ចំនួន​​មនុស្ស​​ស្លាប់​​ដោយ​សារ​​ទឹក​ជំនន់​​នៅ​​បន្ទាយ​មាន​ជ័យ​​ឡើង​​ដល់​១៨​នាក់​

ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ស្រុក​អូរជ្រៅ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ចំ​ណុច​វត្ដ​ចាស់ ស្ថិត​ក្នុង​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត ប/ជ ដើម្បី​មក​ទីទួល​សុវត្ថិភាព។ (​ហ្វេសប៊ុក៖ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​)

​តួលេខ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឱ្យដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​មួយ​នេះបាន​ឡើង​ដល់ទៅ១៨នាក់​ហើយ​គិត​ត្រឹម​ថ្ងៃនេះ ខណៈ​ពលរដ្ឋ​ដល់ទៅ​ជាង៤ ៥០០គ្រួសារ​ទៀត ត្រូវ​បាន​ជម្លៀស​ពី​ផ្ទះសម្បែង​ទៅកាន់​ទីទួល​សុវត្ថិភាព។

ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃនេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យបាន​រាយការណ៍​ថា ទឹកជំនន់​បាន​ជន់​លិច​ក្រុង​-ស្រុក​ទាំង៩របស់​ខេត្ត​នេះ ឬស្មើនឹង៦០ឃុំ​-សង្កាត់ ដោយ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត៣ម៉ឺន​គ្រួសារ ឬស្មើនឹង​ជាង១១ម៉ឺន៦ពាន់​នាក់។

អាជ្ញាធរ​ខេត្ត​នេះ​និយាយ​ថា មនុស្ស​ដល់ទៅ១៨នាក់​ហើយបាន​ស្លាប់​ទាក់ទង​នឹង​ទឹកជំនន់​ចាប់ពី​ដើមខែ​តុលា​មក ក្នុង​នោះ​មាន​កុមារ៣នាក់​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ៤ ៥៦៧គ្រួសារ​ទៀត ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព។

ទន្ទឹមគ្នា​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​និយាយ​ថា ស្រូវ​ស្រែ​ទំហំ​ជាង៦ម៉ឺន៤ពាន់​ហិ​កតា ដំឡូងមី​ជាង១ម៉ឺន​ហិ​កតា និង​ដំណាំរួមផ្សំ​ជិត១ពាន់​ហិ​កតា​ទៀត ត្រូវ​បាន​ទឹកជន់​លិចលង់​ផង​ដែរ ខណៈ​សាលារៀន១៨៦កន្លែងត្រូវ​ទឹកជន់​លិច បណ្ដាលឱ្យការសិក្សា​រៀនសូត្រ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន។

ខេត្ត​បន្ទាយមានជ័យ​បាន​រងទឹក​ជន់​លិច​ទាំងស្រុង​ចាប់ពី​ថ្ងៃម្សិលមិញ​នេះ ក្រោយពី​ទំនប់​អាងស្តុកទឹក​អូរ​ខៃដន ស្ថិតនៅ​សង្កាត់​និម្មិត ក្នុង​ក្រុង​ប៉ោយប៉ែត បាក់​កាលពី​ព្រឹកព្រលឹម​ថ្ងៃម្សិលមិញ​នេះ បន្ទាប់ពី​ទទួល​ទឹក​យ៉ាងច្រើន​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ។

ជាមួយគ្នា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះទៅ​ជួបនិង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​នៅ​ថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ