វិភាគ​៖ ឥទ្ធិពល​​សំរាម​​លើ​​សុខភាព​​និង​​វិស័យ​​ទេស​ចរណ៍​​

គំនរសំរាមមួយកន្លែងនៅម្ដុំផ្សារស៊ីឡឹប ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ (អ៊ុយ សុធា)

សំរាម​ជា​ប្រធានបទ​ចាស់ដែល​ត្រូវ​បាន​សាធារណជន​លើកយក​មក​ជជែក​សារ​ជាថ្មី​វិញ​យ៉ាង​ផុសផុល ក្រោយពេល​ដែល​កម្មករ​សម្អាត​រាជធានី​តវ៉ា​ដោយ​ផ្អាក​ការងារ ហើយ​ស្រប​ពេល​ដែល​ជំនន់​ទឹកភ្លៀង​កើតឡើង នាំ​ឱ្យ​តំបន់​ខ្លះ​ក្នុង​រាជធានី​អណ្តែត​សំរាម​ពាសពេញ​ផ្លូវ។

នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​សំរាម​នៅ​តាម​ដងផ្លូវ​នានា ទាំង​ផ្លូវ​តូចនិង​ផ្លូវ​ធំ។ នៅក្នុង​រាជធានី​ ទោះជា​កម្មករ​ប្រមូល​សំរាម​រាល់ថ្ងៃ​ផង វា​នៅតែ​ចោទ​ជា​បញ្ហា ដល់ពេល​ផ្អាក​ការ​ប្រមូល​រាប់​សប្តាហ៍​នេះ វា​កាន់តែ​ចោទ​ជា​បញ្ហា​ខ្លាំង​ឡើង​មួយ​កម្រិត​ទៀត ដែល​ស្ទើរតែ​មិន​អាច​នឹកស្មាន​ដល់។

មួយ​រយៈ​នេះ ពលរដ្ឋ​រស់នៅ​ភ្នំពេញ​មួយចំនួន​ដែល​បាន​ថត​សំរាម​នៅ​តំបន់​ដែល​ពួក​គេ​រស់នៅ​មក​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ហើយ​ភ្ជាប់​ជាមួយ​សារ​ហួសចិត្តនិងបារម្ភ​ពី​មេរោគ​ដែល​បង្កឡើង​ដោយ​សំរាម​ទាំងនេះ។

ពីមុន ​សំរាម​ក្នុង​រាជធានី​ស្អុយ​តែ​នៅ​ជិត​កន្លែង​គរ​សំរាមឬស្អុយ​តែ​នៅពេល​រថយន្ត​ដឹក​សំរាម​បាន​ទៅដល់​ ដោយសារ​ការ​វេច​ខ្ចប់មិនបាន​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយពេល​ភ្លៀង​លិច ហើយ​សំរាម​អណ្តែត​លើ​ផ្លូវ​នោះ ក្លិនស្អុយ​ងំ​កើតមាន​ស្ទើរគ្រប់​ផ្លូវ​ បើ​ទោះជាទឹកស្រក​វិញ ហើយ​សំរាម​ប្រមូល​អស់​ក៏ដោយ ព្រោះ​ទឹកហូរ​ចេញពី​សំរាម​នៅតែ​ដក់ជាប់​នៅ​លើ​ផ្លូវ។

បើ​និយាយ​ពី​បញ្ហា​សំរាម​នៅ​កម្ពុជា មិនមែន​មាននៅ​តែ​រាជធានី​ភ្នំពេញ និងទើបតែ​កើតមាន​ប៉ុន្មាន​សប្តាហ៍​ពេល​ដែល​កម្មករ​តវ៉ា​ទាមទារ​ផលប្រយោជន៍​តាម​កិច្ចសន្យា​នោះ​ទេ គឺ​កើតឡើង​រាប់​ឆ្នាំ​មក​ហើយ។

បដា​របស់​អាជ្ញាធរ​ដែនដី ក៏ដូចជា​របស់​ក្រុមហ៊ុន​ឯកជន មាន​ជាហូរហែ​ដែល​បញ្ជាក់​ថា ហាម​ចាក់សំរាម ឬចាក់សំរាម​ត្រូវ​ផាក​ពិ​ន័យ​ជា​ប្រាក់​ពី២០ ០០០ទៅ១០០ ០០០រៀល ឬកន្លែង​ខ្លះ​ដាក់​សារតិះដៀលអ្នក​យក​សំរាម​ទៅ​ចោល​ដោយ​មិន​មាន​របៀបរៀបរយ ​ជាដើម។ 

សំរាមគរទុកជាច្រើននៅពីមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ (ពៅ មេត្តា)

ប៉ុន្តែ​ជាក់ស្តែង​ ការ​ចោលសំរាម​គ្មាន​របៀប​នៅតែ​មាន​ច្រើន រហូត​មាន​យុវជន​មួយ​ក្រុម​ដាក់ឈ្មោះ​ខ្លួនឯង​ថា​ជា​«យុវជន​សំរាម» ដើម្បី​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​សំរាម ​និង​បាន​ធ្វើសកម្មភាព​ប្រមូល​សំរាម​ដូចជា​នៅ​ប្រឡាយ​បឹងត្របែក​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម។

ចំណែក​នៅ​តាម​បណ្តា​ខេត្ត​ឬក្រុង​នានា ទោះ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាមឬមិន​មាន​ក្រុមហ៊ុន ប្រមូល​សំរាម ​ក៏​ឃើញ​មានការ​ចោលសំរាម​គ្មាន​សណ្តាប់​ជាហូរហែ​ដែរ​ ដូចជា ការ​ចាក់សំរាម​ចូល​បឹង ស្ទឹង ព្រែក ទន្លេ ឬសមុទ្រ​ជាដើម។

រមណីយដ្ឋាន​បែប​ធម្មជាតិ​នានា ក៏​មានការ​ចោលសំរាម​រាយប៉ាយ​ក្លាយជា​រឿង​ធម្មតា ក្រោយពេល​មាន​មនុស្ស​នាំគ្នា​ទៅលេង​ទីនោះ​មាន​ចំនួន​ច្រើន។

ឥទ្ធិពល​លើ​វិស័យ​ទេសចរណ៍

​ជាតិ​ជា​មនុស្ស ទោះជា​ជនបរទេសឬជនជាតិ​ខ្មែរ​ក៏ដោយ ​គ្មាន​អ្នកណា​ម្នាក់​ចង់​ដើរកម្សាន្ត​ទៅ​កន្លែង​ដែល​មានការ​ចោលសំរាម​ច្រើន​នោះ​ទេ។ បើ​អ្នកទេសចរ​ទៅដល់​កន្លែង​គោលដៅ​របស់​ពួក​គេ​ ហើយ​ឃើញ​មាន​សំរាម​ច្រើន ​អ្នកខ្លះ​សម្រេច​លែង​ទៅ​កន្លែង​នោះ​លើកក្រោយ ហើយ​អ្នកខ្លះ​ទៀត​ថតរូប​យក​ទៅ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទៀតផង។

ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប ​សំរាម​ដែល​អណ្តែត​លើ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ជា​បេះដូង​ប្រទេស​ពេល​ភ្លៀង​លិច​នេះ មិនមែន​មើលឃើញ​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ​កឺ​ត្រូវ​បាន​ផ្សព្វផ្សាយនិង​មើលឃើញ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុក ធ្វី​តធ័រ ឬ យូ​ធូប​ ជាដើម។

នៅក្នុង​ពិធី​មួយ​នៅ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល កាលពី​ថ្ងៃទី០៧ ខែតុលា លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ពី​ផលប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍​ជួយ​មួយ​ផ្នែក​ធំ​ដល់​សេដ្ឋកិច្ច​ ហើយ​ទាំង​រដ្ឋាភិបាល​កម្ពុជានិង​ប្រទេស​ផ្សេង​ៗទៀត​កំពុងតែ​យកចិត្ត​ទុកដាក់។

លោក ហ៊ុន សែន៖ «បាន​ជា​ពិភពលោក​គេ​ប្រឹង​ឃោសនា​ខ្លាំង​ណាស់ គេ​ប្រឹង​បង្កើន​ឡើង​ផលិតផល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ​ពីក្រៅ​ប្រទេស​ឱ្យ​ចូលក្នុង​ប្រទេស​របស់​គេ។ កម្ពុជា​ក៏​ដូចគ្នា​ដែរ យើង​មាន​អង្គរវត្ត​មួយ​មិន​គ្រប់គ្រាន់​ទេ យើង​ត្រូវ​ផលិត​ឡើង​នូវ​ផលិតផល​ទេសចរ​ណ៍ថែមទៀត»។

សុខភាព​

ស្ថានភាព​សំរាម​នៅពេល​ដែល​ទុកដាក់​មិន​មាន​របៀប ហើយ​មិន​មានការ​ប្រមូល​ទៀត​នោះ ពេល​មាន​ជំនន់​កើតឡើង​ សំរាមឬទឹកដែល​ហូរចេញ​ពី​សំរាម ហូរ​ចូលផ្ទះ​ប្រជាពលរដ្ឋ ហូរ​ចូល​បឹង ស្ទឹង​ទន្លេ​ជា​ប្រភព​ទឹកដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ ទាំង​ប្រើ​សម្រាប់​បរិភោគនិង​ប្រើ​ក្នុង​តម្រូវការ​ចាំ​បាច់​ផ្សេង​ៗទៀត។

ក្រៅពី​ការ​បំពុល​មនុស្ស​ សំរាម​ក៏បាន​ក្លាយជា​ការ​បំពុលសត្វ​ទាំង​ក្នុងទឹក លើគោក បំពុល​បរិយាកាស និងធ្វើ​ឱ្យ​ខូចគុណភាព​ដី​ជាដើម។

សំរាម​អាច​បង្ក​ជា​ជំងឺ​ដូចជា អាសន្នរោគ​ស្លាប់​ភ្លាម ជំងឺសួត ផ្លូវដង្ហើម ឬជំងឺ​សើស្បែក​ជាដើម។ ផល​ប៉ះពាល់​ទាំងនេះ ទាំង​អ្នកចោលសំរាមនិងអ្នកគ្រប់គ្រង​សំរាម​សុទ្ធតែ​បានដឹង។

កិត្តិយស

​ក្នុង​ការរស់នៅ​ជាក់ស្តែង​ សំរាម​ក្រៅពី​ប៉ះពាល់​ដល់​សុខភាព វិស័យ​ទេសចរណ៍ វាក៏​បាន​ប៉ះពាល់​សំខាន់​ដែរ​ដល់​កិត្តិយស​។ តំបន់​ដែល​ចោលសំរាម​រាយប៉ាយ​ បង្ហាញថា ពលរដ្ឋ​នៅ​ទីនោះ​មិន​ថ្លៃថ្នូរ​ជាង​សំរាម​ទេ ព្រោះ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ ហើយក៏​បង្ហាញ​ពី​សមត្ថភាព​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ដែរ ដែល​មិន​អាច​រៀបចំ​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។

ការ​ចោលសំរាម​ក៏​បង្ហាញ​ពី​ភាព​អាត្មានិយម​នៅក្នុង​សង្គម​ដែរ​ គឺ​ដឹង​ថា សំរាមមានផល​ប៉ះពាល់​មិន​គិតរក​មធ្យោបាយ​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ បែរជា​យក​ទៅ​ចោល​លើ​ដី​អ្នកដទៃឬចោល​នៅ​ទីតាំង​សាធារណៈ​ទៅវិញ។

ស្ត្រី​ដែល​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ ស៊ីន​ទ្រី ប្រមូល​សំរាម​សម្អាត​រាជធានី ហើយ​ចូលរួម​តវ៉ា​នោះ លើកឡើង​ថា អ្វី​ដែល​ពួក​គាត់​កំពុង​ទាមទារ​នេះ គ្រាន់តែ​ទាមទារ​ផលប្រយោជន៍​ដែល​មានកំណត់​ក្នុង​ច្បាប់និង​កិច្ចសន្យា មិនបាន​លោភលន់​នោះ​ទេ។

ស្ត្រីជា​កម្មការិនី៖ «ខ្ញុំ​ចង់ឱ្យ​តែ​ពួក​គាត់​ទូរ​ទាត់​លុយ​ដំណាច់ឆ្នាំ​ឱ្យ​ពួក​ខ្ញុំ លុយ​ថ្លៃ​បាយ លុយ​ធ្វើដំណើរ អត់មាន​ចង់បាន​ទៅ​លោភលន់​អី​ទេ តែ​ប៉ុណ្ណឹង​ទៅ​! ក្រុម[បុគ្គលិក]​ស៊ីន​ទ្រី​ហ្នឹង ម្នា​ក់ៗ​មិនមែន​ចង់​បាតុកម្ម​ឬចង់​បះបោរ​ទេ ចង់ឱ្យ​ចៅហ្វាយក្រុង​ហ្នឹង​ជួយ​ដោះស្រាយ​កូនចៅ​ឱ្យ​បានសម្រេច​ឱ្យ​ពួក​ខ្ញុំ​ទៅ គ្មាន​ចង់បាន​អី​ទេ។» 

ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ឱ្យ​បាន​ប្រសើរ​ឡើង ​ត្រូវ​បង្កើន​ការអប់រំ​ឱ្យ​សាធារណជន​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង អាជ្ញាធរ​ឬក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រងនិង​កែច្នៃ​សំរាម។ ចំពោះ​កម្មករ​ប្រមូល​សំរាម ​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ផ្តល់​អត្ថ​ប្រយោជន៍​ការងារ​ដល់​ពួក​គាត់​ ដូច​ការងារ​ក្នុង​វិ​ស័យ​ផ្សេង​ៗដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ