលា​រំពឹង​យូរហើយ​ថា យើង​អាច​បើក​បាន»។

គ្រឹះស្ថានសិក្សា​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទទ្វារ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី១៦ ខែមីនា ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា។ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន២០ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាកល្បង​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី១ ខែសីហា​ ហើយ​បន្ត​បើក​ដំណើរការ​បែប​សម្រិតសម្រាំង​នៅ​ដំណាក់កាល​បន្ទាប់​កាលពី​ខែកញ្ញា។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន ​និងកីឡា​ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បើក​ដំណើរការ​ឡើងវិញ​នៅ​ដំណាក់កាល​ទី២នេះ ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី៨ ខែកញ្ញា ហើយនឹង​បន្ត​រហូតដល់​ខែវិច្ឆិកា។

លោក​បាន​មានប្រសាសន៍​ថា គ្រឹះស្ថានសិក្សា​ឯកជន៦០០បាន​ដាក់ពាក្យ​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ ហើយ​ក្នុង​នោះ មាន​គ្រឹះស្ថាន៤០០បាន​បើក​ដំណើរការ​បន្តបន្ទាប់​រួចហើយ ក្រោយពី​ការ​ត្រួតពិនិត្យ​ពី​ក្រុមការងារ​ក្រសួង។

លោក រស់ សុ​វាចា បាន​មានប្រសាសន៍​ថា៖ «ប្រសិនបើ​គ្រឹះស្ថានសិក្សា​នោះ​ឆ្លើយតប​ទៅតាម​គោលការណ៍​ស្តង់​ដារ​សុវត្ថិភាព​ដែល​មាន​ចែង​ក្នុង SOP របស់ក្រ​សួង​អប់រំ យុវជន​ និងកីឡា នោះ​នឹង​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី២»។

គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ (SOP​) របស់ក្រ​សួង​អប់រំ ​រួមមាន​ ការ​តម្រូវ​ឱ្យ​គ្រឹះស្ថានសិក្សា​រក្សា​សីតុណ្ហភាព​ថ្នាក់រៀន​មិន​ឱ្យ​ក្រោម២៤អង្សា​សេ​ ពាក់​ម៉ាស់​និង​ស្រោមដៃ សម្អាត​បន្ទប់​រៀន និង​បែងចែក​ចំនួន​សិស្សដើម្បី​រក្សា​គម្លាត​សង្គម​ផង​ដែរ។

ក្នុង​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដា​រនេះ ក្រសួង​ក៏​ព្រមាន​ផង​ដែរ​ថា ក្នុងករណី​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ទាំងនោះ ពុំ​បាន​អនុវត្ត​តាមដោយ​យកចិត្ត​ទុកដាក់​និង​បណ្តាល​ឱ្យ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩នៅ​គ្រឹះស្ថានសិក្សា​ជាយថាហេតុ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​នោះ ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​និង​វិធានការ​រដ្ឋបាល​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាធរមាន។

លោក រស់ សុ​វាចា បាន​មានប្រសាសន៍​ថា៖ «ក្រសួង​អប់រំ យុវជន ​និងកីឡា​ នឹង​បន្ត​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួនតាមដាន​ស្ថានការណ៍​វិវត្ត​របស់​ជំងឺ​កូ​វីដ១៩»។

លោក​បាន​បន្ថែម​ថា ក្រសួង​សង្ឃឹមថា នឹង​ចាប់ផ្តើម​ការ​បើក​ដំណើរ​ឡើងវិញ​នៅ​ដំណាក់កាល​ទី៣ នៅ​ខែ​វិ​ច្ឆ​កា។

ត្រឹម​ថ្ងៃសុក្រ​នេះ ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩ សរុប២៧៨ករណី ចាប់តាំងពី​ខែមករា ខណៈ​អ្នកជា​សះស្បើយ​មាន២៧៥ករណី ហើយ​៣ករណី​កំពុង​សម្រាក​ព្យាបាល។ ជាមួយគ្នា​នោះ​ដែរ លោកស្រី ឱ វណ្ណ​ឌីន បាន​ប្រាប់​វី​អូ​ឌី កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ឆ្លើយតប​បន្ទាន់​របស់ក្រ​សួង​ បាន​ស្រាវជ្រាវ​រក​ឃើញថា អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ដោយប្រយោល​ជាមួយ​បុរស​ជនជាតិ​ហុងគ្រី​ដែល​តេ​ស្តរ​កឃើញ​វិជ្ជមាន​វីរុស​កូ​វីដ១៩កាលពី​មួយ​សប្តាហ៍​មុន​នោះ គឺ​មាន​សរុប៣៦នាក់​ ក្នុង​ខេត្តសៀមរាប។

ដោយឡែក​នៅ​ភ្នំពេញ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់ក្រ​សួង​ ក៏បាន​ស្រាវជ្រាវ​រក​អ្នក​រួម​ដំណើរ​ជាមួយ​បុរស​ហុងគ្រី​រូប​នេះ​ផង​ដែរ ដែល​មួយចំនួន​តូច​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​រួចហើយ។

លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា មកដល់​ត្រឹម​ថ្ងៃពុធ លទ្ធផល​វិភាគ​សំណាក​របស់​អ្នក​ទាំងអស់​នោះ គឺ​អវិជ្ជមាន។

លោកស្រី​មានប្រសាសន៍​ថា៖ «មិន​មាន​នរណាដែល​មាន​ឆ្លង​នូវ​វីរុស​កូ​វីដ១៩នោះ​ទេ»។

មាន​មនុស្ស​ជាង១លាន​នាក់​បាន​ស្លាប់ដោយសារ​វីរុស​កូ​វីដ១៩ នៅក្នុងចំណោម​ករណី​ឆ្លង​សរុប​៣៣,៧លាន​ករណី​នៅ​ទូទាំង​ពិភពលោក។

កញ្ញា សុក ងីម មក​ពីសា​លា Bamboo International School បាន​និយាយ​ថា សាលា​របស់​កញ្ញា​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃអង្គារ ហើយ​ថា សាលា​នេះ​បាន​រៀបចំ​កន្លែង​លាងដៃ ព្រមទាំង​ដាក់​អាល់កុល​និង​ជែល​សម្អាត​ដៃ បង្កើន​ការ​សម្អាត​ និង​បន្ថយ​ចំនួន​សិស្ស​តាម​បន្ទប់​រៀន​ជាដើម។

សុក ងីម បាន​បន្ថែម​ថា ការ​បិទ​សាលា​កន្លងមក​នេះ​ បង្ក​ផល​ប៉ះពាល់​ច្រើន​មក​លើ​សាលា ឪពុកម្តាយ​ និង​ក្មេង​ៗផង​ដែរ។ កញ្ញា​បាន​បន្ថែម​ថា ប្រសិនបើ​សាលា​បន្ត​បិទ​យូរ ខណៈ​សាលា​ផ្សេង​បើក​នោះ វា​នឹង​មាន​ហា​និភ័យ​ខ្ពស់​ក្នុង​ការបាត់បង់​អតិថិជន។

សុក ងីម បាន​និយាយ​ថា៖ «យើង​មាន​ហា​និភ័យ​ខ្ពស់​ដែរ​មួយ​រយៈ​នេះ។ អ៊ីចឹង​បាន​ជា​យើង​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​បាន​បើក​លឿន»។

អ្នកស្រី ថាន ស្រីមុំ អាយុ៣៣ឆ្នាំ ដែល​មានកូន​រៀន​នៅ​សា​លា ​ប៊ែល​ធី​អន្តរជាតិ​ បាន​និយាយ​ថា សាលា​កូនប្រុស​របស់​អ្នកស្រី​បាន​បើក​ឡើងវិញ​កាលពី​សប្តាហ៍​មុន។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​សប្បាយចិត្ត​ដែល​កូនប្រុស​របស់​អ្នកស្រី​វិលត្រឡប់​ចូលរៀន​តាម​ថ្នាក់​វិញ។

អ្នកស្រី ថាន ស្រីមុំ បាន​និយាយ​ថា៖ «រៀន​តាម​អន​ឡាញ​មានការ​លំបាក​ដែរ ហើយ​វា​មិនសូវ​ចេះដូចជា [រៀន​] នៅ​សាលា​ទេ។ ជួនកាល​ ក្មេង​ខ្លះ​វា​ខ្ជិល ​[…] ជួនកាល​ឪពុក​ម្តាយ​រវល់ ហើយ​អត់​បាន​ប្រាប់ អ៊ីចឹង​វា​អត់​មើល [សៀវភៅ] ខ្លួនឯង​ដែរ​»។

ទាក់ទិន​នឹង​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ១៩ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មិនសូវ​បារម្ភ​ពេក​ទេ ដោយសារតែ​សាលា​ឯកជន​មាន​សិស្ស​តិចបើ​ធៀប​នឹង​សាលា​រដ្ឋ ហើយ​អ្នកស្រី​មានទំនុក​ចិត្ត​ថា ពួក​គេ​នឹង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់ក្រ​សួង។

គ្រឹះស្ថានសិក្សា​សាធារណៈ​បាន​បើក​ឡើងវិញ​សម្រាប់​ថ្នាក់​ទី៩និង​ទី១២ ដែល​សិស្សានុសិស្ស​ត្រូវ​ត្រៀម​សម្រាប់​ការ​ប្រឡង។

សាលា​មួយចំនួន​ទៀត​ក៏បាន​បើក​ដំណើរការ​ឡើងវិញ​ផង​ដែរ ប៉ុន្តែ​មានការ​ឆ្លាស់​វេន​និង​កាត់បន្ថយ​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន ចំណែក​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅ​ទីរួមខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​ ដែល​ស្ថិតនៅ​ដាច់​ស្រយាល​និង​មិនសូវ​មានលទ្ធភាព​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​នោះ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ដែរ។

អ្នកស្រី ថាន ស្រីមុំ បាន​និយាយ​ថា កូនប្រុស​របស់​អ្នកស្រី​សប្បាយចិត្ត​ដែល​បាន​ចូលរៀន​ឡើងវិញ។

អ្នកស្រី​និយាយ​ថា៖ «គាត់​សប្បាយចិត្ត ហើយ​ព្រលឹមឡើង​រៀបចំខ្លួន​ឯង ចង់ទៅ​មុនគេ។ គាត់​ចង់ទៅ​រៀន»៕ 


ប្រែ​សម្រួល​ពីអ​ត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស ដោយ អ៊ូច សូ​នី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ