កម្មករ​​ប្រមូល​សំរាម​​រៀប​រាប់​​ពី​​បញ្ហា​​ប្រឈម​ និង​​ការ​​តាំង​ចិត្ត​​ក្នុង​​ការងារ​សម្អាត​​រាជ​ធានី​​

កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ដែល​ធ្វើកូដកម្ម ឈ្មោះ ផៃ ហ៊ី អាយុ២៧ឆ្នាំ នៅ​យានដ្ឋាន​រថយន្ត​ក្រុមហ៊ុន ស៊ីន​ទ្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

នា​ព្រឹក​ថ្ងៃទី៨ ខែតុលា កម្មករ​ក្រុមហ៊ុន​ ស៊ីន​ទ្រី​ ជាច្រើន​រយ​នាក់ ​បាន​បន្ត​ធ្វើកូដកម្មមិន​ធ្វើការ​ប្រមូល​សំរាម ដោយ​ជួបជុំគ្នា​នៅ​ខាងក្នុង​និង​ក្រៅ​បរិវេណ​យានដ្ឋាន​របស់​ក្រុមហ៊ុន ឋិតនៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុន​ពេល​ពួក​គាត់​យល់ព្រម​ចូល​ធ្វើការងារ​វិញ​នា​ថ្ងៃទី១៥ ខែតុលា។

កម្មករ​ខ្លះ​អង្គុយ ខ្លះ​ឈរ ក្នុង​សម្លៀកបំពាក់​អាវកាក់​ពណ៌លឿង​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ខណៈ​អ្នកខ្លះ​ពាក់អាវ​យឺតនិង​ខ្លះទៀត​ស្លៀកពាក់​ធម្មតា ប៉ុន្តែ​យ៉ាងណា ​ពួក​គាត់​ទាំងអស់​មើលទៅ​ស្អាតបាត​ខុសពី​ថ្ងៃធ្វើការ​ធម្មតា​ច្រើន។​ ពួក​គាត់​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វិវាទ​ការងារ​ដែល​កំពុង​កើតឡើង។ 

បុគ្គលិក​ក្រុមហ៊ុន ស៊ីន​ទ្រី ឈរ​នៅ​យានដ្ឋាន​យានយន្ត​ក្រុមហ៊ុន ស៊ីន​ទ្រី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

ចាប់ពី​ថ្ងៃទី២ ខែតុលា រហូតដល់​ថ្ងៃទី១៤ ខែតុលា កម្មករ​ជាង២ ០០០នាក់​បាន​ធ្វើកូដកម្ម ទាមទារ​ប្រាក់​ដំណាច់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត​របស់​ពួក​គាត់ មុន​ពេលក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​រុះរើ​រចនាសម្ព័ន្ធ​គ្រប់គ្រង​សំណល់​ដើម្បី​បែងចែក​សិទ្ធិ​ទៅដល់​ក្រុមហ៊ុន​ថ្មី។ ពួក​គាត់​បារម្ភ​ថា នៅពេល​ពួក​គាត់​ត្រូវ​បាន​បែងចែក​​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ថ្មី​ចំនួន៣ ប្រាក់​អត្ថ​ប្រយោជន៍​ដែល​ពួក​គាត់​ត្រូវ​បាន​សន្សំ​បន្តិច​ម្តង​ៗអំឡុង​ពេល​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ​នឹង​ត្រូវ​បាត់បង់។

អ្នកយកព័ត៌មាន វី​អូ​ឌី បាន​និយាយ​ជាមួយ​កម្មករ​ទទួលខុសត្រូវ​ប្រមូល​សំរាម​មួយចំនួន​អំពី​ចំណុច​ទាមទារ​ក្នុង​ការងារ​របស់​ពួក​គាត់ និង​មូលហេតុ​ដែល​ពួក​គាត់​នៅតែ​ប្តូរផ្តាច់​ចំពោះ​ការងារ​សម្អាត​ទីក្រុង​ បើ​ទោះជា​ដឹង​ថា វា​មាន​គ្រោះថ្នាក់​ខ្ពស់​ក្តី។

កែវ រុន អាយុ៤០ឆ្នាំ​

កែវ រុន បាន​បាត់បង់​ម្រាមដៃ​អស់ពី​រកា​លពី​ខែមុន។ ឧបទ្ទវហេតុ​នោះកើតឡើង​នៅពេល​លោក​បញ្ជា​ម៉ាស៊ីនរថយន្ត​ឱ្យ​ចាក់សំរាម​ចេញពី​ទ្រុង ហើយ​ទម្លាក់​មកវិញ​ចំ​ពេល​អ្នក​បើក​បរ​បញ្ជា​រថយន្ត​រំកិល​ទៅមុខ​ដើម្បី​ខ្ជាក់​សំរាម​ចេញ​ឱ្យ​អស់ ដែល​ធ្វើ​ឱ្យ​គែម​ទ្រុង​ធ្លាក់​កិន​លើ​ចុង​ម្រាមដៃ​របស់​លោក​ដាច់។

កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ដែល​បាន​ចូលរួម​ធ្វើកូដកម្ម ឈ្មោះ កែវ រុន អាយុ៤០ឆ្នាំ នៅ​យានដ្ឋាន​ក្រុមហ៊ុន ស៊ីន​ទ្រី ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ (ត្រាន់ តិច​សេង​)

លោក រុន បាន​និយាយ​ថា៖ «២៤ម៉ោង​ យើង​ប្រយ័ត្ន​រហូត​ហ្នឹង ធ្វើការ​ជាមួយ​គ្រឿងចក្រ​វា​មិនមែន​ថា ​ចំតែ​ថ្ងៃ​ហេង​រហូត​ទេ […] មានដល់​ថ្ងៃណា​យើង​រាង​ល្វើយ​ទៅ យើង​ធ្វើ​ដូច​ថា​រាង​ហត់នឿយ​ទៅ។ វា​មានការ​ ដូច​ថា ​ប្រហែស​កន្លែងណា​មួយ ហើយ​អា​រឿង​គ្រឿងដែក​នេះ បើ​យើង​ប្រហែស ​ត្រូវហើយ​!»។

លោក​បានឱ្យ​ដឹង​ទៀត​ថា នៅពេល​មួយ លោក​ត្រូវ​រថយន្ត​ប្រមូល​សំរាម​កៀរ​សន្លប់​នៅពេល​លោក​ធ្វើការ​វេន​យប់។

បុរស​វ័យ៤០ឆ្នាំ ដែល​មាន​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង​រូប​នេះ ​បន្ថែម​ថា លោក​បាន​ផ្លាស់​មុខរបរ​ពី​លក់​លៀ​សហាលនិង​កម្មករ​សំណង់ មក​ធ្វើជា​កម្មករ​ប្រមូល​សំរាម ដោយសារ​ក្រុមហ៊ុន ស៊ីន​ទ្រី ផ្តល់​ប្រាក់ឈ្នួល​គ្រាន់បើ​ជាង​មុខរ​បរ​មុន​ៗ គឺ​ប្រហែល១៨០ដុល្លារ​ក្នុង​មួយ​ខែ ដោយ​បូក​ទាំង​ប្រាក់​ឈ្នួល​ថែម​ម៉ោង។

ប៉ុន្តែលោក​លើកឡើង​ថា បញ្ហា​ស្ថិតនៅ​ត្រង់ថា ​លោក​ឈឺ​បី​ទៅ​បួន​ថ្ងៃ​ក្នុង​មួយ​ខែ ដែល​ទាមទារ​ឱ្យ​លោក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដល់ទៅ៥០ដុល្លារលើ​ថ្នាំ​ព្យាបាល ដើម្បី​អាច​វិល​មក​ធ្វើការ​វិញ​ទាន់ពេល។

លោក​បន្ថែម​ថា កូនស្រី​បង​អាយុ១៤ឆ្នាំ បាន​ឈប់​ពី​ការសិក្សា ​ដើម្បី​ជួយ​រកចំណូល​ចូល​គ្រួសារ ខណៈ​កូនស្រី​ពៅ​អាយុ១១ឆ្នាំ នៅ​បន្ត។ លោក រុន លើកឡើង​ទៀត​ថា ដោយសារតែ​លោក​មិនបាន​សិក្សា​រៀនសូត្រ ទើប​លោក​មិនដឹង​អាច​ទៅ​រក​ការងារ​ណា​ផ្សេង​ដែល​ល្អជា​ងការងារ​ជា​កម្មករ​ប្រមូល​សំរាម​នេះ។

ផៃ ហ៊ី អាយុ២៧ឆ្នាំ 

លោក ផៃ ហ៊ី ដែល​មានកូន​ពីរ​នាក់ បានឱ្យ​ដឹង​ថា លោក​កម្រមាន​ពេលព្រឹក​សម្រាប់​ឈប់សម្រាក​ណាស់ ហើយ​លោក​ធ្វើជា​កម្មករ​ប្រមូល​សំរាម​បាន​រយៈពេល​ប្រាំ​ឆ្នាំ មុន​ពេល​ប្តូរ​ធ្វើជា​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​បាន​រយៈពេល​មួយឆ្នាំ​កន្លះ។

លោក​បន្ថែម​ថា ការងារ​ជា​កម្មករ​ប្រមូល​សំរាម​ប្រឈម​បញ្ហា​ច្រើនណាស់​អំឡុង​ពេលធ្វើការ ជាពិសេសកម្មករ​វេន​យប់។ 

លោក ហ៊ី និយាយ​ថា៖ «មាន​វេន​យប់​វេន​ថ្ងៃ​អញ្ចឹង​ណា​បង។ បង​ឯង​ដឹង​ស្រាប់ហើយ ភ្លៀង​អញ្ចឹង​គាត់​ទៅ​ទាំងយប់​ទាំង​អីហ្នឹង ហើយ​ធ្វើ​ញ័រ​ដូច​កូន​មាន់​អញ្ចឹង​ បង​ឯង​មើល! គាត់​ប្រឈមមុខនឹង​គ្រោះថ្នាក់​ខ្ពស់​ជាង​ថ្ងៃ»។

លោក​បន្ត​ថា បូករួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង លោក​អាច​រក​ប្រាក់ចំណូល​បាន​ជាង៣០០ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែលោក​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​តែម្នាក់ឯង រាប់ទាំង​ការ​ផ្គត់ផ្គង់​កូនប្រុស​ពីរ​នាក់ ម្នាក់​អាយុ៧ឆ្នាំ និង​ម្នាក់ទៀត​អាយុ៥ខែ។ ភរិយា​របស់​លោក​ទើប​បាត់បង់​ការងារ​រោងចក្រ​កាលពី​ពេល​ថ្មី​ៗនេះ ​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺឆ្លង​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ។

លោក​បាន​លើកឡើង​ថា ការងារ​នៅ​ក្រុមហ៊ុន ស៊ីន​ទ្រី គឺជា​ការងារ​ល្អ​បំផុត​ហើយដែល​លោក​អាច​រកបាន ហើយ​បាន​សន្យា​ថា នឹង​សម្អាត​ទីក្រុង​ឱ្យស្អាតនៅពេល​ដែល​ការ​ទាមទារ​ទាំង៥ចំណុច​ត្រូវ​បាន​ឆ្លើយតប​ដោយ​សមរម្យ។

លោក​និយាយ​ថា៖ «បើ​បាន​ប៉ុណ្ណឹង! ពួក​ខ្ញុំចង់និយាយ​ថា សម្រុក​ឱ្យ​ស្អាត​ទីក្រុង​យើង​វិញ វា​មាន​អ្នកខ្លះ២ជើង៣ជើង ធ្វើ​ម៉េច​ឱ្យ​វា​សម្អាត​ទាំងអស់។ ស្តារ​ឡើងវិញ​ណា​បង»។

អ៊ី រតនា អាយុ៣២ឆ្នាំ 

អ៊ី រតនា ឱ្យ​ដឹង​ថា លោក​ទើបតែ​ធ្វើការ​នៅ​ក្រុមហ៊ុន ស៊ីន​ទ្រី បាន​កន្លះ​ឆ្នាំ។ លោក​ថា ការងារ​នេះ នឿយហត់​ខ្លាំង​ណាស់។

លោក​និយាយ​ថា៖ «ជួនកាល​វា​ត្រូវ​ទឹកភ្លៀង​ត្រូវ​អី​ទៅ វា​ក្តៅ​ខ្លួ​នរ​ងារ ក្តៅ​គ្រាប់ភ្នែក ឡើងលើ​ឡាន​ទៅ ​ញាក់​អញ្ចឹង​ទៅណា! តែ​យើង​នៅតែ​ទ្រាំធ្វើការ​ដើម្បី​ការងារ ខ្លាច​យើង ​គេ​ថាឱ្យ​! សំរាម​ផ្ទះ​គេ​មិន​ស្អាត​ គេ​បន្ទោសអញ្ចឹង​ណា ហើយ​ទៅ​រក​ថ្នាំលេប​ទៅ ធ្វើការ​បែកញើស​ទៅ បន្តការងារ​ទៀត​ទៅ»។

លោក​បន្ថែម​ថា នៅពេល​ផ្តាសាយ​និង​គ្រុន លោក​គ្រាន់តែ​ទិញថ្នាំ​ខ្លះ​ដោយខ្លួនឯង ហើយ​ត្រឡប់មកវិញ​ដើម្បី​បន្ត​ធ្វើការ​វិញ​ទាំង​បែកញើស។

ឪពុក​មានកូន​ពីរ​នាក់​មក​ពី​ខេត្តក្រចេះ​ផង​ដែរ​នោះ ​បន្ត​ថា លោក​ធ្លាប់ធ្វើ​ការ​ជា​កសិករ​ដាំដំឡូង​មី​នៅ​ស្រុកកំណើត។ លោក​បាន​លើកឡើង​ថា ទីផ្សារ​ដំឡូង​មិនល្អ​ទេ ដូច្នេះហើយ​បាន​ជា​លោក​មក​ធ្វើការ​នៅ​ទីក្រុង។ លោក​នៅ​ជំពាក់បំណុល​គេ ដោយសារ​លុយ​ដែល​ខ្ចី​សម្រាប់​ធ្វើ​កសិកម្ម​ដាំដំឡូង ទទួលរង​ការខាតបង់​ដោយសារ​ទីផ្សារ​មានតម្លៃ​ទាប ​មិន​អាច​ទូរទាត់​ជាមួយនឹង​ថ្លៃ​ចំណាយ​បាន។

លោក រតនា បានឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗនេះ លោក​បាន​មុត​អំបែង​ដប ​ធ្វើ​ឱ្យ​ឈាម​ហូរ​ស្រក់​ចេញពី​ដៃ​ប្រឡាក់​ពេញ​ផ្លូវ។ របួស​នេះធ្វើ​ឱ្យ​លោក​​ឈប់សម្រាក​រយៈពេល​បី​ថ្ងៃ បន្ទាប់មក​ក៏​ត្រឡប់ទៅ​ធ្វើការ​វិញ​ដោយ​ប្រើ​តែ​ដៃ​ម្ខាង។

លោក​បាន​ពោល​ដូច្នេះ​ថា៖ «បើ​ទាមទារ​បាន​ប៉ុណ្ណឹង! ខ្ញុំ​សុខចិត្ត​រត់​ឱ្យ​លើស​ហ្នឹង​ក៏បាន​ដែរ។ រត់​ក្នុង​មួយថ្ងៃ​ ដើម្បី​ឱ្យ​ហើយ​សំរាម​ហ្នឹង ជួយ​គេ​ឱ្យ​ស្អាត​ភ្លឹង​ហ្មង»។

សៀក ប៊ុ​ន្នី អាយុ៤០ឆ្នាំ

លោក សៀក ប៊ុ​ន្នី បាន​ឱ្យដឹង​ថា លោក​តែងតែ​ធុំក្លិន​ខ្លួន​ខ្លាំង ប៉ុន្តែភរិយា​របស់​លោក​មិន​ប្រកាន់​លោក​ទេ គ្រាន់តែ​លោក​ត្រូវ​លាង​សម្អាតខ្លួន​ដោយ​សាប៊ូ​ឱ្យ​ល្អ​បន្ទាប់ពី​ចប់​ការងារ​ត្រឡប់​មក​ផ្ទះ​វិញ និង​មុន​ពេល​ជួបជុំ​គ្រួសារ។

លោក​បាន​និយាយ​ថា៖ «ធុំក្លិន​ស្អុយ​ណាស់! ពេលខ្លះ [យើង​] លើក [ថង់​] ហើយ​មាន​ទឹកហូរ​លើ​យើង​ទៀត»។

លោក​បន្ត​ថា លោក​បោក​សម្លៀកបំពាក់​របស់​លោក​ដាច់ដោយឡែក​ពី​សម្លៀកបំពាក់​របស់​សមាជិក​គ្រួសារ​លោក ដើម្បីកុំឱ្យជាប់​ក្លិន​តគ្នា។ យ៉ាងណា លោក​ថា លោក​សាំ​នឹង​ការងារហ្នឹង​ហើយ ហើយ​លោក​គ្រាន់តែចង់បាន​ប្រាក់​អត្ថ​ប្រយោជន៍​អតីត​ភាពការងារ​របស់​ខ្លួន​ជា​កម្មករ​ប្រមូល​សំរាម​អស់​រយៈពេល២ឆ្នាំ​មកនេះ​ប៉ុណ្ណោះ។

ឪពុក​មានកូន​ពីរ​នាក់​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​ងរូប​នេះ បាន​ពោល​ទៀត​ថា៖ «ធ្លាប់​រាល់​ថ្ងៃ​អញ្ចឹង​ ដឹង កន្លែងណា​ដែល​អាចយ​កបាន ហើយ​កន្លែងណា​គោលដៅ តែ​ស្អុយ​ហ្មង! លើក​ពីរ​នាក់​ទៅ​ជួនណា​កំពប់ទឹក​រមាស់ អេះ​ ចាក់​ម្សៅ​ ដេក​យប់​ឡើង​រមាស់​ហ្មង»។

លោក ប៊ុ​ន្នី ដែល​ជា​អតីត​អ្នក​រត់​កង់​បី បាន​ពោល​បន្ត​ថា៖ «ទឹកចិត្ត​របស់ខ្ញុំ​ចង់​ជួយ​សម្អាត​ទីក្រុង​មួយ ហើយ​ណាមួយ​ ស៊ីន​ទ្រី ​នេះ ខ្ញុំ​អាច​ទៅ​អញ្ចឹង​ទៅ ធ្វើការ ​វា​បាន​ប្រាក់ខែ​មក មិនដឹង​រកមុខ​របរ​អីក្រៅពី​ ស៊ីន​ទ្រី ​ហ្នឹង ព្រោះ​ចំណេះដឹង​យើង ​វា​អត់មាន​ដូច​គេ»។

បកប្រែនិងប្រែសម្រួលពីអត្ថបទដើមភាសាអង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ