រថយន្ត​​ធុន​​ធំ​​ត្រូវ​​បាន​​ហាម​​ធ្វើ​​ចរា​ចរណ៍​​បណ្ដោះ​អាសន្ន​​នៅ​​កំណាត់​ផ្លូវ​​ជាតិ​​លេខ​៥​ក្រោយ​​ទឹក​ជំនន់​​លិច​​

ស្ថានភាព​ទឹកជន់​លិច​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​ទីតាំង​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ចំពោះ​រថយន្ត​ធុន​ធំ មិន​ឱ្យធ្វើដំណើរ​អំឡុង​ពេល​ទឹកជន់​លិច​លើ​កំណាត់ផ្លូវ​ជាតិ៥ និង​ផ្លូវ​នានា​ទៀត​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត។

ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃនេះ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ប្រាប់​ដល់​សាធារណ​ជន ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធំ​ទាំងអស់​ដែលធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​អាស្រម​លោកយាយ​ម៉ៅ រហូតដល់​ផ្លូវបំបែក​កូន​ដំរី​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវ​នានា​ក្នុង​ភូមិ​សាស្រ្ត​ក្រុង​ប៉ោយប៉ែត ត្រូវ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះរហូតដល់​ទឹកស្រក​អស់​វិញ។

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ដោយសារ​ឥទ្ធិពល​ជំនន់​ទឹកធ្លាក់​ពី​ប្រទេស​ថៃ​កើនឡើង​ខ្ពស់ បាន​បណ្តាល​ឱ្យជន់​លិច​លំនៅឋាន​ប្រជាជន​មួយចំនួន​ដែល​រស់នៅ​តាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​-ថៃ និង​ច្រាល​មក​លិច​ផ្លូវជាតិ​លេខ៥ និង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​ផង​ដែរ។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ក៏បាន​ជូនដំណឹង​មួយ​ផង​ដែរនៅ​ព្រឹកមិញ​នេះ ឱ្យ​ប្រជាជន​យកចិត្ត​ទុកដាក់និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ជន់​លិច​ដោយ​ទឹកជំនន់។

រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា នៅ​វេលា​ម៉ោងជាង៥ព្រឹក​នេះ ទំនប់ទឹក​អាង​ខៃ​ដន​ត្រូវ​បាន​បាក់​១៥​ម៉ែត្រ​​នៃ​ប៉ែក​ខាងជើង​ទំនប់​អាង ហើយ​ទឹកបាន​ហូរកាត់​ថ្នល់ជាតិ៥ ប្រវែង៥៦០ម៉ែត្រ និង​មាន​ជម្រៅ២តឹក។

របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យដឹង​ថា គិត​ត្រឹម​ម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ជំនន់​ទឹកភ្លៀងនិង​ទឹកហូរ​ពី​ប្រទេស​ថៃ បាន​ធ្វើឱ្យ​ប៉ះពាល់​ស្រុក​ទាំង៩របស់​ខេត្ត​នេះ និង​ធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ២៦ ៧៥៣គ្រួសារ ជម្លៀស​ចេញពី​ភូមិ៤ ២២២គ្រួសារ ប៉ះពាល់​មនុស្ស១០៧ ១៨៤នាក់ ជម្លៀស​ចេញ១៦ ៥២០នាក់ ខណៈ​មនុស្ស១៧នាក់​បាន​ស្លាប់

របាយការណ៍​ឱ្យដឹង​ទៀត​ថា ប៉ះពាល់​ដំណាំស្រូវ៦២ ៣៣៤ហិ​កតា ដំឡូងមី៩ ៨៨០ហិ​កតា ​និង​ដំណាំរួមផ្សំ៥៤៣ហិ​កតា។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​វិញ​ គឺប៉ះពាល់​សាលារៀន១៣៤កន្លែង វត្តអារាម៦០កន្លែង និង​ទឹកហូរកាត់​ផ្លូវ៧៤១កន្លែង​ ស្មើ​នឹង៤៩២ ៥៣៣ម៉ែត្រ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ព្រឹក​ថ្ងៃទី១៩ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ដល់១៩រាជធានី​-ខេត្ត និង​ប៉ះពាល់​ប្រជាជន៧៨ ០៥៦គ្រួសារ ស្មើ​ប្រមាណ​ជាង៣១ម៉ឺន​នាក់​ ខណៈ​នៅ​ទូទាំង​ប្រទេស​មាន​មនុស្ស​ស្លាប់​កើនឡើង​ដល់២៥នាក់ ផ្ទះ​ជាង៧ម៉ឺន៣ពាន់​ខ្នង បាន​រង​ផល​ប៉ះពាល់ និង​ខូចខាត៥៦ខ្នង។ ក្រៅពីនោះ សាលារៀន​ប្រមាណ៥៦៨កន្លែង ស្រូវ​ប្រមាណ​ជាង២១ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​ជិត៨ម៉ឺន​ហិ​កតា ក៏​ត្រូវ​បាន​ទឹកជន់​លិច​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ