ក្រុម​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ថៃ​ ស្នើ​​រដ្ឋា​ភិបាល​​ខ្លួន​​បញ្ឈប់​​ការ​គាប​សង្កត់​​សេរីភាព​​សារ​ព័ត៌មាន​​

ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្រុមអ្នកតវ៉ានៅតែតវ៉ាទាមទារទៅរដ្ឋាភិបាលថៃ នូវលក្ខខណ្ឌដែលពួកគេចង់បាន។ (Twitter of TLHR / ศูนย์ทนายความเพื่อสิทธิมนุษยชน)

ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយនិង​អ្នក​សិក្សា​នៅ​ប្រទេស​ថៃ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ប្រទេស​នេះ បញ្ឈប់​ការរំលោភ​លើ​សេរីភាព​សារព័ត៌មាន បន្ទាប់ពី​របាយការណ៍​មួយ​បញ្ជាក់​ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡា​ញចំនួន៥ ប្រឈម​នឹង​ផ្លូវច្បាប់។

សារព័ត៌មាន Bangkok post បាន​រាយការណ៍​នៅ​ថ្ងៃអង្គារ​នេះ​ថា រដ្ឋាភិបាល​ថៃក៏​មាន​គម្រោង​បិទ​ឬប្លុក​ការ​ផ្ញើ​សារ​តាម​តេឡេក្រាម (Telegram​) ស្រប​ពេល​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្មវិធី​នោះ​សម្រាប់​ទាក់ទងគ្នា ក្រោយពី​ប៉ូល​ិសបា​នបិទ​គណនី​ហ្វេសប៊ុក​របស់​ពួក​គេ។

ប្រភព​សារព័ត៌មាន​ដដែលបន្ត​ថា ការ​អំពាវនាវ​របស់​ក្រុម​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន រួមមាន ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ ក្រុមប្រឹក្សា​សន្តិសុខ​សារព័ត៌មាន​ជាតិ សមាគម​អ្នកសារព័ត៌មាន​ថៃ សមាគម​អ្នកសារព័ត៌មាន​វិទ្យុ​ថៃ សមាគម​អ្នក​ផ្តល់​ព័ត៌មាន​តាម​អន​ឡាញ និង​សហព័ន្ធ​អ្នកសារព័ត៌មាន​ថៃ​ ជាដើម បាន​ធ្វើឡើង​ក្រោយពី​មានការ​បែកធ្លាយ​បទបញ្ជា​មួយ​ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​រួមគ្នា​របស់​រដ្ឋាភិបាល​សម្រាប់​ដំណោះស្រាយ​ស្ថានភាព​បន្ទាន់ (CRES​) កាលពី​ថ្ងៃ​ចន្ទ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​និយាយ​ថា ពួក​គេ​ប្រឆាំង​នឹង​ការគាបសង្កត់​លើ​សេរីភាព​សារព័ត៌មានពីសំណាក់​ភាគី​ណាមួយ ហើយ​បាន​ជំរុញ​រដ្ឋាភិបាល​កុំឱ្យ​មានការ​រំលោភបំពាន​ច្បាប់ ដោយ​បំបិទ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

សេចក្តី​ថ្លែងការណ៍​នោះ បន្ត​ដោយ​ព្រមាន​ថា ការ​រឹតត្បិត​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាជន អាច​ជំរុញ​ឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ការ​តវ៉ានិង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់តែ​ងាយ​នឹង​មានអំពើ​ហិង្សា។ ក្រៅពី​នេះ ពួក​គេ​បាន​ថ្កោលទោស​រាល់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ការ​បំភ្លៃ​ការពិតនិង​បង្ក​ឱ្យ​មាន​អំ​ពើ​ហិង្សា។

ក្លឹប​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស​ប្រចាំ​នៅ​ប្រទេស​ថៃ ក៏បាន​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​ផង​ដែរ ដោយ​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​គំរាមកំហែង ដែល​មើលទៅ​រដ្ឋាភិបាល​ហាក់ដូចជា​ប្រកាន់​ខ្ជាប់​ខ្លាំងនិង​មិន​មានការ​ឆ្លើយតប​លើ​ការរិះគន់ ហើយ​អាច​ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​ផ្ទុះ​កំហឹង​ថែមទៀត។

គួរ​បញ្ជាក់​ថា ក្នុងរយៈពេល៣ខែ​ចុងក្រោយ​នេះ សិស្ស​-និស្សិត​ថៃ​រាប់​ម៉ឺនរាប់​សែន​នាក់ បាន​នាំគ្នា​តវ៉ា​នៅក្នុង​ទីក្រុង​បាងកក​ជាបន្តបន្ទាប់ ដោយ​ទាមទារ៣ចំណុច រួមមាន ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង​ជានា​យក​រដ្ឋមន្ត្រី​, ទាមទារ​ឱ្យ​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ និង​ទាមទារ​ឱ្យធ្វើ​កំណែទម្រង់​អំណាច​ព្រះមហាក្សត្រ។

មូលហេតុ​មួយ​ក្នុងចំណោម៣ចំណុច​ ដែល​យុវជន​ថៃ​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង​នោះ គឺ​យុវជន​ចោទលោក ​ប្រា​យុទ្ធ ថា​ឡើង​កាន់​តំណែង​ដោយ​មិន​ត្រឹមត្រូវនិង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

តែ​យ៉ាងណា លោក ​ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់​ជំហរ​កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ថា លោក​មិន​ចុះចេញ​ពី​តំណែង​តាម​ការ​ទាមទារ​របស់​ក្រុម​យុវជន​ទាំងនោះ​ទេ ព្រោះ​លោក​មិនបាន​ធ្វើអ្វី​ខុស។ លោក​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​នៅតែ​ទាមទារ​បំពានច្បាប់​ទៀត លោក​នឹង​ប្រើ​ច្បាប់​ដើម្បី​ដោះស្រាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ