វិភាគ​៖ យុវជន​​ថៃ​​មិន​​ទុក​​ការងារ​​ជាតិ​​ឱ្យ​​មនុស្ស​ម្នាក់​​សម្រេច​​ផ្តាច់​​មុខ​​ទេ​

ក្រុមយុវជនឈរលើកម្រាមដៃបី នៅពីមុខប៉ុស្តិ៍ប៉ូលិសមួយនៅតំបន់ Khon Kaen ប្រទេសថៃ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ศูนย์ทนายความเพื่อสิทธิมนุษยชน)

​យុវជន​ថៃ​មិនព្រម​ប្រគល់​ការងារ​ដឹកនាំ​ប្រទេស​ឬប្រគល់​វាសនា​របស់​ប្រទេសជាតិ ឱ្យទៅ​បុគ្គល​ណា​ម្នាក់​ជា​អ្នក​សម្រេច​ផ្តាច់​មុខតែ​ម្នាក់ឯង​នោះ​ទេ ​មិនថា​ជានា​យក​រដ្ឋមន្ត្រីឬជា​ព្រះមហាក្សត្រ​ក៏ដោយ។

សកម្មភាព​នៃ​ការ​តវ៉ា​ចាប់ផ្តើម​តាំងពី​ខែមករា​ដើមឆ្នាំ២០២០ ប៉ុន្តែ​ត្រូវបាន​ផ្អាក​ ដោយសារតែ​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ ហើយ​សកម្មភាព​នៃ​ការ​តវ៉ា​បាន​ផ្ទុះឡើង​វិញ​ក្រោយពេល​ដែលបាត់ខ្លួន​សកម្មជន​តស៊ូ​មតិ​ម្នាក់​ លោក Wanchalearm Satsaksit កាលពី​ថ្ងៃទី៤ ខែកក្កដា

គោលបំណង​នៃ​ការ​តវ៉ា​របស់​ក្រុម​យុវជន​ដែ​លប្រឈម​ទាំង​ការ​បាញ់សម្លាប់ ការ​ចាប់ខ្លួន ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ និងអាកាសធាតុ​ត្រជាក់​ក្រោម​ភ្លៀងរលឹម​ក្នុង​រដូវវស្សា​នេះ គឺ​ពួក​គេ​បញ្ជាក់​ថា ចង់ឱ្យ​មាន​សេរីភាព​ពាសពេញ​ប្រទេសនិង​មានការ​អភិវឌ្ឍ​រីកចម្រើន។

បើ​និយាយ​ពី​ការអភិវឌ្ឍ គឺ​ថៃ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លេចធ្លោ​នៅក្នុង​តំបន់​មួយ​ដែរ ដែល​ពលរដ្ឋ​ប្រទេសជិតខាង​ រួមមាន​ទាំង​ពលរដ្ឋខ្មែរ​ប្រមាណ២លាន​នាក់ និង​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាង២លាន​នាក់​ ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ។ ក្រៅពី​ពលរដ្ឋ​កម្ពុជានិង​ពលរដ្ឋ​មីយ៉ាន់ម៉ា ពលរដ្ឋ​មក​ពី​ប្រទេស​ផ្សេង​ៗទៀត ​ក៏បាន​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដែរ រួម​ទាំង​វៀតណាម ឡាវ​ ជាដើម។ 

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ រដ្ឋាភិបាល​ថៃ​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ម្ចាស់​កសិដ្ឋាន ​ឬសហគ្រាស ឱ្យ​បញ្ឈប់​ការ​ទទួលយក​ពលករ​បរទេស​មកធ្វើការងារ។

ដោយ​ឥទ្ធិពល​​សេដ្ឋកិច្ច​ ពលរដ្ឋ​ប្រទេស​ជិត​ខាងនៅ​បន្ត​លួច​ឆ្លងដែន​ទៅ​ធ្វើការងារ​នៅក្នុង​ប្រទេស​ថៃដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត​នោះ អាជ្ញាធរ​នៃ​ប្រទេស​នេះ បាន​ធ្វើ​រ​បង​បន្លា​លួស​តាម​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន។

ចំណែក​ពលរដ្ឋ​ថៃ ​មិន​មាន​របាយការណ៍​ថា ទៅ​ស្វែងរក​ការងារ​ឬលក់​ពលកម្ម​ឱ្យ​ប្រទេស​ផ្សេង​ៗរាប់​លាន​នាក់ដើម្បី​ចិញ្ចឹមជីវិត​នោះ​ទេ។

នេះ​បង្ហាញថា ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​លេចធ្លោ​នៅក្នុង​តំបន់​ អាចប​ង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​ហើយ និងមានការ​ងារ​សម្រាប់​ពលរដ្ឋ​ប្រទេស​ផ្សេង​ៗទៀត។

ប៉ុន្តែ​ទំហំ​នៃ​សេដ្ឋកិច្ច​នេះ មិនបាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ ពិសេស​ក្រុម​យុវជន​ថៃ​ស្កប់ស្កល់​នោះ​ទេ ដោយ​ពួក​គេ​បាន​លើកឡើង​ពីអ​ត្រា​កំណើន​សេដ្ឋកិច្ច​យឺត ហើយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ២០២០នេះ ប្រមាណ៥០០ ០០០នាក់ មិន​មានការ​ងារ​ធ្វើ​គ្រប់គ្រាន់​ទៅតាម​ជំនាញ​របស់​ពួក​គេ។ 

ករណី​សេដ្ឋកិច្ចនិងការងារ​សម្រាប់​យុវជន​នេះ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ចោទ​ថា លោក ប្រា​យុទ្ធ​ មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​រួម​ទាំង​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩ និងមិន​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន។

ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​សិទ្ធិ​សេរីភាព​ខាង​កិច្ចការ​ងារ​នយោបាយ ក្រុម​យុវជន​ចោទ​ថា លោក ​ប្រា​យុទ្ធ ​ឡើង​តំណែង​ដោយ​បំពាន​ ដោយការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី យីង ឡាក់ ​កាលពី​ឆ្នាំ២០១៤ ហើយ​ឡើង​កាន់​តំណែង​ដោយខ្លួនឯង និង​ការ​ជាប់ឆ្នោត​កាលពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ២០១៩។ នេះ​ជា​មូលហេតុ​ដែល​ក្រុម​យុវជន​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ​ ចាន់អូ​ចា ចុះចេញ​ពី​តំណែង​ ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ។

ចំពោះ​ព្រះមហាក្សត្រ ​គឺ​ក្រុម​យុវជន​លើកឡើង​ថា ស្ថាប័ន​ព្រះមហាក្សត្រ​ចំណាយ​លុយ​ជាតិ​ច្រើន​ដែលគួរ​ត្រូវ​កាត់បន្ថយ ព្រះមហាក្សត្រ​ជ្រៀតជ្រែក​ចូល​កិច្ចការ​នយោបាយ ​ធ្វើ​ឱ្យ​ការប្រកួត​ប្រជែង​មិន​ត្រឹមត្រូវ ការ​ជ្រើសរើស​មេដឹកនាំ​មិន​មាន​សមត្ថភាព មិន​ឆ្លុះបញ្ចាំង​ពី​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។ 

ចំណុច​មួយទៀត​ទាក់ទង​ជាមួយ​ព្រះមហាក្សត្រ​ដែរ​នោះ ​គឺ​ក្រុម​យុវជន​ក៏បាន​ស្នើ​ឱ្យ​កាត់បន្ថយ​អំណាច​ ដោយសារតែព្រះអង្គ​មាន​ឥទ្ធិពល​ខ្លាំង​ គ្រាន់តែ​ពលរដ្ឋ​រិះគន់​ធម្មតា ​ក៏​ត្រូវ​ជាប់ពន្ធ​នា​គារ​ដល់១៥ឆ្នាំ​ដែរ។

ករណី​ដែល​អ្នកនយោបាយ​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​ពលរដ្ឋ​មិន​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ​រង​ការ​បង្ក្រាប​និង​សម្លាប់​ម្តង​ហើយម្តង​ទៀត​នោះ ក្រុម​យុវជន​ថៃ​ចាត់ទុកថា នោះ​គឺជា​គ្រោះកាច​ដែល​ពួក​គេ​មិន​ចង់ឱ្យ​កើតមាន​ទៀត​នោះ​ទេ ទាំង​បច្ចុប្បន្ននិង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ចំពោះ​ការសម្រេច​លើ​ជោគវាសនា​របស់​ប្រទេសជាតិឬគ្រប់គ្រង​ប្រទេសជាតិ អ្នក​តវ៉ា​លើកឡើង​ថា ជាតិ​ជា​របស់​ទាំងអស់គ្នា មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ព្រះមហាក្សត្រ​តែមួយ​អង្គ​ឯង​នោះ​ទេ។

កាលពី​ខែកញ្ញា ​ឆ្នាំ២០២០ ក្រុម​យុវជន​ដែល​តវ៉ា បាន​យក​ស្លាក​ដែល​ធ្វើ​ពី​ដែក បិទភ្ជាប់​ដោយ​ស៊ីម៉ង់ បិទ​នៅ​ទីធ្លា​នៅមុខ​ព្រះបរមរាជវាំង ក្នុង​ន័យ​ថា ​«ប្រទេស​នេះ​ជាកម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា»

ទោះ​យ៉ាងណា ​ស្លាក​ដែល​ក្រុម​យុវជន​រៀបចំឡើង ហើយ​យក​ទៅ​បិទភ្ជាប់​នៅ​ទីធ្លា​មុខព្រះបរមរាជ​វាំង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​គាស់​យកចេញ​វិញភ្លាម​ៗ មុន២៤ម៉ោង។

ក្រុម​យុវជន​ថៃ​ដែល​មិន​ប្រគល់​ការងារ​ដឹកនាំ​ប្រទេស​ទៅ​ឱ្យ​បុគ្គល​ណាមួយ​ផ្តាច់​មុខ​នោះ​ គឺ​ពួក​គេ​ជា​អ្នក​ដែល​តាមដាន​កិច្ចការ​ដឹកនាំ​ប្រទេស ​រួម​ទាំង​ខ្លឹមសារ​ច្បាប់ សកម្មភាព​របស់​ថ្នាក់ដឹកនាំ សមត្ថ​ភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ក្រៅពី​កិច្ចការ​ងារ​ជាតិ កិច្ចការ​ងារ​អន្តរជាតិ​ក៏​ពួក​គេ​ភាគច្រើន​បានដឹង​ដែរ។

ក្រុម​យុវជន​ដែល​ចូលរួម​តវ៉ា​ ក៏​ពួក​គេ​ធ្លាប់​លើកឡើង​ថា ពួក​គេ​មិន​សប្បាយចិត្ត​ទេពេល​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ថៃ​យឺត ហើយ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​ហាក់​កំពុង​ស្ទុះឡើង​លឿន។ 

ចំពោះ​ច្បាប់​ជាតិ ក្រុម​អ្នក​តវ៉ា​បាន​សិក្សា​ស្វែងយល់​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​ដែល​បង្កើត​ឡើង​ដោយ​លោក ​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នៅ​ឆ្នាំ២០១៧ ពេល​ដែល​លោក​ដឹកនាំ​ក្នុង​រូបភាព​របប​យោធា​ក្រោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ២០១៤។

ក្រុម​យុវជន​រក​ឃើញថា រដ្ឋធម្មនុញ្ញ​ដែល​លោក​ ប្រា​យុទ្ធ បង្កើត​ឡើង​ មាន​ចំនួន១៦ជំពូក​នោះ គឺ​បាន​ផ្តល់​សិទ្ធិ​អំណាច​ខ្លាំង​លើសលុបទៅដល់​ព្រះមហាក្សត្រនិង​ក្រុម​យោធា។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញថា ត្រឹម​ឆ្នាំ២០២០ ប្រជាជន​ថៃ​មាន​ចំនួន​ជិត៧០លាន​នាក់ ដែល​មាន​អាយុ​ជាមធ្យម៤០ឆ្នាំ។

ចំណែក​ក្រុម​សិស្សនិង​និស្សិត​អាយុចន្លោះ​ពី១៥ទៅ៣៥ឆ្នាំ​ ដែលប្រមូល​ផ្តុំ​តវ៉ា​នៅ​ទីក្រុង​បាងកក បី​ខែ​ចុងក្រោយ​នេះ មាន​អ្នកចូលរួម​រហូតដល់​ប្រមាណ១០ម៉ឺន​នាក់។ ក្រុម​យុវជន​បញ្ជាក់​ថា បើ​សំណើ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ ​ការ​តវ៉ា​នៅតែ​បន្ត ហើយ​អ្នកចូលរួម​នឹង​ច្រើនជាង​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ